ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ត្បាញកន្ទេល​ក្រហម​កំពុង​បាត់បង់​បណ្តើរ​ៗ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខរបរ​ត្បាញកន្ទេល​ក្រហម​ពី​ដូនតា​មក ​ដែល​ល្បី​ជាងគេ​មាននៅ​ខេត្តកណ្តាល ។ ប្រជា​ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​តា​គង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ភូមិ​ចុង​ព្រែកឃុំ​រកា​កោង ស្រុក​មុខ​កំពូល…

រាជធានី​ភ្នំពេញ ៖ មុខរបរ​ត្បាញកន្ទេល​ក្រហម​ពី​ដូនតា​មក ​ដែល​ល្បី​ជាងគេ​មាននៅ​ខេត្តកណ្តាល ។ ប្រជា​ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​តា​គង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ភូមិ​ចុង​ព្រែកឃុំ​រកា​កោង ស្រុក​មុខ​កំពូល ខេត្តកណ្តាល និង​ស្រុក​កងមាស ខេត្តកំពង់ចាម ដែល​ពី​ដើម​ឡើយ​នាំ​គ្នា​ត្បាញកន្ទេល​ក្រហម​លក់​ចែកចាយ​តាម​បណ្តា​ខេត្ត​នានា​និង​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ ពេល​នេះ​គេ​មើលឃើញ​នៅ​សល់​តិចតួច​ដែល​នៅ​បន្ត​ត្បាញកន្ទេល​ក្រហម​ហើយ​ភាព​ច្រើន​ជា​មនុស្ស​ចំណាស់​ប៉ុណ្ណោះ ។

បាន​ជួប​កោះសន្តិភាព​ក្នុង​ឱកាស​សំណេះសំណាល​មួយ អ្នកស្រី​ម្នាក់​ក្នុង​វ័យ​ជាង​៦០​ឆ្នាំ រស់នៅ​ភូមិ​ចុង​ព្រែក ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល កំពុង​រៀបចំ​ទុកដាក់​កក់​ដែល​ជ្រលក់​ថ្នាំ​រួច​នៅ​ក្រោមផ្ទះ នា​ល្ងាច​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៩​កន្លង​មកនេះ និង​ជា​អ្នកជំនាញ​ខាង​ត្បាញកន្ទេល​បាន​និយាយ​ឱ្យ​ដឹង​ថា អ្នកស្រី​បាន​ចាប់​យកមុខ​របរ​តម្បាញ​កន្ទេលក្រហម​នេះ​តាំងពី​អាយុ​១២​ឆ្នាំ​មក​ម្ល៉េះ គឺ​រៀន​ចេះ​ត​ៗ​គ្នា​បន្តវេន​ជំនាញ​ពី​ម៉ែឪ​និង​ដូនតាមក ។

គាត់​ថា បច្ចុប្បន្ន​កូនចៅ​គាត់​ក៏​បាន​រៀន​ចេះ​ត្បាញកន្ទេល​ត​ៗ​គ្នា​ពី​គាត់ ដូច​ជា​អ្នក​ក្នុងភូមិ​ដ៏​ទៃ​ផ្សេង​ទៀត​ដែរ អ្នក​ស្រី​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា មុខរបរ​ត្បាញកន្ទេល​មាន​រយៈពេល​ពី​៣​ខែ​ទៅ​៤​ខែ នៅ​ក្នុង​រដូវវស្សា​ក្រោយ​​ពេលទំនេរ​ពី​ធ្វើស្រែ​ចម្ការ​រួច​មក ។ ចំពោះ​ដើម​កក់ និង​ដើម​ក្រចៅ​ដែល​ជា​វត្ថុធាតុដើម​សម្រាប់​ត្បាញកន្ទេល ត្រូវ​ដាំ​ដោយ​ខ្លួនឯង​ទៅ​តាម​សមត្ថភាព​និង​ទំហំ​ដី​នៃ​ក្រុម​គ្រួសារ​ដែល​មាន​និង​អាច​ត្បាញ​កន្ទេល​បាន មាន​រយៈពេល​ពី​១​ខែ​ទៅ​១​ខែ​កន្លះ​ទើប​ទទួលផល ។

ចំណែក​ទឹក​ថ្នាំ​សម្រាប់​ជ្រលក់​ពណ៌​កន្ទេល​ត្រូវ​ទិញ​យក​មក​ពី​ទីផ្សារ​ដេ​ី​ម្បី​ជ្រលក់ និង​សម្រាប់​លាយ​ពណ៌ ។ ឯការ​ត្បាញកន្ទេល​និ​មួយ​ៗ​ត្រូវ​ប្រើ​កម្លាំង​២​នាក់ បើ​ក្នុង​១​ថ្ងៃ ប្រឹងប្រែង​ព្យាយាម​អាច​ត្បាញ​បាន​កន្ទេល​តែ​១​ប៉ុណ្ណោះ ។ ចំណែក​ផលិតផល​សម្រេច​អាច​លក់​ចេញ​បោះ​ទៅ​ឱ្យ​ម៉ួ​យ​ដែល​មក​ចាំ​ទទួល​ទិញ​ដល់​ផ្ទះ​មិន​ដែល​នៅ​សល់​ទេ ដែល​មាន​តម្លៃ​ពី​៤​ម៉ឺន​រៀល​ទៅ​១២​ម៉ឺន​រៀល ទៅ​តាម​ទំ​ហ៊ុំ​កន្ទេល តូច​ឬ​ធំ ។

គាត់​រៀប​រាប់​ថា ក្នុង​មួយ​រដូវ​ៗ អាច​រក​ប្រាក់​ចំណូល​បាន​ពី​៣​លាន​ទៅ​៤​លាន​រៀល ទៅ​តាម​កម្លាំង​ពល​កម្ម​នៅ​ក្នុង​ក្រុម​គ្រួសារ​និ​មួយ​ៗ ។ គាត់​ថា ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ​មុខរបរ​ត្បាញកន្ទេល​ក្រហម​បាត់បង់​ជា​បណ្តើ​ៗ​ហើយដោយ​សារ​តែ​យុវជន យុវនារី​ពួក​គេ​ធំ​ពេញវ័យ​បាន​នាំ​គ្នា​ទៅ​ធ្វើការ​រោងចក្រ​នៅ​ឯ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ព្រោះ​ស្រណុក​ជាង រហ័ស​បាន​លុយ​ចាយ ។

អ្នកស្រី សុខ នាង ស្ថិត​ក្នុង​អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម ដែល​កំពុង​តែ​ត្បាញកន្ទេល​ក្រហម​បាន​រៀបរាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ឃុំ​កង​តា​ណឹ​ង​មិនសូវ​មាន​អ្នក​ត្បាញ​កន្ទេល​​ក្រហម​ដូច​ពី​មុន​ទេ ក្រោយ​មាន​រោងចក្រ យុវជន យុវនារី​គេ​នាំ​គ្នា​ទៅ​ធ្វើការ​រោងចក្រ​ស្ទើរ​អស់ពី​ភូមិ​ទៅ​ហើយ នៅឡើយ​សល់​តែ​ចាស់​ៗ​នាំ​គ្នា​ត្បាញកន្ទេល​លក់​សម្រាប់​ទុក​ប្រើប្រាស់​ក្នុងផ្ទះ​ខ្លះ លក់​ខ្លះទៅ​ក្រៅ គឺជា​ប្រពៃណី​របស់​គ្រួសារ​មួយ​ចំនួន​ដែល​រស់នៅ​ក្នុងភូមិ​ទី​៤ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្ត​កំពង់ចាម ។ ទោះជា​យ៉ាងណា​នៅ​ពេល​បច្ចុប្បន្ន​នេះ​មានគ្រួសារ​តិចតួច​ប៉ុណ្ណោះ ដែល​នៅ​បន្ត​រក្សា​កេរ​ដូនតា​មួយ​នេះ ហើយ​ជំនួស​មក​វិញ​ដោយ​ការ​ទិញ​កន្ទេល​ស្រាប់ ។

អ្នកស្រី​រូប​នេះ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​កង​តា​ណឹ​ង​ភាគច្រើន​ដាំ​កក់​ដោយ​ខ្លួនឯង​មិន​ទិញ​ពី​ក្រៅ​ទេ ។ ការ​ដាំ​កក់​មិន​ខុស​ពី​ធ្វើស្រែ​ប៉ុន្មាន​ឡើយ ទម្រាំ​បាន​កន្ទេល​មួយ​យើង​ត្រូវ​សន្សំ​គ្រាប់​កក់ មក​សាប​(​ដាំ​) ដុះ​ហើយ​យក​មក​ផ្សាំ បែក​កូន​ហើយ​យក​មក​ស្ទូង ស្ទូង​ហើយ​ពេល​ដុះ​វែង​កាប់​យក​ដើម កាប់​បាន​ដើម​យក​មក​ដល់​សក​ហើយ​ចង​បាច់ យក​ទៅ​ជ្រុំ ចាប់​តាម​ខ្នាត ។ ចាប់​រួច​ហើយ​យក​មក​កូត​យក​សម្បក​ចេញ ហើយ​យក​មក​ហាល​ឲ្យ​ស្ងួត ។ លុះ​ស្ងួត​ហើយ​បាន​ចង​បាច់​តាម​ខ្នាត​ឲ្យ​អ្នក​ត្បាញ ។ នេះ​ជា​មុខរបរ​អ្នក​ផលិត​កក់ មិនសូវ​ស្រួល​ទេ ហាល​ក្តៅ​រហូត​ដល់​ចប់ ។

គាត់​រៀបរាប់​ថា ត្បាញកន្ទេល​មួយ​ឱ្យ​បាន​សម្រេច ត្រូវ​ប្រើ​សរសៃ​កក់​រាប់រយ រាប់​ពាន់​ត្បាញ​ចូល​គ្នា និង​ត្រូវ​ប្រើ​ភាព​អំណត់​អត់ធន់​ខ្លាំង ។ អ្នកស្រី សុខ នាង បាន​បន្ថែម​ទៀត​ថា ដរាបណា​អ្នកស្រី​នៅ​មាន​កម្លាំង​អ្នកស្រី នៅ​តែ​បន្ត​ធ្វើ​កន្ទេលកក់​នេះ​តទៅ​មុខ​ទៀត បើ​ទោះបីជា​អ្នក​ភូមិ​របស់​អ្នកស្រី​ដែល​ធ្លាប់​ត្បាញ​កន្ទេល​កក់​បាន​បោះបង់​មុខរបរ​នេះ​ចោល​ស្ទើរតែ​ទាំងអស់​ក៏​ដោយ ។

ដោយឡែក ​អ្នកស្រី ប៉ាន់ លឹ​ម​ហួ​ន អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល​បាន​និយាយ​ថា អ្នកស្រី​និង​ប្តី​បាន​ចាប់​យកមុខ​របរ​ត្បាញ​កន្ទេលកក់​អស់​រយៈ​ជិត​៤០​ឆ្នាំ​មក​ហើយ គឺ​តតាំង​ពី​ឪពុក​ម្តាយ​របស់​គាត់​កាល​នៅ​រស់ ។ គាត់​ថា ដើម​ឡើយ​នៅ​ភូមិ​នេះ​ត្បាញកន្ទេល​ស្ទើរ​គ្រប់​ផ្ទះ ក៏​ប៉ុន្តែ​ដោយសារ​ពិបាក​ទិញ​កក់​និង​ក្រចៅ​និង​មិនសូវ​ចំណេញ​ផង​នោះ អ្នក​ភូមិ​ព្រែក​តា​មា​ក់​ងាក​ទៅ​ប្រកប​មុខរបរ​ផ្សេង​ៗ ហើយ​យុវជន យុវនារី​នាំ​គ្នា​ទៅ​ធ្វើការ​រោងចក្រ ។ រីឯ​ចាស់​ៗ​ចេះ​តែ​បន្ត​នាំ​គ្នា​ត្បាញកន្ទេល​កក់​ត​កេរ​ជា​ជាង​នៅផ្ទះ​ទំនេរ​អត់​ប្រយោជន៍ ពីព្រោះ​ពេល​ខ្លះ​រក​ចំណូល​អា​ចប​ង្ក្រ​ប់​ការ​ខ្វះខាត​ជីវភាព​ផង​ដែរ ។

គាត់​រៀបរាប់​ថា កាល​ដើម​ឡើយ​នៅ​ក្នុងភូមិ​ព្រែក​តា​មា​ក់​នេះ​សំបូរ​អ្នក​ប្រកប​មុខរបរ​ត្បាញកន្ទេល​ក្រហម​តាម​ផ្ទះ​មិន​ក្រោម​ពី​២០០​គ្រួសារ​នោះ​ទេ ។ តែ​ពេល​នេះ​ពួក​គេ​បាន​បោះបង់​ចោល​ជា​បណ្តើ​ៗ​ហើយ​គឺ​ទី​មួយ​ដោយសារ​វត្ថុធាតុដើម​ដូច​ជាដើម​កក់ ដើម​ក្រចៅ​ឡើងថ្លៃ​ពេក ហើយ​តម្លៃ​កន្ទេល​លក់​បាន​ថោក ។ ឃុំ​នេះ​មិន​អាច​ដាំ​កក់​បាន​ទេ ហើយ​តម្រូវ​ទិញ​កក់​ពី​បណ្តា​ស្រុក​នានា​យក​មក​ត្បាញ ។

អ្នកស្រី​រូប​នេះ​បាន​បញ្ជាក់​ថា ក្នុង​មួយ​កី​ត្បាញ​បាន​កន្ទេល​ទំហំ​ទទឹង​១​ម៉ែត្រ​២​តឹក​និង​បណ្តោយ​១​ម៉ែត្រ​៤​តឹក ចំនួន​ពីរ និង​អាច​លក់​ឲ្យ​ម៉ូយ កន្ទេល​មួយ​ពី​៤​មុ​ឺ​ន​ទៅ​៥​មុ​ឺ​ន​រៀល គឺ​គេ​មក​ទិញ​ដល់​ផ្ទះ​តែ​ម្តង ។ ក្នុង​មួយ​ខែ​គាត់​អាច​ត្បាញកន្ទេល​បាន​ពី​៥០​ទៅ​៦០​កន្ទេល​ម៉ូយ​គេ​ទិញ​យក​ទៅ​លក់​នៅ​ថៃ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​ភូមិ​ព្រែក​តា​គង់ ឃុំ​ព្រែក​តា​មា​ក់​នេះ​នាំ​គ្នា​ឈប់​ត្បាញ​កន្ទេលកក់​ហើយ ពីព្រោះ​កន្ទេលកក់​វា​ពិបាក​នឹង​ស្វែងរក​កក់​យក​មក​ត្បាញ​ធ្វើ​កន្ទេល ។ ម្យ៉ាងវិញទៀត យុវជន យុវនារី​គេ​នាំ​គ្នា​ទៅ​ធ្វើការ​រោងចក្រ​អស់ហើយ​ឲ្យ​ពួក​គេ​មក​អង្គុយ​ត្បាញ​ពួក​គេ​មិន​អាច​ធ្វើ​បាន​ឡើយ នៅ​សល់​ចាស់​ៗ​ចេះ​តែ​នាំ​គ្នា​បន្ត​ត្បាញ​ទៅ​កុំឱ្យ​បាត់បង់​មុខរបរ​មួយ​នេះ​ដែល​បន្សល់​ទុក​ពី​ដូនតា​មក ។ ហើយ​ចំនួន​អ្នក​ត្បាញកន្ទេល​ក្រហម​នេះ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់ ។

អ្នក​ភូមិ​ថា​កត្តា​ដែល​នាំ​ឲ្យ​បាត់បង់​ចំនួន​អ្នក​ត្បាញកន្ទេល​ដោយសារ​ទីផ្សារ​កន្ទេលក្រហម​មាន​តម្លៃ​ទាប ។ អ្នក​ភូមិ​ខាងលើ ដែល​មានមុខរ​បរជា​អ្នក​ត្បាញកន្ទេល​ក្រហម សូម​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ សូម​ជួយ​គាំទ្រ​ទិញ​ផលិតផល​កន្ទេលក្រហម​ខ្មែរ​របស់​ពួក​គាត់​ផង ម្យ៉ាង​ដើម្បី​ជួយ​រក្សា​ស្នាដៃ​និង​មរតក​តាំងពី​ដូនតា និង​ម្យ៉ាងទៀត​ក៏​ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ឱ្យ​មានការ​ងារ​ធ្វើ​និង​មាន​ជីវភាព​ធូរធា​មួយ​កម្រិត​ថែម​ទៀត ។ កន្ទេលក្រហម​របស់​ខ្មែរ​ជា​កន្ទេល​ដែល​ទទួលទានដំណេក​ទៅ​មាន​ភាព​ត្រជាក់​ខ្នង​មិន​ក្តៅ​ដូច​កន្ទេលនីឡុង​ទេ និង​មាន​ពណ៌​ស្រស់ស្អាត ៕​

អត្ថបទសរសេរ ដោយ