ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ និង​កូនស្រី​ព្រួត​គ្នា​ផ្តាច់ជីវិត​បុរស​ម្នាក់​ត្រូវ​តុលាការ​សម្រេច​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ បាន​ប្រកា​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ឃាតកម្ម​មួយ​ដែល​ជនជាប់ចោទ​ជា​ឃាតករ​២​នាក់​ម្តាយ និង​កូនស្រី​ព្រួត​គ្នា​វាយ​កាប់​ចាក់​ផ្តាច់ជីវិត​បុរស​ម្នាក់​ត្រូវជា​ប្តី ឬ​កូនប្រសា ។…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ បាន​ប្រកា​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ឃាតកម្ម​មួយ​ដែល​ជនជាប់ចោទ​ជា​ឃាតករ​២​នាក់​ម្តាយ និង​កូនស្រី​ព្រួត​គ្នា​វាយ​កាប់​ចាក់​ផ្តាច់ជីវិត​បុរស​ម្នាក់​ត្រូវជា​ប្តី ឬ​កូនប្រសា ។ សាលក្រម​បាន​ប្រកាស​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ គង់ ធីតា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ (​ត្រូវជា​ម្តាយ​) ដាក់​ពន្ធនាគារ​កំណត់​១១​ឆ្នាំ និង​ឈ្មោះ អូយ សុ​ម៉ា​រី ភេទ​ស្រី អាយុ​២០​ឆ្នាំ (​ត្រូវជា​កូន​) ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ ពី​បទ​ឃាតកម្ម តាម​បញ្ញា​តិ​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ នឹង​ពិន័យ​ជា​ប្រាក់​ចំនួន​២០០​លាន​រៀល ។ សាលក្រម​បាន​បើកផ្លូវ​ទុក​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

គួរ​បញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៩ បាន​លើកយក​សំណុំរឿង​ឃាតកម្ម ម្ដាយ និង​កូនស្រី​ព្រួត​គ្នា​វាយ​កាប់​ចាក់​ផ្តាច់ជីវិត​កូនប្រសា​ប្រុស ឬ​ប្ដី មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​លើ​ជនជាប់ចោទ តែ​សវនាការ​នោះ​ត្រូវ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ទៅ​ថ្ងៃ​ទី​២៣ ខែធ្នូ នេះ ។ ជនជាប់ចោទ​ម្នាក់​ឈ្មោះ គង់ ធីតា ភេទ​ស្រី អាយុ ៤៩​ឆ្នាំ (​ជា​ម្ដាយ​) និង​ម្នាក់​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី អាយុ​២០​ឆ្នាំ (​ជា​កូន​) ។ ជនជាប់ចោទ​ពីរ​នាក់​ម្តាយ និង​កូន ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ ។

ក្នុង​សវនាការ​ជនជាប់ចោទ​ម្តាយ និង​កូន បាន​ឆ្លើយ​សារភាព​ដូច​គ្នា​ថា ខ្លួន​ពិតជា​បាន​ព្រួត​គ្នា​វាយ នឹង​កាប់​ផ្តាច់ជីវិត​កូនប្រសា ឬ​ប្ដី ដូច​ការ​ចោទប្រកាន់​នោះ​មែន ប៉ុន្តែ​ការ​កាប់​ផ្តាច់ជីវិត​នោះ​គឺជា​ការ​ការពារ​ខ្លួន ព្រោះ​បើ​ពួក​ខ្លួន​មិន​ផ្តាច់ជីវិត​កូនប្រសារ ឬ​ប្តី ប្រាកដជា​ជន​រង​គ្រោះ​នឹង​ផ្តាច់ជីវិត​ពួក​ខ្លួន​ជាក់​ជា​មិន​ខាន ។

ជនជាប់ចោទ​បាន​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ កូនប្រសារ​ប្រុស​របស់​គាត់​កើត​មាន​ទំនាស់​ជាមួយ​ប្រពន្ធ ហើយ​មានការ​វាយតប់​គ្នា ពេល​នោះ​ប្ដី​បាន​ច្របាច់ក​ប្រពន្ធ​មិន​ព្រម​លែង​ទេ ធ្វើ​ឲ្យ​កូនស្រី​គាត់​ថប់ដង្ហើម​ត្រដ​ខ្យល់​ស្ទើរ​ផុតដង្ហើម ឃើញ​ដូច្នោះ​ហើយ​ទើប​គាត់​ស្ទុះ​ទៅ​ទាញ​យក​កាំបិត​មក​កាប់​កូនប្រសារ​២​កាំបិត បណ្តាល​ឲ្យ​រង​របួស​ហូរ​ឈាម​ទើប​កូនប្រសារ​លែង​កូនស្រី​គាត់​វិញ ។ បន្ទាប់​ពី​បាន​រួចខ្លួន​ហើយ​កូនស្រី​គាត់​បាន​ឆក់​យក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ប្ដី​ជា​ច្រើន​កាំបិត​បន្ថែម​ទៀត ធ្វើ​ឲ្យ​ជន​រង​គ្រោះ​តដៃ​លែង​កើត នឹង​បាន​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​តែ​ម្តង​ទៅ ។

ជនជាប់ចោទ​ពីរ​នាក់​ម្តាយ និង​កូន បាន​សារភាព​យ៉ាង​ក្បោះក្បាយ​តាម​ដំណើររឿង ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នោះ ទើប​តំណាង​អយ្យការ​បាន​ធ្វើការ​សន្និដ្ឋាន នៅ​តែ​រក្សា​ទុក​បទចោទប្រកាន់ និង​បាន​ស្នើ​សុំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​សម្រេច​តាម​គតិ​យុទ្ធ ។

គួរ​រំលឹក​ថា លោកស្រី ស៊ លី​ន​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល ពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ពីរ​នាក់​ម្តាយ និង​កូន ដែល​ព្រួត​គ្នា​ចាក់​ផ្តាច់ជីវិត​បុរស​ម្នាក់​ជា​កូនប្រសា ឬ​ជា​ប្ដី ដោយសារ​ជម្លោះ​ពាក្យ​សម្ដី​រឿង​ប្រាក់​១​ម៉ឺន​រៀល ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ ក្រមព្រហ្មទណ្ឌ ។ ដែល​បទចោទប្រកាន់​នេះ​ជនជាប់ចោទ​ប្រឈម​មុខ នឹង​ជាប់​ពន្ធនាគារ​ពី​១០ ទៅ​១៥​ឆ្នាំ បើ​តុលាការ​រក​ឃើញ​ថា ពួក​គេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នោះ​យ៉ាង​ប្រាកដ​មែន ។

អង្គហេតុ​ឃាតកម្ម​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ ស្ថិត​ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ ជនសង្ស័យ​ឈ្មោះ គង់ ធីតា ជា​ម្ដាយ និង​កូនស្រី​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​ចាក់​ផ្តាច់ជីវិត​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ គឹ​ម យ៉​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ។ ជន​រង​គ្រោះ និង​ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ ២០១៩ ហើយ​ជនសង្ស័យ​ជា​ប្រពន្ធ​បាន​បបួល​ជន​រង​គ្រោះ​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ តែ​ជន​រង​គ្រោះ​និយាយ​ថា ចាំ​ការ​បាន​២​ឆ្នាំ​សិន ។

នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​ទៅ​យក​ម្តាយ​របស់​ខ្លួន​ឈ្មោះ គង់ ធីតា ដែល​ស្នាក់​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌដូនពេញ មក​នៅ​ជាមួយ​ខ្លួន ដើម្បី​ជួយ​មើល​ប្តី​(​ជន​រង​គ្រោះ​)​ដែល​មាន​អាកា​រៈ​មិនសូវ​ស្រួល លុះ​ថ្ងៃ​ទី​២៤ ខែឧសភា ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​សុំ​លុយ​ប្តី​១​ម៉ឺន​រៀល តែ​ជន​រង​គ្រោះ​មិន​ឲ្យ ក៏​មាន​ជម្លោះ​វាយតប់​គ្នា​តែ​ម្តង​ទៅ ។ ជម្លោះ​នោះ​បាន​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​យកដៃ​ទៅ​ច្របាច់ក​ជនសង្ស័យ​(​ង៉ូ​យ សុ​ម៉ា​រី​) ហើយ​ជនសង្ស័យ ង៉ូ​យ សុ​ម៉ា​រី បាន​ស្រែក​ឲ្យ​ម្តាយ​ជួយ ទើប​ឈ្មោះ គង់ ធីតា ស្ទុះ​ទៅ​ទាញ​យក​កាំបិត​តាំង​បុ័ងតោ មក​កាប់​ជន​រង​គ្រោះជា​កូនប្រសារ​ចំ​កញ្ចឹងក និង​បាន​យក​ខ្សែភ្លើង ស្កុ​ត​ចង​រុំ​ដៃជើង រួច​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ជន​រង​គ្រោះ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ ជន​ដៃដល់​២​នាក់​ម្តាយ និង​កូន បាន​ចូល​សារភាព​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ ទើបត្រូវ​កម្លាំង​សមត្ថ កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ