ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា អ្នក​គួរតែ​ឈប់​ពី​ការងារ​ដែល​អ្នក​កំពុង​តែ​ធ្វើ ?

4 ឆ្នាំ មុន

លោក អ៊ី​ម​រេ​ន ឆូ​ឌ្រី (Imran Chaudhri) និង​អ្នកស្រី បេ​ថា​នី បង់​ជី​អរ​ណូ (Bethany Bongiorno)…

លោក អ៊ី​ម​រេ​ន ឆូ​ឌ្រី (Imran Chaudhri) និង​អ្នកស្រី បេ​ថា​នី បង់​ជី​អរ​ណូ (Bethany Bongiorno) ជា​គូស្នេហ៍​ដែល​ស្គាល់គ្នា​បន្ទាប់​ពី​ចូល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន Apple និង​បាន​សម្រេចចិត្ត​ចាក​ចេញពី​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ ២០១៦ ជាមួយ​គ្នា ។

បច្ចុប្បន្ន​នេះ ពួក​គេ​មាន​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួនឯង​ដែល​មានឈ្មោះ​ថា Humane ។ ប្រាកដ​ណាស់ ពួក​គេ​មាន​ថ្ងៃនេះ ​គឺ​មក​ពី​ការ​សម្រេចចិត្ត​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​ពួក​គេ​នោះ​គឺ​ការ​សម្រេចចិត្ត​ចាក​ចេញពី​ក្រុមហ៊ុន Apple ។ ដូច្នេះ​តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​សម្រេចចិត្ត​ដូចនេះ? ហើយ​សម្រាប់​អ្នក​ដែល​ពិចារណា​ចង់​ចាក​ចេញពី​ការងារ​ដែល​ខ្លួន​មាន អ្នក​ត្រូវ​ពិចារណា​លើ​ចំណុច​ណាខ្លះ​ដែរ?

១. ទទួលស្គាល់​ពី​អ្វី​ដែល​អ្នក​បាន​សម្រេច​រួច​មក​៖
អ្នកស្រី បង់​ជី​អរ​ណូ បាន​និយាយ​ថា មិន​មាន​នរណា​ម្នាក់​អាច​យក​អ្វី​ដែល​អ្នក​បាន​សម្រេច​ពី​មុន​មក​ទេ ។ ពេល​ខ្លះ​មនុស្ស​តែងតែ​ខ្លាច​ការ​ផ្លាស់​ប្តូរ​ធំ​ៗ​ព្រោះ​គិត​ថា​ការ​បរាជ័យ​អាច​នឹង​លុប​បំបាត់​រាល់​ការ​សម្រេច​ក្នុង​ជីវិត​កន្លង​មក ។ កត្តា​សំខាន់ គឺ​ការ​រក្សា​មនុស្ស​ដែល​បន្ត​រំឭក​ប្រាប់​អ្នក​ពី​តម្លៃ​ខ្លួន​របស់​អ្នកជា​និច្ច ។

២. ដឹង​ពី​ពេល​ដែល​អ្នក​មិន​អាច​ផ្លាស់​ប្តូរ​វប្បធម៌​នៅ​កន្លែង​ការងារ​នោះ​៖
អ្នកស្រី​បាន​បន្ត​ថា គោលដៅ​របស់​លោក​ស្ទី​វ ចប​ស៏ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Apple មាន​ភាព​ច្បាស់លាស់​ណាស់ នោះ​គឺ​ជួយ​ដល់​អតិថិជន​ទោះជា​វា​អាច​ប៉ះពាល់​ដល់​អាជីវកម្ម ឬ​ក្រុមហ៊ុន​ពិតមែន​ក្តី ។ ការ​ដឹកនាំ​របស់​លោក​បាន​ជំរុញ​ដល់​ការ​បង្កើត​ថ្មី ភាព​ច្នៃប្រឌិត និង​ការ​ជំរុញ​ទឹកចិត្ត​ក្នុង​ក្រុមហ៊ុន ។ ប៉ុន្តែ​ការ​ចាកចេញ​របស់​លោក​ចបស៍​ពី Apple បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​វប្បធម៌​ការងារ​របស់ Apple ជា​ពិសេស​បន្ទាប់​ពី​មរណភាព​របស់​លោក​។ លោក​ឆូ​ឌ្រី​បាន​បន្ថែម​ថា «​ពេល​ដែល​តម្លៃ​ក្រុមហ៊ុន​មានការ​ផ្លាស់​ប្តូរ អ្នក​ត្រូវ​សម្រេចចិត្ត​ថា​នៅ​ឬ​ចាកចេញ​» ។

៣. មាន​ផែនការ​ធំ​៖
លោក​ឆូ​ឌ្រី​បាន​ចែករំលែក​ដែរ​ថា អ្នក​ទាំង​ពីរ​បានដឹង​ច្បាស់​ទៅ​ហើយ​ថា​អនាគត​របស់​អ្នក​ទាំង​ពីរ​គឺ​មិន​នៅ​ជាមួយនឹង Apple ទេ ។ Apple គ្រាន់តែ​ជា​កន្លែង​ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​អភិវឌ្ឍន៍​ខ្លួន​ប៉ុណ្ណោះ ហើយ​អ្នក​ទាំង​ពីរ​មាន​ផែនការ​ធំ​ជាងគេ​នេះ​ទៀត​បន្ទាប់​ពី​ការងារ​នេះ ។ ហើយ​ការ​ដឹង​ពី​ជំហាន​បន្ទាប់​គឺ​ពិតជា​សំខាន់​ពេល​ដែល​អ្នកធ្វើការ​សម្រេចចិត្ត​ដើរ​ចេញពី​ស្ថាប័ន​ណាមួយ ។

អ្នក​មិនមែន​ជា​កត្តា​តែ​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​ជោគជ័យ ឬ​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​បរាជ័យ​ឡើយ ។ ផ្ទុយ​មក​វិញ​អ្នក​បាន​ចូលរួម​បង្កើត​រចនាសម្ព័ន្ធ​មួយ ហើយ​រចនាសម្ព័ន្ធ​នោះ​បាន​ផ្តល់​មូលដ្ឋាន​ដ៏​សំខាន់​ដល់​អ្នក ។ វា​ប្រៀប​បានជា​ការ​ចាប់​ដៃគូ តែ​វា​មិន​ចាំបាច់​ជា​ការ​ចាប់​ដៃគូ​អស់​មួយ​ជីវិត​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ