ខេត្តកំពង់ចាម ៖ គ្រួសារជនរងគ្រោះកំពុងតែទន្ទឹងរង់ចាំភាពយុត្តិធម៌ បន្ទាប់ពីបុរសជានិស្សិតឆ្នាំទី១ម្នាក់ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីស៤៧០ បុកបណ្តាលឱ្យបាត់បង់ជីវិតអស់រយៈពេល៥ថ្ងៃទៅហើយ នៅតែមិនទាន់ដឹងស្រមោលអ្នកបើកបររថយន្តទៀត ។
ហេតុការណ៍រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៤៧០ បានបង្កគ្រោះថ្នាក់ចរាចរណ៍បុកហើយថែមទាំងកិនបុរសជានិស្សិតម្នាក់ខាងលើ បណ្ដាលឲ្យបាត់បង់ជីវិតបានកើតឡើងកាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវកែងផ្ទះកាហ្វេ ស្ថិតក្នុងភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម រហូតមកដល់ល្ងាចថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៩ មិនទាន់មានតម្រុយណាបន្តិចសោះ មិនដឹងថាតើអ្នកបើកបររថយន្តរត់គេចទៅដល់ទីណានោះទេ។
ជនរងគ្រោះឈ្មោះយឿន ស៊ីត្រប់ ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី១ រស់នៅភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ។
តាមប្រភពពីស្ត្រីឈ្មោះស្រ៊ុន វុត្ថា អាយុ២៦ឆ្នាំ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ទាំងបង្ហូរទឹកភ្នែកឱ្យដឹងថា ប្អូនថ្លៃរបស់គាត់ជិះម៉ូតូមួយគ្រឿងម៉ាកសូមើ ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ស្របពេលមកដល់ផ្លូវកែងត្រង់ចំណុចផ្ទះលក់កាហ្វេ ក៏ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីស ៤៧០ បើកបរក្នុងទិសដៅបញ្ច្រាសគ្នាបុកយ៉ាងពេញទំហឹង បន្ទាប់ពីកើតហេតុរថយន្តមិនបានឈប់នោះទេ ដោយថែមទាំងបើកកិនពីលើបន្ថែមទៀតកាលពីយប់ថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។
តាមប្រភពពីស្ត្រីជាបងថ្លៃបានប្រាប់បន្តថា រថយន្តបង្កនោះបានបើកគេចក្នុងទិសដៅពីកើតទៅលិច រួចក៏គេចបាត់ទៅតែម្តង។ ក្រោយកើតហេតុ មានប្រជាពលរដ្ឋជាអ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុនោះស្គាល់ជនរងគ្រោះ ក៏ប្រញាប់រត់មកប្រាប់គាត់ដែលកំពុងតែនៅផ្ទះជិតមាត់ទន្លេចម្ងាយប្រមាណជា១០០ម៉ែត្រ ។ គ្រាន់តែឮដំណឹងបែបនេះ គាត់ក៏ប្រញាប់រត់ទៅមើល ឃើញប្អូនថ្លៃមានស្នាមរបួសធ្ងន់ និងបានដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តដែរ ប៉ុន្តែដោយសាររបួសមានលក្ខណៈធ្ងន់ធ្ងរពេក ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែតឯរាជធានីភ្នំពេញ តែមិនទាន់នឹងដល់ផង ស្រាប់តែប្អូនថ្លៃរបស់គាត់ក៏បានបាត់បង់ជីវិតតាមផ្លូវបាត់ទៅហើយ រួចក៏ដឹកត្រឡប់មកភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ស្ត្រីជាបងថ្លៃនិយាយបណ្ដើរបង្ហូរទឹកភ្នែកបណ្តើរថា ឪពុកបង្កើតរបស់គាត់ឈ្មោះស្រ៊ុន ឈីម អាយុ៧៨ឆ្នាំ បានបាត់បង់ជីវិត នឹងត្រូវរៀបចំធ្វើបុណ្យ៧ថ្ងៃនៅសង្កាត់វាលវង់ ក្រុងកំពង់ចាមនៅថ្ងៃទី១៩ ធ្នូ ២០១៩ ។ ពិតជាទុក្ខជាន់លើទុក្ខមែន ស្រាប់តែប្អូនថ្លៃប្រុសបានបាត់បង់ជីវិតមុនបុណ្យ៧ថ្ងៃឪពុករបស់គាត់ ពិតជាពិបាកចិត្តខ្លាំងណាស់ ។ តាមដែលដឹងគឺរថយន្តម៉ាកឡិចស៊ីសបង្ក ត្រូវគេស្គាល់ស្លាកលេខច្បាស់ ដូច្នេះអ្នកបើកបររថយន្តមិនអាចរត់គេចពីសំណាញ់ច្បាប់បាននោះទេ សូមសមត្ថកិច្ចជំនាញមេត្តាជួយពន្លឿន ដើម្បីឱ្យក្រុមគ្រួសាររបស់គាត់ទទួលបានភាពយុត្តិធម៌។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស បានបើកបរក្នុងល្បឿនលឿន ស្របពេលមកដល់ផ្លូវកែងបត់មិនទាន់ ជាហេតុបណ្ដាលឱ្យបុកនិស្សិតម្នាក់នោះរងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កបានបើកគេចក្នុងទិសដៅពីកើតមកលិចបានតែបន្តិច ក៏បែកធុងទឹក ។ លុះពេលឃើញបែបនេះ ប្រជាពលរដ្ឋក៏បាននាំគ្នាដេញតាមពីក្រោយ ប៉ុន្តែរថយន្តបានឈប់បន្តិចក៏មានបុរសម្នាក់បើកទ្វាររថយន្តដោយក្នុងដៃមានកាន់កាំភ្លើងខ្លី ដើម្បីកំញើញអ្នកដែលដេញតាមពីក្រោយកុំឱ្យតាមបន្តទៀត។ ដោយខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋក៏មិនមានអ្នកណាហ៊ានដេញតាមពីក្រោយទៀតដែរ ប៉ុន្តែគេបានស្គាល់ស្លាកលេខរថយន្តច្បាស់ និងបានប្រាប់ដល់នគរបាលចរាចរណ៍ឲ្យបានដឹងផងដែរ។
លោកវរសេនីយ៍ទោអ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុដែលបុកនិស្សិត បណ្ដាលឲ្យបាត់បង់ជីវិតនៅក្នុងភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវបានកម្លាំងជំនាញចរាចរណ៍បានចុះស៊ើបអង្កេត និងស្រាវជ្រាវយកស្លាកលេខរថយន្តបានហើយ និងកំពុងតែបំពេញសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីសុំដីកា ហើយយុត្តិធម៌នឹងទទួលបានសម្រាប់គ្រួសាររងគ្រោះ។
តាមប្រភពពីមិត្តភក្តិរបស់អ្នករងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតខាងលើនេះធ្លាប់ជាសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យសម្ដេចជួន ណាត ស្រុកកំពង់សៀម ហើយធ្លាប់ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើរបង្ហាញម៉ូដក្នុងកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលកន្លងមក នៅវត្តនគរបាជ័យក្រៅ ក្នុងឃុំអំពិល ស្រុកកំពង់សៀម ដែលជារមណីយដ្ឋានបុរាណមួយ និងបានបង្កើតភាពសប្បាយរីករាយ ទាក់ទាញភ្ញៀវទេសចរមកលេងនៅតំបន់ទេសចរណ៍មួយនេះ។
តាមប្រភពដដែលបានបន្តថា ការបាត់បង់ជីវិតរបស់មិត្តភក្តិម្នាក់នេះ ធ្វើឱ្យពួកគាត់មានការសោកស្ដាយរហូតដល់នាំគ្នាសម្រក់ទឹកភ្នែក និងបានទៅចូលរួមបុណ្យសពដោយក្តីអាឡោះអាល័យ ហើយក៏សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះកើតជាតិក្រោយឱ្យមានអាយុវែង កុំឲ្យអភ័ព្វដូចជាតិនេះទៀត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ