ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ វង្ស វិ​ឆ័​យ ដណ្ដើម​បាន​ខ្សែ​ក្រវាត់​​អន្តរជាតិ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការ​តាំងចិត្ត ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១៩ កីឡាករ​កម្ពុជា គឺ វង្ស…

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការ​តាំងចិត្ត ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១៩ កីឡាករ​កម្ពុជា គឺ វង្ស វិ​ឆ័​យ ក្លាយជា​អ្នក​ដណ្ដើម​បាន តាម​រយៈ​ការ​ផ្ដួល​កីឡាករ​ថៃ Phat Oubun ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​។

លោក រាជ សូរ​ផែន ប្រធាន​ស្នងការ​ប្រដាល់​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ គឺជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ដណ្ដើម​ពាន និង​ខ្សែក្រវាត់​អន្តរជាតិ ដោយ​ដើមដំបូង គឺ​មាន​កីឡាករ​កម្ពុជា​៤​រូប និង​ថៃ​៤​រូប ហើយ​តម្រូវ​ឱ្យ​ពួក​គេ​ប្រឡូក​គ្នា​ក្នុង​ពូ​ល ដើម្បី​ស្វែងរក​កីឡាករ​ថៃ​មួយ​រូប និង​កម្ពុជា​១​រូប ដែល​ជា​ចំណាត់ថ្នាក់​លេខ​១ ប្រចាំ​ពូ​ល ឡើង​ទៅ​ប្រកួត​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។

លោក​ថា កីឡាករ​កម្ពុជា វង្ស វិ​ឆ័​យ និង​កីឡាករ​ថៃ Phat Oubun គឺជា​តំណាង​ប្រចាំ​ពូ​ល​នីមួយ​ៗ ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ មុន​ពេល​មានមុខ​ប៉ះ​គ្នា​ស្វែងរក​ម្នាក់​ធ្វើ​ជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​។ លោក​កោតសរសើរ​ចំពោះ​កីឡាករ​កម្ពុជា ដែល​ដណ្ដើម​បាន​ឱកាស​ឈ្នះ ហើយ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​នៅ​ក្នុង​ថ្ងៃ​នោះ​។

យ៉ាងណាមិញ​លោក​ថា បើ​កីឡាករ​ថៃ មិន​ភ្លាត់​នោះ​ទេ កីឡាករ​កម្ពុជា​ក៏​ពិបាក​ស៊ី​ដែរ ដោយសារ​តែ​កីឡាករ​ថៃ ក៏​មាន​សមត្ថភាព​ខ្លាំង​។

លោក​ថា ការ​ប្រកួត​នៅ​វគ្គ​បញ្ចប់​នោះ កីឡាករ វង្ស វិ​ឆ័​យ ទទួល​បាន​ពាន​មួយ ខ្សែក្រវាត់​១ ទឹកប្រាក់​៥​ពាន់​ដុល្លារ​។ លេខ​២ គឺ​កីឡាករ​ថៃ Phat Oubun បាន​ទឹកប្រាក់​៣​ពាន់​ដុល្លារ លេខ​៣ គឺ​កីឡាករ​ថៃ Chhouk Chhai ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ និង​លេខ​៤ គឺ កីឡាករ​កម្ពុជា នី សុ​ភី ឬ ឡុ​ង សុ​ភី ទទួល​បាន​ទឹកប្រាក់​១​ពាន់​ដុល្លារ​។ នេះ​ជា​កម្មវិធី​របស់​ភេសជ្ជៈ​ឆា​ម​ពាន សម្រាប់​រដូវ​កាល​ទី​១ ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។ (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ