រាជធានីភ្នំពេញ ៖ ព្រឹកនេះ ទី២ មីនា ២០១១ សមត្ថកិច្ចប៉ូលិសប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ យឹម សុជាតិ សហការជាមួយអាជ្ញាធរដែនដីមានប៉ូលិសមូលដ្ឋាន មន្ត្រីសាលាខណ្ឌមានជ័យ និងមន្ត្រីតុលាការ បានចុះទៅធ្វើការឆែកឆេរផ្ទះប្រពន្ធរបស់ឈ្មោះហុង អេនឌី មេខ្លោងផលិត-ជួញដូរគ្រឿងញៀនធំជាបន្តទៀតនៅក្នុងសង្កាត់បឹងទំពុន និងផ្ទះម្តាយក្មេកនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រតិបត្តិការឆែកឆេរលំនៅឋានទាំង២កន្លែងនេះមួយកន្លែងនៅសង្កាត់ចាក់អង្រែក្រោមជាលំនៅឋានរបស់ម្តាយក្មេកហុង អេនឌី ហើយមួយកន្លែងនៅសង្កាត់បឹងទំពុន ជាលំនៅឋានរបស់ប្រពន្ធហុង អេនឌី ។ ការឆែកឆេរទីតាំងនេះនៅសង្កាត់ចាក់អង្រែក្រោម សមត្ថកិច្ចរកពុំឃើញមានវត្ថុតាងល្មើសអ្វីឡើយ ។ ប៉ុន្តេដោយឡែកលំនៅឋាននៅបឹងទំពុន សមត្ថកិច្ចរកឃើញរថយន្តទំនើបៗ ២គ្រឿងទៀត គឺ១-ម៉ាកឡិចស៊ីស ពណ៌ខ្មៅ RX 300 និង១គ្រឿងទៀតម៉ាក ឡិចស៊ីស ពណ៌ខ្មៅ ស៊េរី៤៧០ ត្រូវបានសមត្ថកិច្ចរក្សទុក ។
សូមបញ្ជាក់ថា មេខ្លោងជួញដូរ ចែកចាយគ្រឿងញៀនធំមួយឈ្មោះហុង អេនឌី និងបក្សពួក២នាក់ទៀតត្រូវបានប៉ូលិសប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានតំណាងព្រះរាជអាជ្ញារាជធានី ដឹកនាំដោយលោកវរសេនីយ៍ទោយឹម សុជាតិ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានី ព័ទ្ធចាប់ខ្លួនកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២៨ កុម្ភៈ ២០១១ នៅផ្ទះដីឡូត៍គ្មានលេខមួយកន្លែង ក្រុមទី៤ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ប្រមូលបានសារធាតុផ្សំផលិតគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់ជាច្រើន ហើយនៅព្រឹកនេះទៀត គឺថ្ងៃទី១ មីនា សមត្ថកិច្ចកំពុងបន្តការឆែកនៅផ្ទះខាងលើដដែល ។
ជនឈ្មោះហុង អេនឌី នេះជាមុខសញ្ញាចាស់ ត្រូវបានសមត្ថកិច្ចតាមដានជាយូរមកហើយ និងធ្លាប់ចាប់ខ្លួនពីបទជួញដូរ ចែកចាយគ្រឿងញៀននេះម្តងផងដែរ កាលពីជាង១ឆ្នាំមុន ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែគេរួចចេញពីគុកគ្រលើម រហូតដល់សមត្ថកិច្ចតាមស្រាវជ្រាវចាប់បានម្តងទៀត ទើបដឹងថា ជាមុខដដែលៗនិងស្គាល់ឈ្មោះថា ហុង អេនឌី ។ ចាប់ខ្លួនលើកនេះគឺមានបក្សពួក២នាក់ទៀត ប៉ុន្តែមិនទាន់ត្រូវបានប៉ូលិសឱ្យដឹងពីអត្តសញ្ញាណនៅឡើយទេ រង់ចាំឆែកឆេរ និងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្សពួកគេជាបន្តទៀតសិន ។
ជន៣នាក់ដែលត្រូវបានឃាត់ខ្លួនឈ្មោះហុង អេនឌី ភេទប្រុស អាយុ៥១ឆ្នាំ ២-ឈ្មោះណៃ ស្រីនី ភេទស្រី អាយុ១៩ឆ្នាំ និង៣-ឈ្មោះណៃ វ៉ាន់ណែត ភេទប្រុស អាយុ១៦ឆ្នាំ ។ ជនទាំង៣នាក់នេះមានឈ្មោះហុង អេនឌី ជាមេខ្លោងផលិត និងជាម្ចាស់ទីតាំងផលិតថ្នាំញៀនចំតួ តែម្តង ។ ក្នុងការរុករកវត្ថុតាង និងឧបករណ៍ផលិតថ្នាំញៀនខាងលើនេះ សមត្ថកិច្ចចម្រុះបានដកហូតរថយន្ត២គ្រឿង ម៉ាកទួរីស១២កៅអី ១គ្រឿង ម៉ាកមែរសឺដែស១គ្រឿង ។ លើសពីនេះទៅទៀត ដកហូតបានឧបករណ៍ផលិតថ្នាំញៀនមួយកំប្ល៉េ ។ ដោយឡែក សារធាតុផ្សំដែលសមត្ថកិច្ចដកហូតបានមាន Pseudo ethed Zine 210ក្រាម Hydro Chloricacid ៥០កេស ស្មើនឹង១.១០០ដប Sodium Chloride ៥កេសស្មើ៦២ដប Sulfuri acide ១៥២កេស ស្មើ១៥២០ដប អាវុធខ្លីម៉ាកប្រាហា១ដើម បង់១មាន៣គ្រាប់ ។ ម៉ូតូម៉ាកអាយខនមួយគ្រឿង ម្សៅខ្មៅលាយរួចមួយធុង ព្រមទាំងសំភារៈប្រើប្រាស់មួយចំនួនធំទៀត។
លោកឧត្តមសេនីយ៍ត្រីបែន រ័ត្ន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ដល់ក្រុមអ្នកកាសែតខណៈពេលចុះប្រតិបត្តិការឆែកឆេរទីតាំងផលិតថ្នាំញៀនខាងលើនេះនាព្រឹកថ្ងៃទី១ មីនា ថា សមត្ថកិច្ចជំនាញបានសហការគ្នាជាសម្ងាត់តាមដានទីតាំងខាងលើនេះ អស់រយៈពេល៤ថ្ងៃកន្លងមកហើយ មុនឈានដល់ការចាប់មេខ្លោងឈ្មោះហុង អេនឌី នេះបានជាក់ស្តែងនៅក្នុងទីតាំងផលិត ។ លោកបែន រ័ត្ន បានបន្តថា ព័ត៌មានដែលសមត្ថកិច្ចឈានទៅដល់ការបង្ក្រាបទីតាំងខាងលើនេះគឺដោយមានបណ្តាញព័ត៌មានពិសេសផ្តល់ដល់សមត្ថកិច្ចអំពីការប្រទះឃើញទិដ្ឋភាពប្លែកគួរឱ្យសង្ស័យនៅក្នុងដីឡូត៍ខាងលើ ដូចជាមានរថយន្តទំនើបៗចេញចូលតែវេលារំលងអធ្រាត្រ ។ ជាងនេះ ទៅទៀត គឺការបង្ហូរកាកសំណល់ចេញមកក្រៅបានជះក្លឹនស្អុយ ហើយការបង្ហូរកាកសំណល់នេះបានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានដាំដុះរបស់ប្រជាពលរដ្ឋជិតខាងទៀតផង ។
ចំពោះការបង្ក្រាបបានទីតាំងផលិតថ្នាំញៀននៅចំណុចខាងលើនេះគឺមានទ្រង់ទ្រាយធំមួយនៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាការកាត់ផ្តាច់បំពង់កអ្នកជួញដូរថ្នាំញៀនផងដែរ ។ បច្ចុប្បន្នទាំងវត្ថុតាងនិងមនុស្ស៣នាក់ដែលឃាត់ខ្លួននិងឧបករណ៍ដកហូតបាននាំយកមកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមច្បាប់ ។ ចំពោះទីតាំងត្រូវបានតុលាការចេញដីកាបិទចោលមួយរយៈសិន ៕
ចែករំលែកព័តមាននេះ