ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រះបញ្ជី​ថៅកែ​ស្ថានីយ​ប្រេង​និង​គ្រូ​បង្រៀន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿង​ក្ដី​គ្រូបង្រៀន​លួច​មើល​និង​លួច​ថតរូប​មនុស្ស​ស្រី​នៅ​ក្នុង​បន្ទប់ទឹក នៅ​ស្ថានីយ​ប្រេង PTT ក្បែរ​រង្វង់​មូល​កួរស្រូវកាន់តែ​មាន​ភាព​ក្ដៅ​គគុក​ខ្លាំង​ឡើង​ហើយ​បន្ទាប់​ពី​សំណុំរឿង​មួយ​នេះ​ធ្លាក់​ដល់​ដៃ​តុលាការ​និង​ក្រោយ​ពី​មតិ​មហាជន​នានា​បាន​រិះគន់ និង​ថ្កោលទោស​ថៅកែ​ស្ថានីយប្រេងឥន្ធនៈ​ខាងលើ ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​គ្រូបង្រៀន​រូប​នោះ និង​ចាប់ចង​ស្លាបសេក​ទាំង​ខ្លួន​គ្មាន​សិទ្ធិ​ធ្វើ​បែប​នេះ​សោះ​នោះ គឺ​ចាប់​បាន​ហើយ​មិន​ព្រម​ប្រគល់​ឱ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់…

រាជធានី​ភ្នំពេញ ៖ រឿង​ក្ដី​គ្រូបង្រៀន​លួច​មើល​និង​លួច​ថតរូប​មនុស្ស​ស្រី​នៅ​ក្នុង​បន្ទប់ទឹក នៅ​ស្ថានីយ​ប្រេង PTT ក្បែរ​រង្វង់​មូល​កួរស្រូវកាន់តែ​មាន​ភាព​ក្ដៅ​គគុក​ខ្លាំង​ឡើង​ហើយ​បន្ទាប់​ពី​សំណុំរឿង​មួយ​នេះ​ធ្លាក់​ដល់​ដៃ​តុលាការ​និង​ក្រោយ​ពី​មតិ​មហាជន​នានា​បាន​រិះគន់ និង​ថ្កោលទោស​ថៅកែ​ស្ថានីយប្រេងឥន្ធនៈ​ខាងលើ ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​គ្រូបង្រៀន​រូប​នោះ និង​ចាប់ចង​ស្លាបសេក​ទាំង​ខ្លួន​គ្មាន​សិទ្ធិ​ធ្វើ​បែប​នេះ​សោះ​នោះ គឺ​ចាប់​បាន​ហើយ​មិន​ព្រម​ប្រគល់​ឱ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ បែរជា​វាយដំ​យ៉ាង​ទារុណ​ទៅ​វិញ ។

ក្រោយ​ពី​រឿងរ៉ាវ​នេះ​ផ្ទុះ​ឡើង​កាន់តែ​ខ្លាំង​នោះ ទីបំផុត លោក សា​រុន វិ​ថូ​រ៉ាត់ ថៅកែ​ស្ថានីយ​ប្រេង PTT វិ​ថូ​រ៉ាត់ រង្វង់​មូល​កួរស្រូវ ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​លោក អុ​ឹ​ម សេរីរដ្ឋ ដែល​ជា​គ្រូបង្រៀន​រហូត​មាន​របួស​ស្នាម​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ បាន​ត្រូវ​នគរបាល​ខណ្ឌដង្កោ សម្រេច​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ ។

ការ​ឃាត់ខ្លួន​នេះ គឺ​យោង​តាម​ដីកា​ចាត់តាំង​តំណាង​អយ្យការ​របស់​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ចំណែ​ក​លោក អុ​ឹ​ម សេរីរដ្ឋ ជា​គ្រូបង្រៀន​នៅខេត្តតាកែវដែល​ទទួល​រង​
ការ​វាយដំ និង​ត្រូវ​ចោទប្រកាន់​ថា​ បាន​លួច​មើល​និង​លួច​ថតរូប​ស្រី​ៗ​នៅ​ក្នុង​បន្ទប់ទឹក​នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ខាងលើ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដែរ យោង​តាម​ដីកា​ឲ្យ​នាំ​ខ្លួន​របស់​តំណាង​អយ្យការ​អម​សា​លាដំបូង​រាជធានី​ភ្នំពេញ នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ។

សូម​រំឭក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់ទឹក​ស្ថានីយប្រេងឥន្ធនៈ PTT ស្ថិត​នៅ​ខាងត្បូង​រង្វង់​មូល​កួរស្រូវ ឬ​រង្វង់​មូល​ដីក្រហម តាម​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​អំពើ​ហិង្សា​មួយ​កើតឡើង ដោយ​លោក អុ​ឹ​ម សេរីរដ្ឋ ដែល​ជា​គ្រូបង្រៀន បាន​ជាប់ចោទ​ថា​បាន​លួច​មើល​និង​លួច​ថតរូប​ស្រី​ៗ​នៅ​ក្នុង​បន្ទប់ទឹក​ស្ថានីយ​ប្រេង​ខាងលើ ។ ខណៈនោះ​ត្រូវ​បាន​ថៅកែ​និង​កូនចៅ​នៅ​ស្ថានីយ​ប្រេង​នោះ​ចាប់
ចងស្លាបសេក​និង​វាយ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ រួច​ថត​វី​ដេ​អូ ព្រមទាំង​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀត ។

នៅ​ក្នុង​វី​ដេ​អូ លោក សា​រុន វិ​ថូ​រ៉ាត់ ដែល​គេស្គាល់​ថា​ជា​កូនប្រុស​លោក ច័ន្ទ សា​រុន អតីតរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​មណ្ឌល​តាកែវ​នោះ បាន​ចោទប្រកាន់​គ្រូបង្រៀន​រូប​នេះ​ថា មាន​គេ​ជួល​មក​ដើម្បី​អុកឡុក​ស្ថានី​យ​ប្រេងឥន្ធនៈ​របស់​លោក ។ នៅ​ក្នុង​រូបភាព​វី​ដេ​អូ​ជិត​២​នាទី​ដែល​បាន​ថត​នោះ ម្ចាស់​ស្ថានីយ​ប្រេង​ខាងលើ បាន​លុតជង្គង់​លើកដៃ​សំពះ​ក្បែរ​ជនសង្ស័យ​ដែល​អង្គុយ​ក្បែរ​នោះ​ដោយ​ដៃ​ជាប់​ចំណង​ស្លាបសេក និង​មាន​កូនចៅ​របស់​លោក​ចាប់​បោច​សក់​លោក​អុ​ឹ​ម សេរីរដ្ឋ​ផង​នោះ បាន​និយាយ​ថា «​ហើយ​បងប្អូន​ដឹង​ហើយពី​ទឹកចិត្ត​និង​មនុស្ស​ខ្ញុំ​យ៉ាងម៉េច អ្វី​គឺ​ស​ៗ អ្វី​គឺ​ខ្មៅ​ៗ អ្វី​គឺ​សុចរិត​ៗ អ្វី​គឺ​ទុច្ចរិត​ៗ យី​ង​គឺ​យី​ង​យ៉ាង​គឺ​យ៉ាង ។

តែ​ថ្ងៃនេះ​ខ្ញុំ​សូម​អំពាវនាវ​ប្រាប់​បងប្អូន​និង​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ច្បាស់​ថា ម្នាក់​នេះ​ជា​ជនពាល​និង​មាន​អ្នក​ជួល​ពីក្រោយ ដើម្បី​ឲ្យ​គាត់​មក​អុកឡុក​កន្លែង​បន្ទប់ទឹក​ស្អាត​ស្ថានីយ វិ​ថូ​រ៉ាត់ PTT នៅ​រង្វង់​មូល​កួរស្រូវ​ផ្លូវជាតិ​លេខ​២ ។ គាត់​មក​កន្លែង​នេះ​ធ្វើ​សកម្មភាព​ដូច​ជា រត់​ចូល​បន្ទប់ទឹក​ស្រី ឱន​ចូល​មើល​បន្ទប់ទឹក​ស្រី​មើល​មនុស្ស​ស្រី​ធ្វើ​សកម្មភាព​អ្វី និង​មាន​បំណង​ចង់​ប្លន់​មនុស្ស​ស្រី និង​មាន​បំណង​ចង់​មើល​ប្រដាប់​ភេទ​ស្រី ។ អុ​ី​ចឹ​ង​ខ្ញុំ​ក៏​សម្រេចចិត្ត​បង្ហោះ​វី​ដេ​អូ​១​ឃ្លី​ប​នេះ និង​រូបភាព​ដទៃ​ៗ​ទៀត ដែល​បុគ្គលិក​ស្ថានីយ​វិ​ថូ​រ៉ាត់ PTT បាន​ចាប់​បាន​និង​អ្នក​ជិតខាង​បាន​វាយ​គាត់ ។ អុ​ី​ចឹ​ង​ខ្ញុំ​ក៏​សម្រេច ចិត្ត​បង្ហោះ​រូបភាព​នេះ និង​បញ្ជូន​គាត់​ទៅ​ឲ្យ​ប៉ូលិស​និង​ច្បាប់​ជា​អ្នក​ដោះស្រាយ​» ។

ក្រោយ​ពី​ទទួល​រង​ការ​ចោទប្រកាន់​និង​វាយដំ​បណ្ដាល​ឲ្យ​រង​របួស​នោះ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ គ្រូបង្រៀន​រូប​នេះ​ក៏​បាន​បង្ហោះ​សារ​ស្រាយ​បំភ្លឺ និង​បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាំងឡាយ​ខាងលើ​ចំពោះ​រូប​លោក ហើយ​ក៏​សម្ដែង​ការ​ឈឺចាប់​បំផុត ចំពោះ​រាល់​ការ​ប្រើ​អំពើ​ហិង្សា​និង​បាន​អះអាង​ថា អ្នក​ដែល​វាយដំ​រូប​លោក​យ៉ាង​សាហាវ​នោះ​គឺជា​ក្រុម​កូនចៅ​ម្ចាស់​ស្ថានីយ​សាំង​ទាំងអស់ មិនមែន​អ្នក​ជិតខាង​ឡើយ ។ មិនតែប៉ុណ្ណោះ បុរស​ជាប់ចោទ​រូប​នេះ​និយាយ​ថា បើសិនជា​លោក​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​នេះ​មែន ក៏​គួរតែ​ថៅកែ​នេះ​ឃាត់ខ្លួន​លោក ហើយ​បញ្ជូន​ឲ្យ​នគរបាល​ធ្វើការ មិន​គួរ​ចាប់ចង​វាយ​ដូច​សត្វ​ធាតុ​បែប​នេះ​ទេ ព្រោះ​ប្រទេស​មានច្បាប់ ។

គ្រូបង្រៀន​រូប​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​អា​ខោ​ន​ឈ្មោះ «Em Sereyrath MA» អម​ដោយ​រូប ភាព​ក្នុង​ពេល​លោក​បង្រៀន​សិស្ស រូបភាព​របួស ស្នាម​ដិតដាម​ដោយ​ឈាម និង​ការ​ចាប់​ក្រៀកលោក​ចងដៃ​ស្លាបសេក​ដោយ​បុគ្គលិក​ស្ថានីយប្រេង PTT រង្វង់​មូល​កួរស្រូវ ព្រមទាំង​បង្ហោះព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​និង​អនុក្រឹត្យ​រាជរ​ដ្ឋាភិ​បាល តែងតាំងស៊ប់​ក្នុង​ក្រប​ខណ្ឌ​មន្ត្រីរាជការ និង​សំ​បុត​ពេទ្យ​ផង​ដែរ​ថា ៖ «​ខ្ញុំ​បាន​ចេញពី​មន្ទីរពេទ្យ​វិញ​ហើយ ! សូម​រំឭក កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​៨ យប់ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ម្នាក់ឯង​ដោយ​រថយន្ត​ពី​ភ្នំពេញ​មក​ផ្ទះ​(​តាកែវ​) ។

លុះ​មក​ដល់​ចំណុច​កួរស្រូវ ខ្ញុំ​បាន​ចូល​កា​រ៉ា​ស​សាំង PTT បំណង​ចាក់​សាំង តែ​ខ្ញុំ​បាន​ចូល​បន្ទប់ទឹក​សិន ។ ប៉ុន្តែ​ដោយ​ភ្លេច​មើល ខ្ញុំ​ក៏​ចូល​បន្ទប់ទឹក​នារី ពេល​ចូល​ទៅ​ដល់​ទើបបាន​ដឹង ហើយ​ក៏​រៀប​ដើរ​ចេញ​មក​វិញ ស្រាប់តែ​មាន​បុរស​ៗ​ស្រែ​កថា រ៉ែ​ង​ធ្វើ​អី ។ ខ្ញុំ​មិន​បាន​តបត​ទេ គ្រាន់តែ​ដើរ​ចេញ ស្រាប់តែ​ពួក​គេ​រត់​មក​វាយ​ខ្ញុំ​តែ​ម្តង ខ្ញុំ​ខំ​រត់ឡើង​ឡាន​ដែរ តែ​រត់​មិន​ទាន់ ។ (​សូម​បញ្ជាក់​ថា ខ្ញុំ​មិន​បាន​ធ្វើ​សកម្មភាព​លូច​ថត​ដូច​ការ​ចោទ​ទេ ហើយ​រូបភាព​នារី​ដែល​គេ​បង្ហោះ​នោះ​ក៏​មិនមែន​ថ្ងៃ​ទី​១៦ ធ្នូ​ដែរ​) ។ បក្សពួក​អ្នក​ដែល​វាយ​ខ្ញុំ គឺជា​កូនចៅ​ម្ចាស់​កា​រ៉ា​ស​សាំង​ទាំងអស់ មិនមែន​អ្នក​ជិតខាង​ទេ​» ។

«​ថៅកែ​នោះ​បាន​ឲ្យ​កូនចៅ​ចាប់​ខ្ញុំ​ចង ហើយ​វាយ​យ៉ាងដំណំ ។ ថៅកែ​រូប​នោះ​បាន​សម្លុត​សួរ​ខ្ញុំ​ថា តើ​អ្នក​ណា​ជួល​ខ្ញុំ​មក​អុកឡុក​កន្លែង​គាត់ ខ្ញុំ​ឆ្លើយ​ថា​ខ្ញុំ​មិន​បាន​អុកឡុក​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ជួល​ដែរ ។ ថៅកែ​បាន​បង្ខំ​ឲ្យ​ឆ្លើយ​ថា​អ្នក​ណា​ជួល គាត់​ឲ្យ​រួចខ្លួន តែបើ​មិន​ឆ្លើយ​ទេ នឹង​បន្ត​ឲ្យ​កូនចៅ​វាយ​រហូត​ដល់​ស្លាប់ ។ តែ​ខ្ញុំ​មិន​បាន​ឆ្លើយ​ទេ​ព្រោះ​មិន​មាន​អ្នក​ណា​ជួល​ទេ ។ ទីបំផុត ប៉ូលិស​បាន​មក​ដល់ ។ សូម​បញ្ជាក់​ថា បើ​ប៉ូលិស​មិន​បាន​មក​ដល់​ទេ ខ្ញុំ​ប្រហែលជា​ត្រូវ​កូនចៅ​ថៅកែ​វាយ​រហូត​ដល់​ស្លាប់ ។ ខ្ញុំ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ​ព្រោះ​ខ្ញុំ​មិន​ចង់​វែង​ឆ្ងាយ តែ​ខ្ញុំ​សរសេរ​សារ​នេះ​ដើម្បី​កុំ​ឲ្យ​សាធារណជន​ស្តាប់​តែ​ម្ខាង​ៗ ។

ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ណាស់​ចំពោះ​ហេតុការណ៍​នេះ ៖
១-​បើ​ខ្ញុំ​ខុស​ដូច​ការ​ចោទ​នេះ គួរតែ​ថៅកែ​ឃាត់ខ្លួន​ខ្ញុំ​ហើយ​បញ្ជូន​ឲ្យ​ប៉ូលិស ព្រោះ​ប្រទេសមានច្បាប់ ។
២-​ការ​ប្រើ​អំ​ហិង្សា​(​ឲ្យ​កូនចៅ​វាយ​ខ្ញុំ​ដូចសត្វ​)​ជា​បទល្មើស​ព្រហ្មទណ្ឌ ។ ថៅកែ​ដឹង​ច្បាប់​តែ​បំពាន​ច្បាប់​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ។
៣-​ខ្ញុំ​ជា​មន្ត្រី​អប់រំ​ដែល​តែងតាំង​ដោយ​អនុក្រឹត្យ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ។ ទ​ង្វើ​របស់​ថៅកែ​បំពាន​មន្ត្រី​របស់​សម្តេច ស្មើនឹង​បំពាន​សម្តេច ។
៤-​ខ្ញុំ​ជា​មន្ត្រី​អប់រំ​ដែល​តែងតាំង​ដោយ​ព្រះ រាជក្រឹត្យ ឡាយព្រះហស្តលេខា​ដោយ ព្រះករុណាជីវិត​ដំកល់​លើ​ត្បូង នរោត្តម សីហ​មុនី ។ ទ​ង្វើ​របស់​ថៅកែ​មក​លើ​ខ្ញុំ គឺ​បំពាន​ព្រះ​ចេស្តា​របស់​ព្រះមហាក្សត្រ ។
៥-​ខ្ញុំ​បាន​ប្រាប់​ថា ខ្ញុំ​ជា​គ្រូបង្រៀន​ទេ មានរឿង​អី​និយាយ​គ្នា​បាន តែ​លោក​ថៅកែ​មិន​បាន​ប្រាប់​ឲ្យ​កូនចៅ​ឈប់​វាយ​ខ្ញុំ​ទេ ។ ទ​ង្វើ​របស់​លោក​គឺ​មើលងាយ​គ្រូបង្រៀន លោក​មាន​អ្វី​ៗ​ដូច​សព្វ​ថ្ងៃនេះ​ក៏​ដោយសារ​គ្រូបង្រៀន​ដែរ ។ *​សូម​បងប្អូន​គិតពិចារណា​តាម​ការ​គួរ ។ សូម​អរគុណ ! »​។

ព័ត៌មាន​ចុង​ក្រោយ
លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ដដែល​ថា សម្រាប់​លោក អុ​ឹ​ម សេរីរដ្ឋ ដែល​ត្រូវ​ចោទប្រកាន់​ថា​បាន​ចូល​បន្ទប់ទឹក​ស្រី​លួច​ថត​ហើយ​ត្រូវ​បាន​ចាប់​វាយដំ​នោះ ខាង​ព្រះរាជអាជ្ញា​រក​ឃើញ​ថា អត់​មាន​តម្រុយ​ឬ​ភ័ស្តុតាង​ពី​ការ​ប៉ង​លួច​ថត​ស្រី​ៗ​ក្នុង​បន្ទប់ទឹក​នោះ​ទេ និង​មិន​មាន​បទល្មើស​ត្រូវ​បាន​អនុញ្ញាត​ឱ្យទៅ​ផ្ទះ​វិញ ។ ចំណែក​ថៅកែ​ស្ថានីយ​ប្រេង​លោក សា​រុន វិ​ថូ​រ៉ាត់ និង​គូកន​ត្រូវ​បាន​រក​ឃើញ​ពី​បទល្មើស​ហិង្សា​ដោយ​ចេតនា ត្រូវ​បាន​ចោទ​និង​ដាក់​ទៅ​ចៅក្រម​ដើម្បី​សម្រេច​ថា ឃុំខ្លួន​ឬ​មិន​ឃុំ​ជាមួយ​គូកន​ឯទៀត ។ ថៅកែ​ស្ថានីយ​ប្រេង​នេះ ត្រូវ​បាន​តំណាង​អយ្យការ​ផ្ញើ​ទៅ​សមត្ថកិច្ច​ដើម្បី​បន្ត​នីតិវិធី​ថ្ងៃនេះ​ទៀត ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ