ពិធី​ចុះ​ហត្ថ​លេខា​ជាមួយ​ប្រតិ​ភូ​ទេស​ចរណ៍​ជាន់​ខ្ពស់​នានា​របស់​អាស៊ាន


រាជ​ធានី​ភ្នំ​ពេញ​ ៖ លោក​ថោង​ ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​មាន​ប្រសាសន៍​ថា ចង់​ឱ្យ​ទេស​ចរណ៍​អាស៊ាន​មាន​ការ​រីក​ចំរើន​ត្រូវ​មាន​សកម្ម​ភាព​ទំនាក់​ទំនង​ការ​តភ្ជាប់​ក្នុង​តំបន់​ទាំង​ផ្លូវ​គោក​ ផ្លូវ​ទឹក​ និង​ផ្លូវ​អាកាស​ គឺ​មាន​សារ​សំខាន់​ណាស់​។ ដូច្នេះ​ប្រទេស​នីមួយៗ​ក្នុង​អាស៊ាន​បើ​ប្រទេស​ណា​មួយ​មិន​ទាន់​មាន​ការ​តភ្ជាប់​ទំនាក់​ទំនង​នេះ​ទេ ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​។ នៅ​ពេល​នេះ​ប្រទេស​មី​យ៉ាន់​ម៉ា​កំពុង​ចាប់​ផ្តើម​ភ្ជាប់​ផ្លូវ​អាកាស​ជាមួយ​ប្រទេស​កម្ពុជា​​តាម​រយៈ​ការ​ហោះ​ហើរ​។

ក្នុង​ឱកាស​នៃ​ទិវា​ទេស​ចរណ៍​អាស៊ាន​ឆ្នាំ​២០១១ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ លោក​រដ្ឋ​មន្ត្រី​ថោង​ ខុន បាន​អនុញ្ញាត​ឱ្យ​ប្រតិ​ភូ​ទេស​ចរណ៍​អាស៊ាន​ជាច្រើន​ប្រទេស​ចូលជួប​ពិភាក្សា​ការ​ងារ​ និង​មាន​ការ​ចុះ​ហត្ថ​លេខា​ផង​ដែរ។ ជាក់​ស្តែង​នៅ​សណ្ឋា​គារ​ Sofitel Phnom Penh Phokee Thra កាល​ពី​ថ្ងៃ​ទី​១៨ មករា មាន​ការ​ជួប​ពិភាក្សា​ និង​ចុះ​ហត្ថ​លេខា​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ជា​ច្រើន​ក្នុង​ទំនាក់​ទំនង​វិស័យ​ទេស​ចរណ៍​ ក្នុង​នោះ​មាន​ការ​ចុះ​ហត្ថ​លេខា​រវាង​លោក​រដ្ឋ​មន្ត្រី​ថោង ខុន ជាមួយ​លោក​រដ្ឋ​មន្ត្រី​ទេស​ចរណ៍​សហ​ភាព​មី​យ៉ាន់​ម៉ា​ ស្តី​ពី​ផែន​ការ​សកម្ម​ភាព​អនុវត្ត​កិច្ច​ព្រម​ព្រៀង​លើ​វិស័យ​ទេស​ចរណ៍​ដែល​កម្ពុជា​ និង​មី​យ៉ាន់​ម៉ា​ធ្លាប់​បាន​អនុ​វត្ត​ជា​បន្ត​បន្ទាប់​រួច​មក​ហើយ​ ។ ​ពេល​នេះ​ត្រូវ​បន្ត​សកម្ម​ភាព​ផែន​ការ​ថ្មី​មួយ​ទៀត​ដែល​ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋ​មន្ត្រី​​តំណាង​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​២​។ កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កម្ពុជា​ និង​មី​យ៉ាន់​ម៉ា​ នឹង​ជំរុញ​ឱ្យ​មាន​ការ​ហោះ​ផ្ទាល់​ពី​មី​យ៉ាន់​ម៉ា​មក​កម្ពុជា​។​
បន្ទាប់​មក​មាន​ពិធី​ចុះ​ហត្ថ​លេខា​មួយ​ទៀត​រវាង​លោក​ទិត្យ ចន្ថា អគ្គ​នាយក​ទេស​ចរណ៍​តំណាង​ក្រសួង​ទេស​ចរណ៍​កម្ពុជា​​ជាមួយ​តំណាង​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍ទេស​ចរណ៍​ដែល​ជា​ផ្នែក​មួយ​របស់​អង្គ​ការ​ទេស​ចរណ៍​ពិភព​លោក​។ ក្នុង​កិច្ច​ចុះ​ហត្ថ​លេខា​នេះ គឺ​ផ្តោត​ការ​សំខាន់​ជំរុញ​ឱ្យ​មាន​កិច្ច​សហ​ការ​រវាង​កម្ពុជា​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ទេស​ចរណ៍​នេះ​ដើម្បី​ទាក់​ទាញ​ឱ្យ​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ពី​អង្គ​ការ​អន្តរ​ជាតិ​ឱ្យ​ជួយ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ក្នុង​នោះ​មាន​បញ្ហា​ធន​ធាន​មនុស្ស​ជា​ដើម​។

នៅ​ក្នុង​ពេល​បន្ទាប់​មក​ទៀត​មានការ​ជួប​ប្រជុំ​រវាង​លោក​រដ្ឋ​មន្ត្រី​ថោង​ ខុន ជាមួយ​ភាគី​នៃ​ប្រទេស​រុស្ស៊ី គឺ​តំណាង​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​រុស្ស៊ី​ ក្នុង​នោះ​ក៏​មាន​លោក​ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ចូល​រួម​ផង​ដែរ​។ ក្នុង​កិច្ច​ប្រជុំ​នេះ​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​ការ​ប្រតិ​បត្តិ​ការ​ទេ្វ​ភាគី​ ក្នុង​នោះ​រុស្ស៊ី​ក៏​ធ្លាប់​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ផង​ដែរ​។ ភាគី​រុស្ស៊ី បាន​អញ្ជើញ​លោក​រដ្ឋ​មន្ត្រី​ថោង ខុន ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​រុស្ស៊ី​ដើម្បី​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​​កម្ពុជា​ផង​​និង​ការ​ចុះ​ហត្ថ​លេខា​លើអនុស្ស​រណៈ ហើយ​លោក​ថោង​ ខុន បាន​ជំរាប​ជូន​ភ្ញៀវ​ពី​ពេល​វេលា​សម​ស្រប​មួយ​​សំរាប់​បំពេញ​ការ​ងារ​នេះ​។ កម្ពុជា​បាន​ស្នើ​ដល់​ប្រទេស​រុស្ស៊ី​ឱ្យ​​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ពិសេស​គឺ​មគ្គុ​ទេ្ទសក៍​ទេស​ចរណ៍​ភាសា​រុស្ស៊ី​ ព្រោះ​បច្ចុប្បន្ន​ភ្ញៀវ​រុស្ស៊ី​មាន​កំណើន​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​​ គឺ​កើន​រហូត​ដល់​៧៦​ភាគ​រយ​។

នៅ​ក្នុង​ឱកាស​នៃ​ទិវា​ទេស​ចរណ៍​អាស៊ាន​លើក​ទី​៣០​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​មជ្ឈ​មណ្ឌល​​កោះ​ពេជ្របាន​រៀប​ចំ​​កម្ម​វិធី​ជា​ច្រើន​ទាក់​ទង​នឹង​ព្រឹត្តិ​ការណ៍​ខាង​លើ​នេះ​។ ព្រឹត្តិ​ការណ៍​​ដែល​ធ្វើ​ឱ្យ​ប្រតិ​ភូ​អាស៊ាន​ទាំង​អស់​មាន​ការ​ចាប់​អារម្មណ៍​គឺ​ការ​ដាក់​តាំង​ពិព័រណ៍​​រយៈ​ពេល​៣​ថ្ងៃ​ ស្តី​ពី​ឧស្សាហ​កម្ម​ទេស​ចរណ៍​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ ប្រតិ​ភូ​ទាំង​អស់​បាន​ផ្តោត​ការ​ចាប់​អារម្មណ៍​ចំពោះ​ស្តង់​​មួយ​របស់​សណ្ឋា​គារ​បុរី​អង្គរ​រី​ហ្សត​ និង​ស្ប៉ា​ដែល​បាន​រំលេច​ដោយ​ប្រពៃ​ណី​វប្ប​ធម៌​ខ្មែរ​សុទ្ធ​សាធ។​ សណ្ឋា​គារ​លំដាប់​ផ្កាយ​​៥​នេះ​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៦​ចំងាយ​៥០០​ម៉ែត្រ​ពី​ស្ទឹង​សៀម​រាប​ខេត្ត​សៀម​រាប​។ សណ្ឋា​គារ​បុរី​អង្គរ​រីហ្សត និង​ស្ប៉ា​មាន​១៨៨​បន្ទប់ និង​មាន​បុគ្គ​លិក​បំរើ​ការ​ងារ​ចំនួន​២៧០​នាក់​ដែល​សុទ្ធ​តែ​ជា​ជន​ជាតិ​ខ្មែរ​ មិន​មាន​បរទេស​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ