ក្រុងប៉ោយប៉ែត ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនពីបទចែកចាយថ្នាំញៀន។ លោកអនុសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ នាយផ្នែកព្រហ្មទណ្ឌឱ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង២១និង១៧នាទី ថ្ងៃទី២៣ មីនា នៅចំណតរថយន្តក្រុងប៉ោយប៉ែត។ ជននោះឈ្មោះកែវ វណ្ណៈ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បានយកថ្នាំញៀនប្រភេទខេទឹកកកចំនួន២ថង់តូចផ្ញើតាមរថយន្តតាក់ស៊ីពីប៉ោយប៉ែត ទៅខេត្តសៀមរាប។ អ្នកបើកតាក់ស៊ីមានការសង្ស័យបានបើកមើល ហើយឃើញថ្នាំញៀននៅក្នុងកញ្ចប់បញ្ញើរបស់គេក៏រាយការណ៍ជូនសមត្ថកិច្ច។
សមត្ថកិច្ចពេលទៅដល់ចំណតរថយន្តបានប្រាប់ឱ្យម្ចាស់រថយន្តតាក់ស៊ីទូរស័ព្ទទៅប្រាប់ម្ចាស់បញ្ញើថា រថយន្តខ្លួនអត់បានចេញទៅសៀមរាបទេ ដូច្នេះឱ្យមកទទួលយកអីវ៉ាន់វិញ។ ពេលម្ចាស់អីវ៉ាន់ឈ្មោះកែវ វណ្ណៈ ទៅទទួលត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទខេទឹកកកចំនួន២ថង់តូច ពណ៌ស និងម៉ូតូម៉ាកវ៉េវពណ៌ឈាមជ្រូកស៊េរីឆ្នាំ២០០៦ មួយគ្រឿង របស់ឈ្មោះប៊ន ភេទប្រុស ជាបក្សពួកកែវ វណ្ណៈ ដែលគេចខ្លួនបាត់។ ជនសង្ស័យបានឆ្លើយសារភាពថា គេប្រព្រឹត្តល្មើសបែបនេះមិនមែនជាលើកទី១ទេ។
លោកអនុសេនីយ៍ឯក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតឱ្យដឹងថា ជនល្មើសរួមទាំងវត្ថុតាងត្រូវជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ ចំពោះបក្សពួកជនល្មើសដែលរត់គេចខ្លួននោះសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕
ចែករំលែកព័តមាននេះ