ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែ​ឪ​ជាប់គុក​បន្សល់​ទុក​កូនរញង់​រស់នៅ​កណ្តោច​កណ្តែង

15 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ក្មេង​ប្រុសស្រី​៥​នាក់បង​ប្អូន​បង្កើត​ដែលក្នុង​នោះ​​មាន​ទាំងកូនភ្លោះ​២​នាក់​ផង​កំពុង​រស់​នៅកណ្តោច​កណ្តែង​អត់​មានមេបា​គ្រប់គ្រង​ឱ្យ​កក់​ក្តៅ​ដូចអ្នកដទៃ ​ពោល​គឺឪពុក​ម្តាយ​កំពុង​រស់នៅក្នុង​ពន្ធនាគារ​ជិត១ឆ្នាំ​មក​ហើយ ​លើ​សំណុំរឿង​បាញ់សម្លាប់​ថៅកែ​លក់​នំប៉័ង​នៅ​ជិត​​ក្រសួង​ការពារ​ជាតិ ។ តាម​ពិតទៅ ថ្វី​បើឪពុក​ម្តាយ​​​​មានកំហុស​ ឬ​មាន​ទោស​សម្រាប់​ពួក​គេ​​ទាំង​៥​នាក់​មិន​មានកំហុស​ទេ តែ​បែរ​ជា​ត្រូវ​រស់​​នៅ​​ទាំង​វេទនាដោយ​ព្រាត់មេ
បា​ទៅវិញ ។

​ក្មេងប្រុស​-ស្រី​៥នាក់បងប្អូន​នោះឈ្មោះ​ម៉ុន​ សុក បញ្ញា​លីន ភេទស្រី អាយុ​១០ឆ្នាំ​ ២-ឈ្មោះ​ម៉ុន សុកជាត្តា ភេទ​ស្រី អាយុ​៧ឆ្នាំ ៣-​ឈ្មោះ​ម៉ុន សុក​បញ្ញា​រិទ្ធ​ ភេទប្រុស អាយុ៥ឆ្នាំ ​៤-​ឈ្មោះ​​ម៉ុន ​សុកបញ្ញា​រាជ្យ ភេទប្រុស ​អាយុ​៣ឆ្នាំ និង​៥-​ឈ្មោះ​ម៉ុន សុកបញ្ញារ៉ុង ​ភេទប្រុស អាយុ​៣ឆ្នាំ ​២​នាក់​ចុងក្រោយ​នេះ​ជា​កូនភ្លោះ ។​​ គួរ​បញ្ជាក់​ថា ​កុមារ​ទាំង​៥នាក់នេះ ជា​កូន​ជន​ដែលត្រូវ​ចោទ​ក្នុងសំណុំរឿង​ឃាត​កម្ម​គិតទុក​ជាមុន​ពាក់​ព័ន្ធ​ក្នុងការបាញ់​សម្លាប់​ថៅកែ​​ហាង​លក់​នំប័ុង​​​នៅ​ផ្សារ​ចោម​ចៅឈ្មោះ​រដ្ឋា អន្តរ​ជាតិ​។ ឪពុក​​របស់ពួកគេ​ឈ្មោះម៉ុន សុកខា ​និង​​ម្តាយឈ្មោះ​សន សោភា ​បានត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថលើផ្ទៃប្រទេស​ចាប់ខ្លួន​នៅថ្ងៃទី៦ វិច្ឆិកា ២០១០ ជាមួយ​​ប្អូនប្រុស​ឈ្មោះ​សន សាវឿន ហៅ​កុក ដែលប្អូន​ប្រុស​នេះ​ និង​​មិត្ត​ភក្តិ​ម្នាក់​ទៀត​បាន​បាញ់​សម្លាប់​ឈ្មោះ​ស៊ឹម រដ្ឋា ថៅ​កែ​ហាង​លក់នំប៉័ង​យីហោ​រដ្ឋា​អន្តរ​ជាតិ​ រួចយក​​សពទៅទំលាក់​​ចោល​​នៅក្បែរ​​របង​ក្រសួង​ការ​ពារជាតិ​ក្នុង​ទឹកដី​ខណ្ឌ​៧មករា ​បន្ទាប់​មក​ប្អូន​ប្រុស​នោះ​បានយករថយន្តឡិចស៊ីស​៤៧០ ពណ៌​ទឹក​មាស​​ទៅ​ប្លុង​ចោលនៅ​ក្បែរ​បុរី​កីឡា​ក្រោយ​អំពើ​ឃាតកម្ម​​ដែល​បានកើត​ឡើង​នៅ​វេលា​រសៀល​ថ្ងៃទី១៥ តុលា ២០១០ ។

​ក្រោយ​ពី​កើត​មាន​អំពើបាញ់​សម្លាប់​ទម្លាក់​សពថៅកែហាងលក់​នំប៉័ង​នោះ សមត្ថកិច្ច​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​ស្រាវជ្រាវ​ និងចាប់​ខ្លួន​ជនដៃដល់២នាក់​ គឺឈ្មោះ​សន សាវឿន​​ហៅ​កុក និងគូកន​ម្នាក់​ទៀត​ ព្រម​ជាមួយ​អ្នក​លក់កាំ​ភ្លើង​រួមទាំង​ឪពុក​ម្តាយ​ក្មេង​ទាំង​​៥នាក់ផង ។ ក្នុងសំណុំរឿង​នោះឈ្មោះ​ម៉ុន សុកខា និង​ឈ្មោះ​សន សោភា ជាប្តី​ប្រពន្ធ​ពាក់ព័ន្ធ​រឿង​ទំនាស់ជាមួយជនរងគ្រោះពី​បញ្ហា​ជួល​ផ្ទះ​ឬ​ទី​តាំង​​ឱ្យ​លោកស៊ឹម រដ្ឋា បើកធ្វើ​ហាង​លក់​នំប៉័ង ​ទើបត្រូវ​បានចាប់ខ្លួនជាមួយ​ប្អូន​បង្កើត​ជាជន​ដៃដល់​​ដាក់ពន្ធនាគារ​រហូតមក ។

​ទោះ​បីជា​យ៉ាង​ណា រឿងក្តី​នេះ​តុលា​ការ​សាលា​ដំបូង​រាជធានី​​ភ្នំពេញ បានចាត់តាំង​ចៅ​ក្រម​ស៊ើប​អង្កេត​​អស់រយៈពេល​ជិត​១ឆ្នាំហើយ ​ហើយឆាប់ៗ​ខាង​មុខនេះ ​តុលា​ការ​នឹងលើក​យក​រឿងនេះ​ទៅ​បើកសវនា​ការ​ផ្តន្ទា​ទោស ។ អ្វី​ដែល​បន្សល់ទុក្ខ​សោកយ៉ាង​ធំ​ធេង​នោះ គឺកូន​តូច​៥​នាក់​របស់​​បុរស​-ស្ត្រីជាប់ឃុំ ​កំពុង​រស់នៅស្នាក់​​អាស្រ័យ​បាយ​ទឹក​ជាមួយញាតិជិត​ខាង​ ។ ពួក​គេ​នៅ​ក្មេង​វ័យពុំទាន់​ដឹង​ពី​អ្វីទាំង​អស់ក្រៅពី​​សួរ​​រកឪពុក​ និងម្តាយឡើយ ។ ពិត​ណាស់​ជន​ដែល​ប្រព្រឹត្ត​ល្មើស​​នឹងច្បាប់ ច្បាប់​តម្រូវ​ផ្តន្ទាទោស​តាម​អំពើ​ដែលគេ​បានធ្វើ ។ ប៉ុន្តែ​បើ​អាចរក​វិធី​ណា​​​មួយឱ្យ​ម្តាយ​បាននៅក្រៅ​ឃុំ​មើល​​ក្មេង​ទាំង​៥នាក់នោះ គឺ​ជា​ការ​ល្អ ដើម្បី​ឱ្យ​គ្នា​មាន​អនាគត​ល្អ​ទៅ​មុខផង ។ តាម​ប្រភព​ព័ត៌​មានពី​មេធាវី​ការពារសិទ្ធិ​ឱ្យ​ជនដែលត្រូវចោទ​​បាន​​ឱ្យ​ដឹងថា ពេលនេះ​ញាតិ​ជិត​ខាង​ដែលទទួល​មើល​ថែ​ទាំ​ក្មេង​ទាំង​នោះ​អស់​លទ្ធ​ភាព​ហើយ​​ ព្រោះ​​គាត់​ជា​មនុស្ស​ចាស់​ជរា​ ដូច្នេះ​ជីវិត​ក្មេង​ទាំង​៥នាក់​នោះមិន​ដឹង​ជា​យ៉ាង​ណា​ទេ ទៅថ្ងៃមុខទៀត ៕