រាជធានីភ្នំពេញ៖ រាជធានីភ្នំពេញនៅតែទទួលបាននូវការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនា ។ ជាក់ស្តែងត្រឹមរយៈពេល ៩ ខែឆ្នាំ២០១៩នេះ រាជធានីភ្នំពេញដ៏ស្រស់ឆើតឆាយទទួលបានភ្ញៀវទេសចរណ៍សរុប ៤.៨១៤.៣០៦នាក់ កើនឡើងប្រមាណ១០% ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួនសរុប ៣.១៥១.៧៩៣នាក់ ក្នុងកំណើន២៧,៤% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៨ កន្លងទៅ ។ ទន្ទឹមនោះភ្ញៀវដែលចូលមកតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញសរុប ១.៥៦៧.៩២៧នាក់ កើនឡើង១២.៧% ។ នេះបើយោងតាមរបាយការណ៍ស្ថានភាពទេសចរណ៍របស់មន្ទីរទេសចរ ណ៍រាជធានីភ្នំពេញ ។
លោកម៉ម វាសនា ប្រធានមន្ទីទេសចរណ៍រាជធានីភ្នំពេញបានឲ្យដឹងថា រាជធានី ភ្នំពេញដែលជាមជ្ឈមណ្ឌលវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយនៅតែជាតំបន់គោលដៅដែលពោរពេញដោយសក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ។ តំបន់រាជធានីភ្នំពេញក៏បានបង្ក ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ដែលអាចស្វែងរកនូវទស្សនីយភាពនិងការកម្សាន្តដ៏ សំបូរបែបដែលបម្រើឲ្យវិស័យទេសចរណ៍ ។
ត្រង់ចំណុចនេះលោកអ្នកប្រាកដជាចង់ដឹងហើយថា តើតំបន់រមណីយដ្ឋានណាខ្លះ នៅក្រុងភ្នំពេញដែលបានទាញស្រូបដួងចិត្តអ្នកទេសចរជាតិនិងអន្តរជាតិដើរលេងកំសាន្តនោះ ? ប្រាកដណាស់ បើតាមលោកម៉ម វាសនាបានឲ្យដឹងថា ចំពោះរមណីយដ្ឋានទេសចរណ៍ដែលមានការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិរួមមាន៖ ព្រះបរមរាជវាំង, សារៈមន្ទីរជាតិ, រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ, ផ្សារធំថ្មី, ផ្សារទួលទំពូង, ផ្សារអូរឫស្សី, វត្តឧណ្ណាលោម, វត្តបុទុមវត្តី, សារមន្ទីរប្រល័យ ពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, ទូកទេសចរណ៍មាត់ទន្លេ, ផ្សាររាត្រី, អគារជំនាន់អាណានិគមនិយមបារាំង, រមណីយដ្ឋានកោះដាច់, សួនសត្វភ្នំពេញសាហ្វារី, រមណីយដ្ឋានភ្នំរាបជាដើម ។
លោកប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានបញ្ជាក់ថា នៅជុំវិញរាជធានីភ្នំពេញ
ចម្ងាយប្រមាណ៤០គីឡូម៉ែត្រក៏សំបូរទៅដោយ រមណីយដ្ឋានដ៏ទាក់ទាញជាច្រើនសម្រាប់
ភ្ញៀវទេសចរផងដែរក្នុងនោះរួមមាន រមណីយ ដ្ឋានភ្នំឧត្តុង្គ, សួនសត្វភ្នំតាម៉ៅ, រមណីយដ្ឋាន
ទន្លេបាទី, រមណីយដ្ឋានភ្នំជីសូរ, រមណីយដ្ឋាន វត្តកៀនស្វាយក្រៅ រួមទាំងរមណីយដ្ឋានមួយ
ចំនួនទៀត ។
ពាក់ព័ន្ធនឹងបញ្ហាប្រឈមមួយចំនូនដែលទាមទារឲ្យមានការចូលរួមពីសំណាក់ អាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋផ្ទាល់នោះ គឺបញ្ហាកកស្ទះចរាចរណ៍តែម្តង។ លោកប្រធាន បានបន្តថាការកកស្ទះចរាចរនៅតែជាបញ្ហាប្រឈម ហើយត្រូវរួមគ្នាដោះស្រាយជាបន្ទាន់ ខណៈបញ្ហានេះវាផ្តើមចេញពីកត្តារួមទាំងមូលហេតុជាច្រើនដូចជា ដោយសារកំណើន សេដ្ឋកិច្ចនិងឱកាសការងារបានធ្វើឲ្យរាជធានីភ្នំពេញនៅតែជាគោលដៅចម្បងរបស់ប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកស្វែងរកឱកាសការងារ, អាជីវកម្ម, អបរំ និងសុខាភិបាលជាដើម ។ល។ បានធ្វើអោយកំណើនប្រជាជនរស់នៅនិងធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃក្នុងរាជធានី ភ្នំពេញមានការកើនឡើង ធ្វើអោយស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញមានភាពមមាញឹក និងកកស្ទះនៅតាមតំបន់ទីប្រជុំជននានា ជាពិសេសតាមតំបន់ទេសចរណ៍ ក្នុងពេលមានពិធី បុណ្យធំៗ ដែលធ្វើអោយប៉ះពាល់ដល់ការធ្វើដំណើរ និងកម្សាន្តរបស់ភ្ញៀវទេសចរណ៍ ។
លោកម៉មវាសនាបន្តថាអាស្រ័យដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសាលារាជធានីភ្នំពេញ បានកសាងនូវស្ពានអាកាស, ផ្លូវគមនាគមន៍នានា ក៏ដូចជាផ្លូវរថភ្លើងទៅព្រលាន យន្តហោះ និងកាណូតដឹកអ្នកដំណើរ ។ល។ យើងឃើញថា បញ្ហាកកស្ទះចរាចរមួយចំនួនធំត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធិភាពតែបញ្ហាដែលនៅសេសសល់គឺ «ការចតយានយន្តនៅលើទ្រូងផ្លូវ, ការប្រកបអាជីវកម្មនៅលើចំណែកផ្លូវថ្មើជើង, ខ្វះខាតចំណតនៅតាមរមណីយដ្ឋានទេសចរណ៍ដែលនៅតែបានបង្កនូវការកកស្ទះ និងបាត់បង់សណ្ដាប់ធ្នាប់ ក្នុងពេលដែលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើដំណើរកម្សាន្តច្រើន»។
លោកបានបន្ថែមថារាជធានីភ្នំពេញក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀតផង ដែរ សំខាន់បញ្ហាបរិស្ថាន អនាម័យដែលទាមទារឲ្យអាជ្ញាធរ និងភ្នាក់ងារពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ត្រូវរួមគ្នាសម្អាត និងថែរក្សាអនាម័យបរិស្ថានដើម្បីរក្សាកំណើនភ្ញៀវ ទេសចរ និងភាពសុខដុមរមនានៃប្រជាពលរដ្ឋយើងទាំងអស់គ្នា ។ បញ្ហាសន្តិសុខនិងសុវត្ថិ ភាពភ្ញៀវទេសចរណ៍ក៏ជាបញ្ហាប្រឈមផងដែរ ដែលទាមទារអោយមានការចាត់វិធានការ នានាជាបន្ទាន់ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរ ក្នុងនោះតំបន់ដែលតែងកើត មាននូវបទល្មើសជាក់ស្ដែងទៅលើភ្ញៀវទេសចរមានដូចជា ខណ្ឌដូនពេញ ចំការមន និង ៧មករា ។
សូមជម្រាបថា រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលវប្បធម៌ សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការទូត និងទេសចរណ៍ មានទីតាំងស្ថិតនៅចំកណ្ដាលឈៀងខាងត្បូង នៃព្រះ រាជាណាចក្រកម្ពុជា គ្រប់ដណ្ដប់លើផ្ទៃដី ៦៩២.៦៤ គីឡូ- ម៉ែត្រក្រឡា ចែកចេញជា ១៤ ខណ្ឌ និង ១០៥ សង្កាត់ និង៩៥៣ ភូមិ មានប្រជាជនសរុប ៣លាននាក់, ដង់ស៊ីតេ ២,២១៦ នាក់/គម២ ។ តាមគោលនយោបាយទេសចរណ៍ជាតិចេញដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថារាជធានីភ្នំពេញ និងតំបន់ជុំវិញ (កណ្ដាល, កំពង់ស្ពឺ, កំពង់ចាម, តាកែវ, ព្រៃវែង, ស្វាយរៀង, ត្បូងឃ្មុំ, កំពង់ឆ្នាំង) គឺតំបន់ជាប៉ូលទេសចរណ៍មួយក្នុងចំណោម តំបន់ប៉ូលទេសចរណ៍ទាំង ៤ រួមមាន សៀមរាប ក្រុងព្រះសីហនុ និងតំបន់ភាគឥ្ត្យសាន ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ