តើអ្នកកំពុងតែមានការពិបាកក្នុងការគេង ឬឧស្សាហ៍ភ្ញាក់នៅកណ្តាលយប់ដែរទេ? ការដែលទទួលបានការគេងគ្រប់គ្រាន់គឺជារឿងសំខាន់មួយសម្រាប់សុខភាព។ បញ្ហាសុខភាបខ្លះដូចជា ការធាត់ជ្រុល ស្ត្រេសច្រើនពេក លើសសម្ពាធឈាម ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែមប្រភេទទី២ ប្រហែលជាបណ្តាលឲ្យមានបញ្ហាគេងមិនលក់ធ្ងន់ធ្ងរដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មុនពេលអ្នកសម្រេចចិត្តទិញថ្នាំងងុយគេងមកប្រើ យកល្អគួរតែពិនិត្យរបបអាហារ និងព្យាយាមបញ្ចូលអាហារខាងក្រោមនេះក្នុងមាត់ឲ្យបានច្រើនវិញទៅ ព្រោះវាត្រូវបានគេរកឃើញថាអាចជំរុញដល់ការគេងលក់បានយ៉ាងស្កប់ស្កល។
១-ផ្លែចេក ៖ ចូរញ៉ាំផ្លែចេកមួយផ្លែជារៀងរាល់ល្ងាចមុនពេលគេង។ បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ចូរញ៉ាំតែពាក់កណ្តាលបានហើយ។ ផ្លែចេកសម្បូរជាតិប៉ូតាស្យូមដែលអាចជួយដល់ការបង្ការការរមួលក្រពើនៅពេលយប់បាន។ ជាតិម៉ាញ៉េស្យូមក្នុងផ្លែចេកក៏អាចជួយឲ្យសាច់ដុំធូ និងគេងលក់កាន់តែស្កបស្កលបានដែរ។ ការញ៉ាំផ្លែចេកមួយគេងនឹងជួយប្រឆាំងការគេងមិនលក់ដោយសារតែការឡើងខ្ពស់នៃសារធាតុ Tryptophan ផង។
២-ត្រីសាលម៉ុង ៖ យោងទៅតាមការសិក្សាបានឲ្យដឹងថា ត្រីសាលម៉ុងសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចបន្ថយកម្រិតនៃភាពស្ត្រេស និងជួយឲ្យរាងកាយមានភាពធូរស្រាលច្រើន។ លើសពីនេះទៅទៀត វាផ្ទុកទៅដោយវីតាមីន B6 ដែលជួយបង្កើនការភ្ញោចដល់អ័រម៉ូនងងុយគេង Melatonin បាន។ ប្រូតេអ៊ីនដ៏ច្រើនរបស់ត្រីនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតនៅពេលយប់។ តាមការសិក្សាថ្មីបានបង្ហាញថា អ្នកដែលញ៉ាំត្រីសាលម៉ុងជាទៀងទាត់គឺមានកម្រិតវីតាមីន D ខ្ពស់ ព្រមទាំងជម្រុញដល់ការគេងដ៏ល្អទៀតផង។
៣-យ៉ាអួ ៖ បើសិនជាអ្នកកង្វះជាតិកាលស្យូម អ្នកប្រហែលជាពិបាកក្នុងការគេងលក់បន្តិចហើយ។ ដើម្បីផ្តល់ជាតិកាលស្យូមដល់រាងកាយគ្រប់គ្រាន់ ចូរប្រាកដថា អ្នកបានញ៉ាំទឹកដោះគោ យ៉ាអួ និងផលិតផលធ្វើពីទឹកដោះគោផ្សេងៗទៀត។
៤-ផ្លែឈើរី ៖ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ផ្លែឈើរីក៏មានប្រយោជន៍ក្នុងការជំរុញដល់ភាពងងុយគេងបានដែរ។ ទឹកផ្លែឈើរីមួយកែវ (២៥០មីលីលីត្រ) ប្រហែលជាបង្កើនចំនួនអ័រម៉ូន Melatonin ដែលជាអ័រម៉ូនងងុយគេងក្នុងឈាមដែរ។ ដូច្នេះការគេងនឹងមានប្រសិទ្ធភាពកាន់តែល្អ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ