រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានក្រៅផ្លូវការ និងជាជំហានដំបូងបានឱ្យដឹងថា ជនជាតិវៀតណាម និងជនជាតិឡាវ ចំនួន៦នាក់ ត្រូវបានចាប់ខ្លួន និងដកហូតបានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៤៤សុង ស្មើនឹង៨៨.០០០គ្រាប់ ម៉ាទឹកកកចំនួន៣ដុំ ស្មើនឹង៣គីឡូក្រាម នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និងឆែកឆេរលំនៅឋានលេខ៦Eo ក្រុមទី១២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី ១១ មីនា ។
ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយនេះ ធ្វើឡើងដោយសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយប៉ូលិសខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោកសុខ រឿង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ ទោះបីជាយ៉ាងណាពុំមានព័ត៌មានដែលត្រូវបានអះអាងជាផ្លូវការ ទាក់ទិននឹងការបង្ក្រាបគ្រឿងញៀននេះនៅឡើយទេ ដោយសារសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនបក្សពួកដែលពាក់ព័ន្ធបន្តទៀត ។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការនេះត្រូវគេទំលាយឱ្យដឹងថា ១-ឈ្មោះការីណា ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិឡាវ ២-ឈ្មោះកៅ ធីមៀចនី ភេទស្រី អាយុ២៩ឆ្នាំ ៣-ឈ្មោះវឹង ធីហ្វីន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ៤-ឈ្មោះរ៉េត ណារ៉ុង ហៅរ៉េត ប៊ុនណាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម ៥-ឈ្មោះយៀក វៀតឡាម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម និង៦-ឈ្មោះយឹង ហៃលី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម ។
តាមព័ត៌មានក្រៅផ្លូវការដដែលឱ្យដឹងថា នៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១១ មីនា សមត្ថកិច្ចចំរុះរបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានចុះសហការជាមួយប៉ូលិសខណ្ឌឫស្សីកែវ និងប៉ុស្តិ៍ទួលសង្កែ ក្រោមការដឹកនាំរបស់លោកព្រះរាជអាជ្ញារង សុខ រឿន បានឆ្មក់ចូលឆែកឆេរលំនៅឋានលេខ 6Eo ស្ថិតនៅក្រុមទី១២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ។ តាមព័ត៌មានបន្តទៀតថា មុនពេលចុះឆែកឆេរលំនៅឋាន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវចាប់ខ្លួនបានបក្សពួកជួញដូរគ្រឿងញៀន ហើយក៏បាននាំទៅឆែកឆេរលំនៅឋានខាងលើទាំងយប់តែម្តង ។
តាមប្រភពដដែលបានឱ្យដឹងថា នៅក្នុងការឆែកឆេរនេះសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទយ៉ាម៉ានិងម៉ាទឹកកក ។ ក្រៅពីនោះសមត្ថកិច្ចដកហូតរថយន្តម៉ាកមែរសឺដេស ចំនួន២គ្រឿង ម៉ូតូមួយគ្រឿង និងថវិកាមួយចំនួន ព្រមទាំងឃាត់ខ្លួនមនុស្សចំនួន៦នាក់ ។ វត្ថុតាងគ្រឿងញៀនរួមជាមួយជនដែលត្រូវឃាត់ខ្លួន សមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវបន្តទៀត។ នេះជាការបង្ក្រាបទ្រង់ទ្រាយធំមួយទៀតគួរឱ្យកត់សំគាល់នៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដែលកំពុងតែប្រព្រឹត្តទៅយ៉ាងក្តៅគគុកទូទាំងប្រទេសនេះ ៕
ចែករំលែកព័តមាននេះ