ខេត្តកណ្តាល ៖ ជីរណា ឬជីស្លឹកវែងបានធ្វើឲ្យកសិករដោះស្រាយជីវភាពបានមួយកម្រិតនៅពេលត្រូវថ្លៃក្នុងរដូវប្រមូលម្តងៗ ។ នេះ បើតាមសម្តីរបស់កសិករម្នាក់កំពុងប្រមូលផល ឬកាត់ជីរណា ។
ដោយកំពុងប្រមូលផលជីដែលកាត់រួចពីកម្មករស៊ីឈ្នួលកំពុងកាត់ក្នុងកសិដ្ឋាន លោក លីម ហុង រស់នៅក្នុងភូមិនសំប៉ាន់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាលបានឲ្យដឹងថា ជីរណា ដែលគាត់កាត់លក់ឲ្យម៉ូយមានតម្លៃជាងរាល់ថ្ងៃ ដោយមានម៉ូយច្រើនមកទិញបន្តិចៗម្នាក់ ខ្លះ២០ ឬ៣០ ឬលើសពីនេះ ដោយក្នុងមួយគីឡូ៣០០០ទៅ៣៥០០រៀល ។ ជីនេះដាំក្នុងទំហំជាង៣០អា ដោយចំណាយដើមទុនក្នុងការដាំដុះមានទិញដើមឬស្ស៊ីសម្រាប់បោះបង្គោល និងស្បៃសរុបទាំងអស់ប្រមាណ៥ពាន់ដុល្លារ ដោយបង្គោលឬស្សីមួយដើមថ្លៃ៣០០០រៀល ចំណែកស្បៃមួយកី ឬមួយដុំតម្លៃ៥០ដុល្លារ ។
លោកក៏បានឲ្យដឹងទៀតថា គ្រាប់ជីដែលទិញមកដាំមួយគីឡូ៣០ម៉ឺនរៀល ឬលើសពីនេះក៏មាន ។ ប៉ុន្តែជីដែលគាត់ដាំនេះជាពូជដែលទុកខ្លួនឯង ដូច្នេះមានភាពងាយស្រួលមួយកម្រិត ក្នុងការមិនចំនាញទៅលើគ្រាប់ពូជ ។ លោកបានឲ្យដឹងទៀតថា ជីរណាមានរយៈពេល៣ខែ ឬលើសពីនេះទើបទទួលបានផល ឬអាចកាត់លក់ឲ្យម៉ូយបាន ។ ប៉ុន្តែមុននឹងទទួលបានផលលោកក៏បានចំណាយលើកម្មករដកស្មៅ និងដាក់ជីអ៊ុយរ៉េ និងបាញ់ផ្នាំសម្លាប់សត្វល្អិតផងដែរដើម្បីឲ្យឆាប់លូតបានវែងរហូតឈានដល់កាត់ទៅលក់ ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំបានបាចគ្រាប់ពូជដោយដីមួយអា ប្រើគ្រាប់មួយគីឡូតែគេខ្លះមិនដាក់ច្រើនដូចខ្ញុំទេ គឺដាក់លើសកន្លះគីឡូ ឬលើសពីនេះតិចតួចប៉ុណ្ណោះ ។ ខ្ញុំដាំ បានស្រោចទឹក ដាក់ជីស (ជីអ៊ុយរ៉េ ឬជីក្រហម) ដើម្បីឲ្យវាឆាប់លូតបានលឿន ។ ហើយដីដែលខ្ញុំដាំ និងកំពុងកាត់នេះមានជាង៣០អា ដោយបានកាត់លក់ជាបណ្តើរៗហើយ» ។
កសិករដដែលក៏បានលើកឡើងទៀតថា ជីដែលគាត់ដាំអាចកាត់សារចុះឡើងរហូតដល់១០សារ ឬដង នៅពេលកាត់រួចហើយគាត់ស្រោចទឹក និងដាក់ជីស ដើម្បីឲ្យវាឆាប់លូត ។ លោកបានប្រើប្រាស់ឈ្នួលមកកាត់ជាច្រើននាក់ក្នុងរយៈពេលមួយថ្ងៃៗក្នុងតម្លៃ២០០០០រៀល ទៅ២៥០០០រៀល ។ ប៉ុន្តែដោយសារតម្រូវការម៉ូតមានកម្រិត ស្របពេលជីចុះថ្លៃផងនោះលោកបានប្រើប្រាស់កម្លាំងពលកម្មតែរយៈពេលមួយព្រឹកនោះទេ ។
ជាមួយគ្នានោះដែរ កសិករដដែលក៏បានឲ្យដឹងថា រយៈពេល៤ ឬ៥ខែកន្លងមកជីរណានេះមានហាងឆេង ឬតម្លៃថ្លៃគួរសមដោយតម្លៃរហូតដល់៧០០០រៀល ប៉ុន្តែឥឡូវធ្លាក់ចុះមកត្រឹមតែ៣០០០រៀល ឬ៣៥០០រៀលប៉ុណ្ណោះ ហើយពេលខ្លះក្នុងការកដាំជីរណានេះ តម្លៃក៏ធ្លាក់មកត្រឹម១០០០រៀលក៏មាន ។ លោកក៏បានស្នើឲ្យថ្នាក់ដឹកនាំជួយគិតគូរដល់តម្លៃជីរណានេះផងដែរ ព្រោះថា បើសិនជាធ្លាក់ថ្លៃពេកលោកពិតជាពិបាកក្នុងដាំដុះជីរណានេះ ពិសេសនោះគួរពិរចារណាបិទការនាំចូលរជីរណានេះ ពីប្រទេសជិតខាងផងដែរ៕
ចែករំលែកព័តមាននេះ