ប្រទេសប៉ាគីស្ថាន ៖ អតីតប្រធានាធិបតីនិងឧត្ដមសេនីយប៉ាគីស្ថាន លោកព័រវេសមូសារ៉ាហ្វ ដែលរស់នៅនីរទេសនាទីក្រុងឌូបៃ កាលពីថ្ងៃទី១៧ ខែធ្នូ ត្រូវកាត់ទោសប្រហារជីវិតដោយកំបាំងមុខពីបទក្បត់ខ្ពស់ ជាសាលក្រមមួយដែលអតីតប្រមុខយោធាដ៏ខ្លាំងនោះ បរិហារថាជាការកាត់ក្ដីមិនត្រឹមត្រូវរបស់តុលាការ។
លោកអាក់តាសាហ៍ មេធាវីរបស់លោកមូសារ៉ាហ្វនិយាយថា ការកាត់ទោសឥស្សរជនសំខាន់មួយរូបនៃប្រវត្តិសាស្ត្ររបស់ប្រទេស ផ្ដោតលើការសម្រេចរបស់លោកកាលពីថ្ងៃទី៣ វិច្ឆិកាឆ្នាំ២០០៧ ចេញការប្រកាសអាសន្នក្នុងប្រទេស។ អតីតប្រធានាធិបតីរូបនោះពុំបានធ្វើអ្វីអាក្រក់ឡើយ។
ក្នុងសេចក្ដីប្រកាសមូយកងទ័ពប៉ាគីស្ថានរិះគន់ថា លោកព័រវេសមូសារ៉ាហ្វដែលជាអ្នកធ្លាប់ប្រឡូកក្នុងសង្គ្រាមនានា ដើម្បីការពារប្រទេស ពិតណាស់មិនអាចប្រព្រឹត្តអំពើក្បត់មួយឡើយ។
ចំណែកអគ្គរដ្ឋអាជ្ញាលោកអានវ៉ាម៉ានសូរខាន់ ដែលតែងតាំង ដោយរដ្ឋាភិបាលប៉ាគីស្ថានរបស់នាយករដ្ឋមន្ត្រីលោកអ៊ីមរ៉ានខាន់ វាយតម្លៃថា ការវិនិច្ឆ័យរបស់តុលាការពិសេសត្រូវបានប្រកាសផ្ទុយពីរដ្ឋធម្មនុញ្ញ។ ក្នុងសន្និសីទសារព័ត៌មានមួយលោកនិយាយថា មនុស្សម្នាក់ៗមានសិទ្ធិទទួលការកាត់ក្ដីដោយយុត្តិធម៌។
លោកមូសារ៉ាហ្វធ្លាប់ការពារឯកភាពជាតិ ប្រឈមមុខនឹងភេរវកម្មអ៊ិស្លាមនិយម តែលោកត្រូវបានតុលាការកំពូលបដិសេធ ភាពស្របច្បាប់នៃការជាប់ឆ្នោតថ្មីរបស់លោកដោយសារលោកផ្អាករដ្ឋធម្មនុញ្ញ។ នោះជាវិធានការដែលនាំឲ្យលោកបាត់បង់់ប្រជាប្រិយភាព ហើយជាមូលហេតុនៃការចុះចេញពីតំណែងរបស់លោកមួយឆ្នាំក្រោយមក។
ពេលនេះមានអាយុ៧៦ឆ្នាំ លោកមូសារ៉ាហ្វបានឡើងកាន់អំណាច ដោយសាររដ្ឋប្រហារយោធាមិនបង្ហូរឈាមមួយ កាលពីខែតុលាឆ្នាំ១៩៩៩ បន្ទាប់មកប្រកាសខ្លួនឯងជាប្រធានាធិបតី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ