ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ត្រូវ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ដោយ​គ្មាន​ការ​រើសអើង​អ្នកមាន​ អ្នកក្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន មាន​ប្រសាសន៍​ថា គ្រូពេទ្យ​ត្រូវ​ទទួលស្គាល់​នូវ​ការ​ខ្វះខាត​ដែល​ជា​ការ​ត្អូញត្អែ​រ​របស់​ប្រជាពលរដ្ឋ​នោះ​គឺ​«​ក្រមសីលធម៌ វិជ្ជាជីវៈ​»ឥរិយាបថ​ដែល​ប្រព្រឹត្ត​ចំពោះ​អ្នកជំងឺ ដោយ គ្មាន​ការ​រើសអើង​បែក​ចែក​ទេ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន មាន​ប្រសាសន៍​ថា គ្រូពេទ្យ​ត្រូវ​ទទួលស្គាល់​នូវ​ការ​ខ្វះខាត​ដែល​ជា​ការ​ត្អូញត្អែ​រ​របស់​ប្រជាពលរដ្ឋ​នោះ​គឺ​«​ក្រមសីលធម៌ វិជ្ជាជីវៈ​»ឥរិយាបថ​ដែល​ប្រព្រឹត្ត​ចំពោះ​អ្នកជំងឺ ដោយ គ្មាន​ការ​រើសអើង​បែក​ចែក​ទេ ជីវិត​មនុស្ស​មិន​ថា​អ្នកមាន មិន​ថា​អ្នកក្រ គឺ​ជីវិត​តែ​មួយ​ដូច​គ្នា ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​ទៀត​ថា យើង​មាន​ទាំង​ពេទ្យ​រដ្ឋ មាន​ទាំង​គ្លីនិក​ឯកជន ដូច្នេះ​សូមកុំ​ដណ្ដើម​អ្នកជំងឺ​គ្នា ។បើ​ដណ្ដើម​អ្នកជំងឺ​គ្នា សូម​ឱ្យ​មានការ​ទទួលខុស​ត្រូវ​ពី​ដើម​រហូត​ដល់​ចប់ ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ នៅ​មជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្រុង​ពិធី​ប្រគល់​សញ្ញាប​ត្រ​ដល់​និស្សិត​ជ័យ​លា​ភី​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន​២.៥៨៨​នាក់ ដែលបាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ។ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា គ្លីនិក​ឯកជន​ដណ្ដើម​អ្នកជំងឺ​ព្យាបាល លុះដល់​ថ្នាក់​សង្គ្រោះ
លែង​បាន​ហើយ ចាប់ផ្ដើម​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ ដល់​អ្នកជំងឺ​ស្លាប់​នៅ​មន្ទីរពេទ្យ​រដ្ឋ ធ្វើ​ឲ្យ​ប្រជាជន​មានការ​ថ្នាំងថ្នាក់ ហើយ​ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ករណី​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បានព្រមាន​មន្ទីរពេទ្យ​ណា​ក៏​ដោយ គឺ​ត្រូវ​ចេះ​ទទួលខុស​ត្រូវ​តាំងពី​ដើម​ដល់​ចប់ ។ បើ​អ្នកឯង​ទទួល​មិន​បាន​ទេ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ ។ ជួនកាល​ចាប់​ទទួល​ព្យាបាល​អ្នកជំងឺ​បាន​ពីរ​បី​ថ្ងៃ​យក​លុយ​គេ​អស់​មិន​តិច រួច​ចាំ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ណាមួយ រួច​ហើយ​ស្លាប់​តាម​ផ្លូវ​ក៏​មាន​ដែរ ។ក្រសួងសុខាភិបាល​ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ហ្មត់ចត់ បើ​មិន​ដូច្នោះ​ទេ​ចេះ​តែ​ថា​ស្រួលយក​​អ្នកជំងឺ​ទៅ​ព្យាបាល ដល់​ព្យាបាល​មិនជា បញ្ជូន​ទៅ​ឲ្យ​ស្លាប់​នៅ​កន្លែង​រដ្ឋ ។ ដូច្នេះ​គ្រាន់តែ​ជា​​កន្លែង​មួយ​ចុង​ក្រោយ នេះ​គឺជា​រឿង​មួយ​ដែល​មិន​គប្បី​ទេ អ្នក​ទទួលខុសត្រូវ​ព្យាបាល​អ្នកជំងឺ​នៅ​តាម​គ្លីនិក​ឯកជន ។

ទន្ទឹម​នឹង​ការ​រីក​ចម្រើន អ្វី​ដែល​ខ្ញុំ​សំណូមពរ​និង​សុំ​បន្ត​សម្រាប់​គ្រូពេទ្យ ទាំង​គ្រូពេទ្យ​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ទាំង​គ្រូពេទ្យ​នៅ​ទី​នេះ យើង​ត្រូវ​មើលឲ្យ​ឃើញ ។ ទន្ទឹម​នឹង​មាន​វឌ្ឍនភាព យើង​ក៏​ត្រូវទទួលស្គាល់​ចំណុច​ខ្វះខាត​ដែល​ជា​ការ​ត្អូញត្អែរ របស់​ប្រជាពលរដ្ឋ​របស់​យើង គឺ​ក្រមសីលធម៌​វិជ្ជាជីវៈ ។ ចំណុច​នេះ គឺជា​ចំណុច​ដែល​គ្រូពេទ្យ​ទាំងអស់​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ដែល​បាន​ប្រព្រឹត្ត​ចំពោះ​អ្នកជំងឺ ហើយ​បង្កើត​ទៅ​ជា​ពាក្យ​សម្ដី​ត្រី​មួយ​កន្ត្រក​បើ​ស្អុយ​មួយ​គឺ​ស្អុយ​ទាំងអស់ ។ ដូច្នេះ គ្រូពេទ្យ​ត្រូវ​យកចិត្តទុកដាក់​ថែម​ទៀតចំពោះ​អ្នក​ក្រីក្រ ដោយសារ​តែ​គាត់​ក្រ​ហើយ​ទើប​គាត់​មក​រក​យើង ។ ចំពោះ​អ្នក​ដែល​មាន​ប្រាក់កាស គេ​ទៅ​រកម​ន្ទី​ពេទ្យ​ឯ​ប្រទេស​ក្រៅ​ហើយ ឬ​ក៏​នៅ​មន្ទីរពេទ្យ​ណា​ដែល​មាន​សេវា​ឯកជន ។

អ្នក​ក្រីក្រ​នេះ​ហើយ​ដែល​មក​ពឹងពាក់​យើង យើងត្រូវ​តែ​ផ្ដល់​នូវ​ការ​អាណិត​ស្រឡាញ់ យកចិត្តទុកដាក់​ថែទាំ​ព្យាបាល​គាត់​ឲ្យ​អស់​លទ្ធភាព ។សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ត្រូវ​ខិតខំ​ធ្វើ​ទៅ​លើ​បញ្ហា​នេះ បើសិនជា​បញ្ហា​ហ្នឹង​មិន​ត្រូវ​បាន​កែប្រែ​ទេ បើ​ទោះជា​បំពាក់​រាប់រយ​រាប់​ពាន់​លាន​ដុល្លារ​ថែម​ទៀត វា​ក៏​នៅ​តែ​មាន​បញ្ហា​ពាក្យ​សម្តី​ត្អូញត្អែរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែរ​។ ដូច្នេះ ទោះបីជា​គ្រូពេទ្យ​ក្នុង​ផ្នែក​រដ្ឋ ឬ​គ្រូពេទ្យ​ក្នុង​វិស័យ​ឯកជន​ត្រូវ​គិត កុំ​យក​លុយ​ជា​ធំ ត្រូវ​យក​ជីវិត​ប្រជាជន​ធ្វើ​ជា​ធំ រឿង​លុយ​រឿង​កាក់​ទុក​ក្រោយ ធ្វើ​យ៉ាងម៉េច​ព្យាបាល​ជំងឺ ដោះស្រាយ​បញ្ហា​ការ​ព្យាបាល​ជូន​គាត់​សិន កុំ​ឃើញ​គាត់​អត់​មាន​ប្រាក់​បញ្ជូន​គាត់​ទៅ​កន្លែង​ផ្សេង ។

រឿង​ដែល​ដណ្ដើម​គ្នា​គឺ​នៅ​ត្រង់​កន្លែង​ហ្នឹង អ្នក​ដែល​អត់​មាន​ប្រាក់​ឲ្យ​ទៅ​រក​គេ​ផ្សេង ។ អ្នក​ដែល​មាន​ប្រាក់​ដណ្ដើម​គ្នា​ទុក ដល់​ពេល​សង្គ្រោះ​លែង​បាន ចាប់​តាំង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ ។ ដូច្នេះ​សុំ​ឱ្យ​គ្រប់​មន្ទីរពេទ្យ ទាំង​មន្ទីរពេទ្យ​រដ្ឋ​ទាំង​មន្ទីរពេទ្យ​ឯកជន ធ្វើ​សកម្មភាព​ឱ្យ​ស្រប​នឹង​សីលធម៌ សកម្មភាព​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ធំ មិនមែន​បញ្ហា​លុយកាក់​ទេ ។ ខ្ញុំ​សង្ឃឹមថា​យើង​អាច​ធ្វើ​បាន យើង​ជា​គ្រូពេទ្យ យើង​ចង់​សង្គ្រោះ​មនុស្ស ។ សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា បើ​មិន​ជឿ​ធ្វើ​សម្ភាសន៍​សួរ​លោកគ្រូ​ពេទ្យ​១០០​នាក់ ឆ្លើយ​ដូច​គ្នា ខ្ញុំ​ចង់​ជួយ​សង្គ្រោះ​ទើប​ខ្ញុំ​ចង់​រៀន​ពេទ្យ ។ សាកសួរ​មើល ហើយ​សួរ​ក្រុម​និស្សិត ហេតុ​អី្វបាន​ចង់​ចូល​រៀន​ពេទ្យ ចង់​រៀន​ពេទ្យ​មក​ពី​អ្វី ចម្លើយ​សុទ្ធតែ​ឆ្លើយ​ថា ខ្ញុំ​ចង់​ជួយ​ជីវិត​មនុស្ស ។

ដល់​ពេល​យើង​បានជា​គ្រូពេទ្យ​ហើយ ហេតុ​អ្វី​បានជា​មិន​យកចិត្តទុកដាក់​ទៅ​លើ​គោលដៅ​ដើម​របស់​យើង ដែល​យើង​ចង់​សង្គ្រោះ​ជីវិត​មនុស្ស បែរជា​យើង​មើលឃើញ​ប្រាក់​ថ្លៃ​ជាង​ជីវិត​មនុស្ស ឬ​យើង​ប្រើ​ឥរិយា បថ​មិន​សមរម្យ ។ ខ្ញុំ​នៅ​តែ​បន្ត​និយាយ​រឿង​គ្រូពេទ្យ​កោសខ្យល់ មិនមែន​ជា​ការ​ប្រមាថ​ចំពោះ​គ្រូពេទ្យ​ទេ ក៏​ប៉ុន្តែ​សម័យ​មុន​នោះ យើង​មាន​មណ្ឌល​សុខភាព​ច្រើន​ប៉ុន្តែ​អត់​មាន​ថ្នាំពេទ្យ​ទេ ។

ដូច្នេះ ​ជា​គុណធម៌​របស់​គ្រូពេទ្យ​ដូច​ជា​ខ្វះ​ថ្នាំ​ព្យាបាល គ្រូពេទ្យ​ក្លាយជា​អ្នក​កោសខ្យល់​ឱ្យ​អ្នកជំងឺ ។ ខ្ញុំ​និយាយថា ​គ្រូពេទ្យ​កោះ​ខ្យល់ សំដៅ​ទៅ​លើ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកជំងឺ ដោយសារ​តែ​ខ្លួន​គ្មាន​មធ្យោ​បាយ ដូច្នេះ​វិធី​ដែល​នៅ​សេសសល់ អ្នកគ្រូពេទ្យ​ជនបទ​កោសខ្យល់​ជូន​អ្នកជំងឺ ។ ឥឡូវ​វិទ្យាសាស្ត្រ កាន់តែ​ទំនើប កុំ​ឃើញ​គេ​ខោ មិន ខោ អាវ​មិន​អាវ គឺ​ខោ​មិន​ខោអាវ​មិន​អាវ​នោះ​ហើយ​ដែល​គ្រូពេទ្យ​យើង​ត្រូវ​យកចិត្តទុកដាក់ ។

យើង​ទាំងអស់​គ្នា​នេះ ដែល​ឪពុក​ម្ដាយ​របស់​ក្មួយ​ៗ​ចៅ​ៗ គ្មាន​អ្នក​ណា​កើតមក​ជា​អ្នកមាន​ទេ ជំនាន់ ប៉ុ​ល ពត ចេញ​មក​គឺ​ក្រទាំង​អស់​គ្នា​ទេ ។ ឥឡូវ​យើង​ចាប់ផ្ដើម​មាន​លទ្ធភាព​ហើយ ក៏​ប៉ុន្តែ​យើង​ក៏​នៅ​សេសសល់​អ្នក​ក្រីក្រ​របស់​យើង​ប្រមាណ​ជា​១០% នោះ​ហើយ​ជា​គោលដៅ​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ ។ ក្រៅពី​អត្រា​១០​ភាគរយ​អ្នក​ក្រីក្រ ក៏​នៅមាន​អ្នក​គម្លាត​ពី​ខ្សែបន្ទាត់​ជិត​អ្នក​ក្រីក្រ​មិន​ខ្ពស់ពេក អ្នក​នោះ​ហើយ​ជា​គោលដៅ​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ ។ ស្ត្រី​ដែល​ក្រីក្រ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​និង​ផ្ដល់​ថវិកា​៤​ដង​មុន​ពេល​សម្រាល​។

ពេល​សម្រាល​ត្រូវ​សម្រាល​នៅ​មន្ទីរពេទ្យ ដោយ​គ្មាន​បង់ប្រាក់ និង​ត្រូវ​បាន​យើង​ឧបត្ថម្ភ​បន្ថែម​ទៀត ។ បន្ទាប់​ទៅ​ផ្ដល់​៨​ដង​មុន​ពេល​កូន​អាយុ​២​ឆ្នាំ ។ នេះ​ជា​គោលនយោបាយ​លើ​វិស័យ​សង្គម​ដែល​យើង​បាន​អនុវត្ត ។សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​នៅ​តែ​និយាយ​ស្នើ​សុំ​ឲ្យ​មានការ​យកចិត្តទុកដាក់ អ្វី​ក៏​ដោយ​បើ​គ្មាន​សីលធម៌​គ្រប់គ្រង​ទេ ច្បាស់​ជា​មិន​អាច​ជោគជ័យ​បាន​ទេ ។ យើង​នៅ​តែ​ទទួល​ការ​រិះគន់ ពី​សំណាក់​ប្រជាពលរដ្ឋ​របស់​យើង ៕

អត្ថបទសរសេរ ដោយ