រាជធានីភ្នំពេញ ៖ មេធាវីការពារក្តីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា សហមេធាវីបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការតតាំងការពារក្តីក្នុងសំណុំរឿងកូនក្តីរបស់ខ្លួន ដែលតុលាការបានសម្រេចបើកសវនាការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខ ។
លោក ចាន់ ចេន សហមេធាវីការពារក្តីលោក កឹម សុខា បានឲ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ថា ៖ «ជាមេធាវី គឺភារកិច្ចរបស់យើងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការការ ពារក្តីចំពោះមុខតុលាការ ។ ទោះបីជាសាធារណជនជាតិនិងអន្តរជាតិដឹងយ៉ាងណាក្តី ក៏ខ្លួនជាមេធាវីអត់មានជម្រើសទេ បើដើមចោទនៅតែរុញនៅតាមផ្លូវតុលាការដដែលនោះ» ។
លោកមេធាវី ចាន់ ចេន បានបន្ថែមថា ក្នុងនាមជាមេធាវី នៅតែត្រៀមខ្លួនរួចជាស្រេចក្នុងការងារតស៊ូមតិតាមផ្លូវតុលាការ ចំពោះសំណុំរឿងរបស់លោក កឹម សុខា ព្រោះគ្មានអ្វីផ្សេងពីនេះទេ ។ទោះជាយ៉ាងណាក្តី ចំពោះសំណុំរឿងរបស់លោក កឹម សុខា ត្រូវបានលោកមេធាវីសម្តែងក្តីសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ ។ លោកបានបញ្ជាក់ថាយ៉ាងដូច្នេះថា ៖ «យើងដាំបាយ យើងសង្ឃឹមថាបាយឆ្អិន ហើយយើងឆុងកាហ្វេ
យើងសង្ឃឹមថា កាហ្វេនេះឈ្ងុយ នេះជាក្តីសង្ឃឹមរបស់យើង» ។
ជាមួយគ្នានេះ លោកមេធាវី ចាន់ ចេន ក៏មិនបានបង្ហាញពីការដោះស្រាយ ឬបង្ហាញសាក្សីក្នុងការដោះស្រាយរឿងក្តីលោក កឹម សុខា នោះទេ ។ លោកថ្លែងថា ៖ «ដោយសារតែរឿងនេះជាយុទ្ធសាស្ត្រ ឬយុទ្ធ វិធីរបស់តុលាការ ខ្ញុំសុំមិនបញ្ចេញសាក្សីនោះទេ» ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោកមេធាវី ចាន់ ចេន បានអះអាថា លោកសង្ឃឹមថានឹងមានការទម្លាក់ការចោទប្រកាន់ ឬបទចោទចំពោះកូនក្តីរបស់លោកជាមិនខាននៅពេលខាងមុខនេះ ។
លោកមេធាវី ចាន់ ចេន ក៏ដូចជាសហមេធាវីផ្សេងទៀត នៅតែទទូចឲ្យមានការទម្លាក់បទចោទប្រកាន់ចំពោះលោក កឹម សុខា ដដែល ។ជាមួយគ្នានេះលោកបានអះអាងថា ចំពោះសំណុំរឿងលោក កឹម សុខា ជារឿងរបស់អ្នកនយោបាយតែប៉ុណ្ណោះ ។ មេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការសម្រេចដកបម្រាមពីការឃុំខ្លួនក្នុងផ្ទះ តាមសេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា កន្លងមកនេះ ។
លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចចំនួន៣គឺ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ។
កាលពីខែកញ្ញា ឆ្នាំ២០១៨ លោក កឹមសុខា ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងពន្ធនាគារ ក៏ប៉ុន្តែត្រូវដាក់ឲ្យស្ថិតក្នុងការឃុំខ្លួននៅក្នុងផ្ទះជំនួសវិញ ដោយមិនអនុញ្ញាតឲ្យមានការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រ ឬចូលរួមសកម្មភាពនយោបាយទេ ។ កាលនោះ លោកត្រូវបានកំណត់មិនឲ្យចេញឆ្ងាយពីផ្ទះ ដោយតុលាការបានកំណត់ទីតាំងស្ថិតត្រឹមផ្លូវលេខ៣១៣ មិនត្រូវចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨ ក្បែរផ្ទះរបស់លោក ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបទចោទប្រកាន់ថាលោកបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ