ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ទំនើង​​ម្នាក់ជិះ​​ម៉ូតូបង្ហោះ​​​ត្រូវ​នគរ​បាល​​ឃាត់ខ្លួន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នគរបាលប៉ុស្តិ៍​រដ្ឋបាល​​ផ្សារ​ថ្មីទី​៣ ​បានឃាត់ខ្លួន​​​យុវសិស្ស​​ទំនើង​​ម្នាក់​​ដែលជិះម៉ូតូ​​​បង្ហោះ​បង្អួត​ស្រី​ស្នេហ៍​​លើ​កំណាត់​​​ផ្លូវ​លេខ​​១៧៨ ស្ថិត​ក្នុង​​សង្កាត់​ផ្សារ​ថ្មីទី​​៣ ខណ្ឌ​ដូន​ពេញ​ កាលពី​វេលាម៉ោង​​១០ព្រឹក​ ថ្ងៃទី​​១០ មីនា ​២០១១ ​បន្ទាប់ពី​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​​​ដល់​​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​​​ម្នាក់​ៗ​ហួស​​​ចិត្តគ្រប់​ៗ​គ្នា។

លោកអនុសេនីយ៍​​​ទោកុល ​ខាន់ណារ៉ា ​នាយ​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋបាល​​​ផ្សារ​ថ្មីទី​​៣ ​បាន​ឱ្យ​​​ដឹង​ថា ​​កាលពី​វេលាម៉ោង​​១០ព្រឹក​​ថ្ងៃទី​១០ មីនា ​​២០១១ ​កម្លាំង​​​នគរបាល​​​ប៉ុស្តិ៍​រដ្ឋបាល​​ផ្សារ​​ថ្មីទី​៣ ​បានជិះ​ម៉ូតូ​​ល្បាត​ក្នុងភូមិសាស្ត្រ​​ លុះ​មក​ដល់​​ផ្លូវ​​លេខ​​១៧៨ សង្កាត់ផ្សារ​ថ្មីទី​៣ ​ក៏ប្រទះឃើញ​​​ក្រុម​យុវ​សិស្ស​​ទំនើង​ជិះម៉ូតូ​​​៣គ្រឿង បើក​ប្រណាំង​​​គ្នា​យ៉ាង​​អនាធិបតេយ្យ​ និង​ជ្រែ​កាច់​ចង្កេះ​បង្អួត​​សិស្ស​​សាលាដូចគ្នា ​ព្រមទាំង​​ស្រែកហ៊ោ​​កញ្ជ្រៀវ​​ឆ្ពោះទៅ​​ទិសខាង​លិច​ដោយ​គ្មាន​គិត​ពី​គ្រោះ​ថ្នាក់​​ដល់ជីវិត​ខ្លួន​​​ឯង និង​​អ្នកធ្វើដំណើរ​​​តាម​ដង​ផ្លូវ​​នោះទេ ។ ​យោងតាម​​បទបញ្ជា​​របស់​លោ​​កអធិការ​​នគរបាល​​ខណ្ឌ​​​ដូនពេញ ​កម្លាំង​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​​​ផ្សារ​​ថ្មីទី​៣ ​បានដេញ​​បង្ក្រាប​​ក្រុមសិស្ស​​ទំនើង​​ ជាលទ្ធ​ផល​​​សិស្ស​ទំនើង​​​​ម្នាក់ក្នុង​ចំណោ​ម​​​ម៉ូតូ​​​៣គ្រឿង ​ត្រូវ​បាន​ឃាត់ខ្លួន​​រួមទាំង​ម៉ូតូមួួយគ្រឿង​​ដែលជិះ​​ប្រណាំង​គ្នា ។​​ សិស្ស​ទំនើង​ដែល​​​​សមត្ថកិច្ច​​​ឃាត់​​​​ខ្លួន​មាន​​​ឈ្មោះ​​កែវ រស្មី​​ អាយុ​​​១៦​ឆ្នាំ ជា​​សិស្ស​ថ្នាក់​ទី​១០J២ វិទ្យាល័យ​​ព្រះស៊ីសុវត្ថិ  ស្នាក់នៅ​ផ្ទះ​លេខ​​​២៣ ផ្លូវលេខ​​៣៣៧ ​សង្កាត់បឹង​កក់​ទី​១ ខណ្ឌ​ដូនពេញ ​និង​ដកហូត​​មួយគ្រឿង​ម៉ាក​វីវ៉ា ​ស៊េរី​​២០០៧ ​ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-2185 ។

លោក​ហែម ឫទ្ធី ​នាយករង​រដ្ឋបាល​​សាលា​ខណ្ឌ​​ដូនពេញ​​បាននិយាយ​ថា ​យោងតាម​​បទ​បញ្ជា​​អភិបាល​ខណ្ឌ​ដូនពេញ ​បានដាក់​ចេញ​នូវ​វិធានការ​​បន្ត​​បង្ក្រាប​​​ក្រុមក្មេង​ទំនើង​​បើក​រថយន្ត​​​និង​ម៉ូតូ​​ប្រណាំងគ្នា​​​ក្នុងភូមិ​​សាស្ត្រ​​​ខណ្ឌ​ដូនពេញ ឱ្យធ្លាក់​​ទៅកម្រិត​ទាប​បំផុត គឺ​សមត្ថ​កិច្ច​​តែង​តែ​​ល្បាត​បង្ក្រាប​​ក្រុមនេះ​​ជាប់ជានិច្ច ៕​​