ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​ធ្វើ​វិមជ្ឈការ​ដល់​ថ្នាក់​ក្រោម​ជាតិ​មិន​អាច​ឲ្យ​តែ​អំណាច​ខ្យល់​នោះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ធ្វើ​វិមជ្ឈការ​ដល់​ថ្នាក់​ក្រោម​ជាតិ​មិន​អាច​ឲ្យ​តែ​អំណាច​ខ្យល់​នោះ​ទេ គឺ​ត្រូវ​មាន​ទាំងអស់​ព្រោះ ពួក​គាត់​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ដឹង​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ធ្វើ​វិមជ្ឈការ​ដល់​ថ្នាក់​ក្រោម​ជាតិ​មិន​អាច​ឲ្យ​តែ​អំណាច​ខ្យល់​នោះ​ទេ គឺ​ត្រូវ​មាន​ទាំងអស់​ព្រោះ ពួក​គាត់​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ដឹង​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាល​វិទ្យាល័យ​វេ​ស្ទើ​ន ចំនួន​ជាង​២​ពាន់​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ យ៉ាង​ដូច្នេះ​ថា​៖ «​បើ​យើង​ធ្វើការ​ពី​ថ្នាក់លើ​ទៅ​វា​ឆ្ងាយ​ណាស់ ប៉ុន្តែ​បើ​យើង​ឲ្យ​អំណាច​នេះ​ទៅ​ថ្នាក់​មូលដ្ឋាន គឺ​ថ្នាក់​មូលដ្ឋាន​ទទួល​បន្ទុក​ធ្វើ តែ​យើង​ត្រូវ​ឲ្យ​នូវ​មុខងារ​គេ​គ្រប់គ្រង ទាំង​ភារៈកិច្ច ឲ្យ​គេ​គ្រប់គ្រង​ធនធានមនុស្ស ថវិកា ក៏​ឲ្យ​គេ​អាហ្នឹង​ទើប​គេ​ធ្វើការ​បាន ។ បើ​ឲ្យ​តែ​អំណាច​ខ្យល់ គឺ​គេ​ធ្វើ​មិន​បាន​ទេ​» ។

សម្តេច​បន្ថែម​ថា មួយ​រយៈពេល​មកនេះ​សម្តេច​បាន​ចុះហត្ថលេខា​លើ​ឯករ​សារ​មួយ​ចំនួន​ដោយ​មិន​ចាំបាច់​មានការ​យល់ព្រម​នោះ​ទេ ។ ឬ​ចាំ​ដល់​សេះ​ដុស​ស្នែង​ទៀត ព្រោះ​អស់លោក បាន​គិត​ថា កិច្ចការ​នឹង​ត្រូវ​រដ្ឋមន្ត្រី​គ្រប់គ្រង អស់លោក​មិន​ប្រគល់​ឲ្យ​គេ ។ សម្តេច​បន្ថែម​ទៀត​ថា ករណី​នេះ​ត្រូវ​សម្តេច​បាន​ចារ​លិខិត​ទៅ​កាន់​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឲ្យ​រៀបចំ​ធ្វើ​លិខិត​មក​សម្តេច ដើម្បី​ចុះហត្ថលេខា​សម្រេច​ក្នុង​នោះ​វិស័យ​អប់រំ​ត្រូវ​ផ្ទេរ​អ្វីខ្លះ វិស័យ​សុខាភិបាល​ផ្ទេរ​អ្វីខ្លះ វិស័យ​កសិកម្ម វិស័យ​ធនធានទឹក វិស័យ​ដីធ្លី ផ្ទេរ​អ្វីខ្លះ ។

ខ្ញុំ​រុញ​ទៅ​តែ​ម្តង ដើម្បី​យក​ទៅ​ធ្វើ​បើ​មិន​ដូច្នេះ​ទេ​រដ្ឋមន្ត្រី​មិន​ធ្វើ​ទេ គឺ​នៅ​អោបក្រសោប​នឹង​កន្លែង​ហ្នឹង​ដែល​ធ្វើ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ដែល​ជា​អ្នក​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ជួប​បញ្ហា ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​បាន​ស្នើ​ឲ្យ​សម្តេច​ក្រឡាហោម ធ្វើ​ស្ថិតិ​អំពី​ថ្នាក់​ខេត្ត​ថ្នាក់​ស្រុក ប៉ុន្មាន​ភាគរយ ហើយ​មាន​សញ្ញាបត្រ​ឧត្តម​សិក្សា តាម​ពិត​យើង​មាន​លើស​ពី​៩០​ភាគរយ ហើយ​មាន​សញ្ញាបត្រ​ឧត្តម​សិក្សា បើ​ថ្នាក់​ខេត្ត​មាន​សញ្ញាបត្រ​ឧត្តម​សិក្សា​មាន​១០០​ភាគរយ និង​ថ្នាក់​ស្រុក​មាន​ស្ទើ​១០០​ភាគរយ ហើយ​នៅ​ពេល​ខាង​មុខ​ថ្នាក់​ឃុំ​សង្កាត់​នឹង​មាន​បេក្ខជន​មាន​សញ្ញាបត្រ​ឈរឈ្មោះ​ជា​មេឃុំ ឬ​ចៅសង្កាត់​ថែម​ទៀត​ផង ។

សម្តេច​តេ​ជោ​ក៏​បាន​ថ្លែង​ទៀត​ថា នៅ​ពេល​ថ្នាក់​ក្រោម​ជាតិ​សំបូរ​ទៅ​ដោយ​មន្ត្រី បំរើ​ប្រជាពលរដ្ឋ​មាន​កម្រិត​ចេះ​ដឹង​ខ្ពស់​ថ្នាក់​បរិញ្ញាបត្រ​ឡើយ ទៅ​នឹង​ធ្វើ​ឲ្យ​ការ​ដឹកនាំ​កាន់តែ​ប្រសើរ​ឡើង ។ ចំណែក​ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ​វិញ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​សុំ​ការ​យោគយល់ ព្រោះ​ឥឡូវនេះ​គេ​ត្រូវ​ជ្រើសរើស​យក​មន្ត្រី​ទាក់ទង និង​សមត្ថកិច្ច ហើយ​សញ្ញាបត្រ​ផង​ដែរ​ក្នុង​នោះ​មិនមែន​តែ​ស្ថាប័នរដ្ឋ​នោះ​ទេ ទោះបីជា​វិស័យ​ឯកជន​ក៏​គេ​ជ្រើសរើស​បុគ្គលិក​បំរើ​ការងារ​ទាក់ទង និង​សមត្ថភាព និង​សញ្ញាបត្រ​ដែរ ។ គេ​ជ្រើសរើស​គេ​ដាក់​ចេញ​ផ្សព្វផ្សាយ​ត្រូវការ​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ខាង​អ្វី ? អាយុ​ចាប់ពី​ប៉ុន្មាន? ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​កំណែ​ទ្រង់​អាយុ​ក្នុង​ការ​ចូលរួម​ប្រឡង​បំរើ​ការងារ​ក្នុង​ស្ថាប័ន​ផង​ដែរ ។ បើ​មន្ត្រី​វិញ​មិន​ចាំ​គិត​ពី​អាយុ​នោះ​ទេ គឺ​មន្ត្រី​អាច​ប្រឡង​ប្តូរ​ប្រក​ខណ្ឌ​បាន ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច​បាន​សម្រេច​ទំលាក់​ថវិកា​ដល់​ថ្នាក់​ក្រោម​ជាតិ​ដោយ​ផ្ទាល់​ចាប់ពី​ឆ្នាំ​២០២០​តទៅ ដើម្បី​ឲ្យ​ថ្នាក់ ដឹកនាំ​មាន​សិទ្ធិ​ក្នុង​ការ​ចាត់ចែង និង​រៀបចំ​កសាង​មូលដ្ឋាន​ខ្លួន​ស្រប​ទៅ​តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន​ផង​ដែរ ។ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ធ្លាប់​លើក​ឡើង​ថា​ចាប់ពី​ឆ្នាំ​២០២០ តទៅ​នៅ​តាម​មូលដ្ឋាន​ឃុំ សង្កាត់​នឹង​មាន​ថវិកា​ធ្លាក់​ទៅ​ដល់​ផ្ទាល់​តែ​ម្តង ដោយ​មួយ​ឃុំ​សង្កាត់​អាច​ទទួល​បាន​ថវិកា​ចាប់​៧​ម៉ឺន​ដុល្លារ​ឡើង​ទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ