ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​សមុទ្រ​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចូលរួម​ទស្សនា​កម្សាន្ត​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​សាលាខេត្ត​កំពត​គណៈកម្មការ​អន្តរក្រសួង​បាន​រៀបចំ​កិច្ចប្រជុំ​បញ្ចប់​ក្នុង​ការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី ថោ​ង ខុន លោក​ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត…

ខេត្តកំពត ៖ ​សាលាខេត្ត​កំពត​គណៈកម្មការ​អន្តរក្រសួង​បាន​រៀបចំ​កិច្ចប្រជុំ​បញ្ចប់​ក្នុង​ការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី ថោ​ង ខុន លោក​ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ព្រមទាំង​មានការ​ចូលរួម​ពី​អនុប្រធាន​សមាជិក​គណៈកម្មការ និង​មន្ត្រីរាជការ​ពាក់ព័ន្ធ ។

ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត​នឹង​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២០-២២ ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុខ​នេះ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ដំណើរការ​រៀប​សម្រេច​បាន​ប្រមាណ​ជាង​១០០% ហើយ​ក្នុង​នោះ​មាន​ដូច​ជា កិច្ចការ​តុបតែង​លម្អ​តាម​ទី​សាធារណៈ សួនច្បារ ការ​ជួសជុល​ហេ​ដ្ឋា​រចនា​សម្ពន្ធ ផ្លូវថ្នល់​បាន​ល្អ ការ​បំពាក់​និង​បន្ថែម​ភ្លើង​បំភ្លឺ​ក្នុង​ទីក្រុង ការ​រៀបចំ​វិ​ថី​ម្ហូបអាហារ (Food Street) ការ​រៀបចំ​គោលដៅ​ទេសចរណ៍​នានា​ជុំវិញ​ខេត្ត ពិសេស​តាម​ព្រែក​ទឹកឈូ ឬ​ព្រែក​កំពង់បាយ ភ្នំ​បូកគោ ស្រែអំបិល តំបន់​ក​សិ​ទេសចរណ៍​ចម្ការ​ម្រេច តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ សហគមន៍​ទេសចរណ៍​មួយ​ចំនួន ព្រមទាំង​គោលដៅ​ទេសចរណ៍​នៅ​ខេត្ត​បាន​រួចរាល់​អស់ហើយ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ផង​ដែរ ពី​បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​មក​កាន់​ខេត្ត កំពត និង​ពី​ខេត្តកំពត​ទៅ​កាន់​គោលដៅ​នានា​មួយ​ចំនួន​ទៀត​អាជ្ញាធរ ខេត្ត​មន្ទីរ និង​ក្រសួង​សាធារណការ​បាន​ធ្វើការ​ជួសជុល​ផ្លូវជាតិ​លេខ​៣ លេខ​៣៣ និង​ផ្លូវ​នានា​ជា​ច្រើន​ទៀត​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​បាន​សមរម្យ​នៅ​មុន​ពេល​បុណ្យ​សមុទ្រ​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​នូវ​ក្តី​រំពឹង​ទុក​ថា ភ្ញៀវ​ទេសចរ​ដែល​នឹង​មក​ចូលរួម​លេង​កម្សាន្ត​ក្នុង ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ខាង​មុខ​នេះ​នឹង​មាន​ចំនួន​ច្រើន​កុះករ​ជាង​ឆ្នាំ​កន្លង​ទៅ ខណៈ​ប្រទេស​ជាតិ​កំពុង​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ខណៈ​ដែល​ប្រជាពលរដ្ឋ​ក៏​កាន់តែ​មាន​ភាព​ជីវភាព​ធូរធារ និង​ចង់​ចេញ​ដើរ​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​ៗ ។

សូម​បញ្ចា​ក់ថា ពិធីបុណ្យ​សមុទ្រ​ខាង​មុខ​នេះ​ក្រសួងទេសចរណ៍ សូម​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ឱ្យ​បាន​ស្គាល់​បន្ថែម​អំពី​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ក្នុង​នោះ​រួម​មាន​៖ ឧទ្យាន​ដងព្រែក ៖ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បត់​ក្បាលដំរី ឃុំ​ស្នំ​ប្រាំពីរ មាន​ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​ក្រុង​កំពត ។ រមណីយដ្ឋាន​នេះ ស្ថិត​នៅ​ជាប់​ដងព្រែក​កំពង់បាយ ដែល​ពោរពេញ​ដោយ​ធម្មជាតិ និង​អាកាសធាតុ​ស្រស់ស្រាយ ។ លោក​អ្នក​អាច​ជិះ​ខ្សែ​រ៉ក​ឆ្លង​ព្រែក ជិះទូក​កា​យ៉ាក់ ជិះ​ទូ​ទា​ទឹក និង​ពិសា​អាហារ​ឆ្ងាញ់​ៗ​នៅ​ទីនោះ ។

រមណីយដ្ឋាន​ដូង​ទេរ ៖ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្នំ​ប្រាំពី ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ពី​ស្ពាន​ថ្មី​ក្រុង​កំពត ។ រមណីយដ្ឋាន​នេះ ស្ថិត​នៅ​ជាប់​ដងព្រែក​កំពង់បាយ ដែល​ពោរពេញ​ដោយ​ធម្មជាតិ និង​អាកាសធាតុ​ស្រស់ស្រាយ ។ លោក​អ្នក​អាច​ងូតទឹក​លេង​កម្សាន្ត​ជិះទូក​កា​យ៉ាក់ ជិះទូក​ទា​ទឹក ក្ដារ​រអិល និង​មាន​អាហារ​ឆ្ងាញ់​ៗ​ជា​ច្រើន​មុខ​ទៀត ។

សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែ ៖ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំពង់​កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ មាន​ចម្ងាយ​៧​គីឡូម៉ែត្រ​ពី​ក្រុង​កំពត​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣៣ ពី​ខេត្តកំពត​ទៅ​ខេត្ត​កែប ។ សហគមន៍​នេះ​ជា​សហគមន៍​បែប​ធម្មជាតិ​ដែល​ជា​កន្លែង​អភិរក្ស​ដើម​កោង​កាង​ដ៏​ធំ​មួយ​ក្នុង​ខេត្តកំពត ។ នៅ​ក្នុង​សហគមន៍​មាន​បម្រើ​សេវាកម្ម​ដូច​ជា សេវាកម្ម​ស្នាក់​នៅ​ម្ហូបអាហារ​បែប​សហគមន៍​ជិះ​កាណូត​មើល​ព្រៃកោងកាង និង​មាន​លក់​ដើម​កោង​កាង​សម្រាប់​ឱ្យ​ភ្ញៀវ​ដាំ​ទុកជា​អនុស្សាវរីយ៍​ផង​ដែរ ។

កន្លែង​ជិះទូក​កម្សាន្ត​នៅ​តាម​ព្រែក​កំពង់បាយ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទ្វីប​ខាងត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ។ លោក​អ្នក​អាច​រីករាយ​ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ​កម្សាន្ត​ជាមួយ​ទេសភាព​មើល​ថ្ងៃ​លិច​មើល​អំពិលអំពែក និង​ពិសា​អាហារ​ឆ្ងាញ់​ៗ​នៅ​ទីនោះ ។ ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​កំពង់បាយ ដែល​មាន​លក់​គ្រឿង​សមុទ្រ​ស្រស់​ៗ រួម​មាន ៖ បង្គា មឹក ក្ដាមថ្ម ក្ដាមសេះ និង​ត្រី​សមុទ្រ​ជា​ច្រើន​ប្រភេទ​ទៀត ។

ក្រៅពី​នោះ​លោក​អ្នក​អាច​ចូល​ម៉ាស្សា​បាន​ផង​ដែរ ដែល​មាន​បម្រើ​សេវាកម្ម​ម៉ាស្សា​បែប​ខ្មែរ​បុរាណ ម៉ាស្សា​ប្រេង ម៉ាស្សា​ខ្លួន ម៉ាស្សា​ជើង ម៉ាស្សា​ក្បាល និង​មាន​អាង​ទឹក​ក្ដៅ​-​ត្រជាក់ ស្ទី​ម សូ​ណា​ជាដើម ។ សូម​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត​នៅ​ខេត្តកំពត​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ