រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យពង្រឹងការ អនុវត្តច្បាប់ និងដោះស្រាយបញ្ហាប្រឈមនានា ជាមួយនគរបាលយុត្តិធម៌ ក្នុងគោលបំណងអនុវត្តយន្តការច្បាប់ឲ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសណ្តាប់សង្គម ។
វាគ្មិនអធិបតីនៅក្នុងកិច្ចប្រជុំនោះ មានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូង លោក កែវ សុធា ព្រះរាជ អាជ្ញា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកនា យឧត្តមសេនីយ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិ និងមានឧត្តមសេនីយ៍ជាច្រើនរូបទៀតមកពីស្ថាប័ន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្ត្រីនគបាលយុត្តិធម៌ មកពីក្រសួងមហាផ្ទៃ ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ។
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ និងដោះស្រាយបញ្ហាប្រឈមនានា ជាមួយនគរបាលយុត្តិធម៌ នៅព្រឹកនេះត្រូវបានអង្គប្រជុំសម្រេចដាក់ចេញ នូវទិសដៅ ដើម្បីចាប់ផ្តើមអនុវត្តនៅពេលខាងមុខ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់សង្គម ឲ្យកាន់តែប្រសើរឡើង ជាពិសេសបទល្មើសគ្រឿងញៀន ។ បញ្ហា ដែលសាលាដំបូងរាជធានីភ្នំពេញ បើកកិច្ចប្រជុំជាមួយនគរបាលយុត្តិធម៌ គឺផ្តោតជាចម្បងលើបញ្ហាគ្រឿងញៀនកំពុងលុកលុយ ដែលជាបញ្ហាកំពុងប្រឈម និងស្មុគស្មាញបំផុត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ