ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​ទាន់​បរិយាយ​អ្វី​ពាក់ព័ន្ធ EBA ខណៈ​រង់ចាំ​លទ្ធផល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប (EU) បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA សម្ដេច​ក្រឡាហោម ស…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប (EU) បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា កម្ពុជា​មិន​ទាន់​បរិយាយ​អ្វី​តប​ទៅ EU ឡើយ ខណៈ​បាន​បញ្ជូន​របាយការណ៍​ទៅ​រួចរាល់​ហើយ ។

ការ​មិន​ហាន​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​នេះ បន្ទាប់​ពី​នា​ពេល​ថ្មី​ៗ​នេះ EU ទុក​ពេល​ឲ្យ​កម្ពុជា​១​ខែ ដើម្បី​បញ្ចេញ​ប្រតិកម្ម​តប​ក្រោយ​បញ្ចប់​របាយការណ៍​បឋម​ស្តី​ពី​ការ​ផ្អាក EBA បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពោល​ពី​ថ្ងៃ​១២ វិច្ឆិកា ដល់​១២​ធ្នូ ។

ក្រោយមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​ឆ្លើយ​តប​ចុង​ក្រោយ​ដើម្បី​ឆ្លើយ​តប​ចំពោះ​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​ពាក់ព័ន្ធ EBA ដោយ​សង្ឃឹមថា អឺរ៉ុប​នឹង​ពិចារណា​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​បន្ត​ទៀត ។ ក្រោយ​បញ្ចប់​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តី​ពី មុខងារ និង​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ក្រុង​-​ស្រុក​-​ខណ្ឌ នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​ថា «​ឥឡូវនេះ​ខ្ញុំ​អត់​មានអី​ឆ្លើយ​តប​អី​ទេ ? ពីព្រោះ​របាយការណ៍ យើង​បាន​បញ្ជូន​ទៅ​អស់ហើយ​» ។

សូម​ជម្រាប​ថា បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អាស៊ី​សេរី​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ បាន​ឲ្យ​ដឹង​ថា តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ចូ​សេ​ប បូ​រែ​ល ហ្វុ​ង​តែ​ល (Josep Borrell Fontelles) បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ព្រោះ​នេះ​ជា​រឿង​ចាំបាច់​ដែល​អាច​ឲ្យ​កម្ពុជា​ទទួល​បានការ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅ​ទៀត ។

សូម​បញ្ជាក់​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ពន្ធ​នាំ​ទំនិញ​ចូល​សហភាព​អឺរ៉ុប​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ