ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជុំវិញ​ការ​បំភ័យ​អ្នកទេសចរ​បរទេស​មិន​ឱ្យមក​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រធាន​សមាគម​ទី​ភ្នា​ក់ងារ​ទេសចរណ៍​កម្ពុជា ចំពោះ​ជនបរទេស​ម្នាក់ដែល​មក​ដល់​កម្ពុជា​ហើយ​បង្ហោះ​វី​ដេ​អូ​រិះគន់​កម្ពុជា ដោយ​បំភ័យ​ភ្ញៀវ​ទេសចរ​កុំ​ឲ្យ​មក​លេង​កម្ពុជា​នោះ នៅ​ពេល​នេះ​លោក Uriah Lyford ជា​គ្រូបង្រៀន​ស្ម័គ្រចិត្ត​ជនជាតិ​អា​មេ​រិ​កមួយ​រូប ដែល​ស្រឡាញ់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រធាន​សមាគម​ទី​ភ្នា​ក់ងារ​ទេសចរណ៍​កម្ពុជា ចំពោះ​ជនបរទេស​ម្នាក់ដែល​មក​ដល់​កម្ពុជា​ហើយ​បង្ហោះ​វី​ដេ​អូ​រិះគន់​កម្ពុជា ដោយ​បំភ័យ​ភ្ញៀវ​ទេសចរ​កុំ​ឲ្យ​មក​លេង​កម្ពុជា​នោះ នៅ​ពេល​នេះ​លោក Uriah Lyford ជា​គ្រូបង្រៀន​ស្ម័គ្រចិត្ត​ជនជាតិ​អា​មេ​រិ​កមួយ​រូប ដែល​ស្រឡាញ់​កម្ពុជា បាន​ចេញ​វី​ដេ​អូ​ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​លើ​បុរស​ជា​ជនបរទេស​រូប​នោះ និង​ស្នើ​ឲ្យ​សមត្ថកិច្ច​ប្រមូល​ភ័ស្តុតាង ដើម្បី​ប្តឹង​បុរស​ជនបរទេស​ល្មោភ​តណ្ហា​រូប​នោះ ។

តាម​វី​ដេ​អូ​របស់​លោក Uriah Lyford នោះ ជនបរទេស​ដែល​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ​រិះគន់​កម្ពុជា​ ព្រោះ​រក​នារី​បម្រើ​កាមតណ្ហា​មិន​បានជា​ជនជាតិ​អុ​ី​រ៉​ង់ និង​កំពុង​រស់នៅ​ប្រទេស​ហូ​ឡង់ ។មូលហេតុ​ដែល​ជនបរទេស​រូប​នេះ បង្ហោះ​វី​ដេ​អូថា​«​កុំមក​កម្ពុជា​» គឺ​ដោយសារ​តែ​រូបគេ​រក​ស្ត្រីខ្មែរ​សម្រាប់​បោក​ប្រាស់​មិន​បាន ខណៈ​ដែល​រូបគេ​ធ្លាប់​បាន​បោក​នារី​ជនជាតិ​ហ្វ៊ី​លី​ពី​ន និង​ថៃ​ជាច្រើន​នាក់​ឲ្យ​ដេក​ជាមួយ​គេ​រួច​ហើយ​នោះ ។

តាម​រយៈ​វី​ដេ​អូ​នេះ​លោក យូ​រ៉ា​យ បាន​កោតសរសើរ​នារី​ខ្មែរ ដែល​អត់​បាន​ចាញ់ល្បិច​របស់​ជនបរទេស​រូប​នោះ ព្រោះ​នៅ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន សេវា​ទេសចរណ៍​ផ្លូវភេទ ដូច​ប្រទេស​ដទៃ​នោះ​ទេ ។ ជាមួយ​គ្នា​នេះ លោក Uriah Lyford ក៏​បានស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​ចំពោះ​បុគ្គល​ម្នាក់​នោះ និង​ស្វែងរក​ភ័ស្តុតាង​បន្ថែម​ទៀត ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ កុំ​ឲ្យ​បុគ្គល​នោះ​ដើរ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​បែប​នេះ​ទៀត​។លោក Uriah Lyford និយាយ​ថា «​ប្រសិនបើ​បរទេស​មក​កម្ពុជា ដើម្បី​មក​លេង មក​ទស្សនា​អង្គរ មក​ភ្លក្ស​ម្ហូប​ខ្មែរ​ឆ្ងាញ់​ប៉ុនណា OK ! សូម​ស្វាគមន៍ ។ ប៉ុន្តែ​ប្រសិនបើ​បរទេស​ណា​ម្នាក់​មក​ដើម្បី​រំលោភ​បំពាន​នារី​ៗ​ខ្មែរ ឬ​រក​ទេសចរណ៍​ផ្លូវភេទ យើង​មិន​ចង់បាន​ទេ​» ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ចេញ​មក​ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ជនបរទេស​រូប​នោះ និង​ចាត់​ទុក​ថា​ទ​ង្វើ​របស់​ជនបរទេស​រូប​នោះ ព្រោះតែ​ស្វែងរក​សេវា​បម្រើ​តណ្ហា​ផ្លូវភេទ មិន​បាន​ទើប​ធ្វើ​បែប​នេះ ។
ជាមួយ​គ្នា​នេះ លោកស្រី ស៊ី​វលី​ន បាន​ស្នើ​ឲ្យស្ថាប័ន​មាន​សមត្ថកិច្ច​តាម​រក​ជនបរទេស​រូប​នោះ មក​ឲ្យ​សូមទោស​ប្រជាជន​ខ្មែរ​ទូ​ទាំង​ប្រទេស និង​ព្រមាន​ផ្ញើ​រូបថត​បុគ្គល​នោះ ទៅ​បណ្តា​ប្រទេស​អាស៊ាន កុំ​អនុញ្ញាត​ឲ្យ​ជនបរទេស​រូប​នោះ​ចូលប្រទេស​គេ​ឲ្យ​សោះ ។

លោកស្រី​ប្រធាន​សមាគម​រូប​នេះ បាន​លើក​ឡើង​ថា «​ខ្ញុំ​សូម​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​តាម​រកអត្តសញ្ញាណ​បុគ្គល​ម្នាក់​នេះ ឲ្យ​ធ្វើការ​សុំ​ទោស​ពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស ។ ខ្ញុំ​នឹង​បញ្ជូន​រូបភាព​ប​គ្គល​នេះ​ទៅ​ដល់​ប្រទេស​នៅ​ក្នុង​អាស៊ាន ដើម្បី​ឲ្យ​គេ​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​ដ៏​មាន​កិត្តិ​យស​របស់​គេ​» ។

រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ជនបរទេស​រូប​នេះ
លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ​ថា បន្ទាប់​ពី​មានបុរស​ជនជាតិ​បរទេស​បាន​បង្ហោះ​វី​ដេ​អូ​កុំ​ឲ្យភ្ញៀវ​បរទេស​មក​លេង​កម្ពុជា ដែល​ប៉ះពាល់​ដល់កិត្តិយស និង​គោលដៅ​ទេសចរណ៍​កម្ពុជា ក្រសួងទេសចរណ៍​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង​ក្រុម​មេធាវី​ផង​ដែរ ដើម្បី​រក​វិធី​ចាត់ការ​ចំពោះ​ជនបរទេស​ដ៏​គម្រក់​ម្នាក់​នោះ ។

ក្រៅពី​ចាត់វិធានការ​លើ​ជនបរទេស​រូប​នោះ ក្រសួងទេសចរណ៍ គ្រោង​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ក្រុម​ហ៊ុន Google និង​ក្រុមហ៊ុន ហ្វេ​សបុ​៊​ក ដើម្បី​ស្នើ​សុំ​ឲ្យ​លុប​វី​ដេ​អូ​នោះ​ចោល ព្រោះតែ​ការ​បរិហារ​ក្នុង​វី​ដេ​អូ​នោះ​មិនមែន​ជា​ការ​ពិត ។ លោក​រដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ក្រសួង​ទេសចរណ៍ បាន​សម្រេច​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​បិទ​ទិដ្ឋាការ​ជនបរទេស​រូប​នោះ មិន​ឲ្យ​ចូល​មក​កម្ពុជា​ជា​អចិន្ត្រៃយ៍​តែ​ម្តង ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ឯកភាព​តាម​សំណើ​របស់​ក្រសួង​ហើយ​។

មួយវិញទៀត ក្រសួងទេសចរណ៍​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រុមហ៊ុន Google និង​ហ្វេ​សបុ​៊​ក ដើម្បី​ស្នើ​សុំ​ឲ្យ​លុប​វី​ដេ​អូ​ដែល​ជនបរទេស​រូប​នោះបាន​បង្ហោះ​» ។ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បញ្ជាក់​ថា«​ចំពោះ​វី​ដេ​អូ​របស់​ជនបរទេស​រូប​នោះ ក្រសួងទេសចរណ៍​នឹង​រៀបចំ​សំណើ​ទៅ​កាន់​ក្រសួងការ​បរទេស​និង​ហស​ប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ចាត់ការ​លើ​ជនបរទេស​ដ៏​គម្រក់​រូប​នោះ​បន្ថែម​ទៀត​» ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា ការ​ចាត់វិធានការ​លើ​ជនបរទេស​រូប​នោះ ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ស្តី​ពី​ទេសចរណ៍ មាត្រា​៥០ និង​មាត្រា​៦៨ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក្នុង​នោះ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក៏​បាន​អះអាង​ថា ទ​ង្វើ​របស់​ជនបរទេស​រូប​នោះ​ក៏​ល្មើស​នឹង​ច្បាប់​របស់​កម្ពុជា​ស្តី​ពី​ការ​គ្រប់គ្រង​ជនបរទេស​មិនមែន​អន្តោប្រវេសន៍​ដែរ ។ ដូច្នេះ​រាជ​រដ្ឋា​ភិ​បាល​អាច​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​បិទ​ទិដ្ឋាការ​ជនបរទេស​រូប​នោះ មិន​ឲ្យ​ចូល​មក​កម្ពុជា​ជា​អចិន្ត្រៃយ៍​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ