រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រូពេទ្យទាំងអស់ទាំងត្រូវតែធ្វើការផ្លាស់ប្តូរឥរិយាបថក្នុងការគោរពក្របសីលធម៌វិជ្ជាជីវៈក្នុងការព្យាបាលអ្នកជំងឺ ពិសេសនោះកុំយកលុយជាធំត្រូវយកជីវិតជាធំ ។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល បន្ទាប់ពីមានការរិះគន់ពីមហាជនមួយចំនួនទៅគ្រួពេទ្យមួយចំនួនថា មិនបានយកចិត្តទុកដាក់ក្នុងការមើលថែអ្នកជំងឺ ពិសេសនោះអ្នកក្រីក្រ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យសុខាភិបាល នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ថា ៖«ទោះបីជាយើងឃើញមានការវិវត្តន៍ ប៉ុន្តែយើងត្រូវមើលនូវការត្អូញត្អែរបស់ប្រជាពលរដ្ឋយើងនោះ គឺក្រមសីលធម៌វិជ្ជាជីវៈ ។ ចំណុចនេះ គឺជាចំណុចដែលគ្រូពេទ្យទាំងអស់ត្រូវផ្លាស់ប្តូរឥរិយាបទ ។ ភាគីច្រើនហើយបានធ្វើ ឬគោរពសីលធម៌វិជ្ជាជីវៈ ប៉ុន្តែនៅមានចំនួនតិចតួចមិនបានធ្វើ ។ ចំនួននេះបានបង្កើតឲ្យមានការនិយាយថា «ត្រីមួយកន្ត្រក់ស្អុយមួយស្អុយទាំងអស់» ។
សម្តេចតេជោក៏បានអំពាវនាវដល់គ្រូពេទ្យត្រូវយកចិត្តទុកដាក់ទៅលើពាក្យសំដីឥរិយាបថ ដែលបានប្រព្រឹតិ្តចំពោះអ្នកជំងឺ និងគ្មានការបែងចែកចំពោះជីវិតអ្នកជំងឺមិនថា មាន ឬក្រនោះទេ ។ ជីវិតមានតែមួយដូចគ្នា ហើយអ្នកក្រត្រូវតែយកចិត្តទុកដាក់ថែមទៀត ។ ដោយសារតែគាត់ក្រទើបគាត់មកយកយើង ។ ចំណែកគេជាអ្នកមានគេទៅរកមន្ទីរពេទ្យក្រៅប្រទេស ឬទៅមន្ទីរពេទ្យណា«…» ។ អ្នកក្រីក្រគាត់មករកអីញ្ចឹង ត្រូវមើលថែទាំដោយយកចិត្តទុកដាក់ឲ្យអស់ពីលទ្ធភាព ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា ៖«ប្រសិនបើបញ្ហានឹងមិនបានកែប្រែទេ ! បើទោះបីត្រូវបំពាក់ ឬបន្ថែមថវិការាប់ពាន់លានដុល្លារថែមទៀត វាក៏នៅមានបញ្ហាពាក្យសំដីត្អូញត្អែរពីប្រជាពលរដ្ឋរបស់យើង ។ អីញ្ចឹងទេគ្រូពេទ្យក្នុងផ្នែករដ្ឋ ឬឯកជនកុំយកលុយជាធំ ត្រូវយកជីវិតប្រជាជនជាធំ» ។ សម្តេចតេជោ ក៏បានស្តាំទៅកាន់គ្រូពេទ្យថា រឿងលុយកាក់ត្រូវគិតក្រោយ ត្រូវគិតថាធ្វើយ៉ាងណាព្យាបាលអ្នកជំងឺសិនដោយកុំឃើញគាត់អត់មានលុយបញ្ចូនទៅកន្លែងផ្សេង ។ សម្តេចក៏បានលើកឡើងថា ពេលមន្ទីរពេទ្យខ្លះបានដណ្តើមអ្នកជំងឺគ្នា ហើយពេលខ្លះអ្នកជំងឺអត់ប្រាក់ឲ្យទៅរកពេទ្យផ្សេង ហើយអ្នកដែលមានប្រាក់ដណ្តើមគ្នាទុក ។ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានស្នើទៅកាន់គ្រូពេទ្យទាំងអស់ថា សុំកុំដណ្តើមអ្នកជំងឺគ្នា ហើយត្រូវមានការទទួលខុសត្រូវពីដើមរហូតដល់ចប់ ដោយកុំសង្គ្រោះលែងបាន ហើយមន្ទីរពេទ្យឯកជនបញ្ចូនទៅមន្ទីពេទ្យរដ្ឋ ដល់បាត់បង់ជីវិតទៅមន្ទីរពេទ្យរដ្ឋ ។
សម្តេចបានបញ្ជាក់ថា ៖« មន្ទីរពេទ្យឯកជនដណ្តើមអ្នកជំងឺយកទៅមើលដល់សង្ក្រោះលែងបានថា បញ្ជូលទៅមន្ទីរពេទ្យរដ្ឋបានព្យាបាលជា តែដល់មន្ទីរពេទ្យរដ្ឋបាត់បង់ជីវិតគេនាំគ្នាជេរ ហើយមន្ទីរពេទ្យដែលធ្ងន់ធ្ងរជាងគេ គឺមន្ទីរពេទ្យកាលម៉ែតតែម្តង ។ ចំណុចនេះក្រសួងសុខាភិបាលត្រូវធ្វើការងារជាមួយវិស័យឯកជន ។ បើអ្នកឯកទទួលទៅព្យាបាល គឺត្រូវចាប់ផ្តើមពីដើមរហូតដល់ចប់ ហើយអ្នកថា ទទួលមិនបានទេ គឺត្រូវបញ្ជូនទៅមន្ទីរពេទ្យរដ្ឋតែម្តង» ៕ កែសម្រួលដោយ ៖ សុឃាក់
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ