រាជធានីភ្នំពេញ ៖ កីឡាករ សេក គឹមរួនមកពីក្លិបមកុដរាជសីហ៍ កក់កៅអីប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួត«កម្ពុជា សង្វៀនគុនខ្មែរ» បានសម្រេច បន្ទាប់ពីប្រើស្នៀតកណ្ដាប់ដៃវាយផ្ដួលកីឡាករ អេលីត ភក្ដី មកពីក្លិបប៉ែនកាក់គុនខ្មែរ ឱ្យសន្លប់នៅត្រឹមទឹកទី៣ នៅលើសង្វៀនស្ថានីយទូរទស្សន៍ស៊ីអិនស៊ីកាលពីថ្ងៃសៅរ៍ទី១៤ ខែធ្នូ ។
សម្រាប់ការប្រកួតត្រឹមទឹកទី២ គូនេះមានប្រៀបប្រហាក់ប្រហែលគ្នា ប៉ុន្តែគ្រាន់តែចូលដល់ដើមទឹកទី៣ភ្លាម កីឡាករចាស់វស្សា សេក គឹមរួន បានសម្រុកចូលកៀកបញ្ជូនស្នៀតកណ្ដាប់ ដៃវាយសន្ធាប់ទៅលើផ្ទៃមុខនិងពោះទឹក អេលីត ភក្ដី ផ្ទួនៗ ហើយក៏បានម៉ាត់ត្រូវចំកណ្ដាលមុខពេញទំហឹងបណ្ដាលឱ្យ អេលីត ភក្ដី សន្លប់ស្ដូកនៅលើក្តារសង្វៀនតែម្ដង ។
ជាមួយនឹងការទទួលបានជ័យជម្នះនេះ ធ្វើឱ្យ សេក គឹមរួន ត្រូវដឹកដៃកីឡាករថៃ រិទ្ធអៃ យ៉ារ៉ា ក.សិលាឆ័យ ឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រជាមួយគ្នា បន្ទាប់ពីកីឡាករថៃម្នាក់នេះយក ឈ្នះកីឡាករថៃដូចគ្នាឈ្មោះ ហ្វាស៊ីថង ប៉.យុទ្ធភូមិ ដោយពិន្ទុ ។ ទោះជាយ៉ាងណា អេលីត ភក្ដី នៅមានឱកាសប្រកួតម្ដងទៀតជាមួយកីឡាករថៃ ហ្វាស៊ីថង ប៉.យុទ្ធភូមិ ដណ្ដើមយកចំណាត់ថ្នាក់លេខ៣ដែលមានទឹកប្រាក់១.៥០០ដុល្លារសហរដ្ឋអាមេរិក ។
គួររំឭកថា កម្មវិធីប្រកួត« កម្ពុជា សង្វៀនគុនខ្មែរ» នេះ មានតែអ្នកឈ្នះលេខ១ប៉ុណ្ណោះ ទើបមានឱកាសឡើងទៅប្រកួតយកប្រាក់រង្វាន់ធំដែលមានទឹកប្រាក់៦ពាន់ដុល្លារសហរដ្ឋអាមេរិក ជាមួយកីឡាករ ធន់ ចាន់តាក់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដែលឈ្នះលេខ១កាលពីវគ្គទី១ ។
ចំណែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់កីឡាករឈ្នះការប្រកួតក្នុងវគ្គនីមួយៗ លេខ១ទទួលបានម៉ូតូហ្សូ៊ម័រអុិច១គ្រឿងអមទៅដោយ ទឹកប្រាក់៥០០ដុល្លារ លេខ២ទទួលបានទឹក ប្រាក់២ពាន់ដុល្លារ លេខ៣ទទួលបាន១.៥០០ដុល្លារ និងលេខ៤បាន១ពាន់ដុល្លារ។
ដោយឡែក លទ្ធផលគូប្រកួតមិត្តភាពនៅក្នុងសប្ដាហ៍នេះ កីឡាករ ធឿន ធារ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម យកឈ្នះកីឡាករឡាវ ផុតសភុន ផេតចិន្ដា ដោយវាយឱ្យសន្លប់ក្នុងទឹកទី២ ។ កីឡាករ ហេង វិឆ័យមកពីក្លិបកងពលតូចលេខ៧០ ប្រកួតចាញ់កីឡាករ លួន សុខេង មកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យដោយពិន្ទុ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ