ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ ប្រើ​ល្បិច​លួច​ផ្តាច់​ប្រព័ន្ធ GPS ដើម្បី​យក​ក្បាល​តុង​តឺ​ន័​រ តែ​ចប់​ត្រឹម​មេការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ជំទង់​អាយុ​១៧​ឆ្នាំ​ម្នាក់ ក្លាយទៅជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ទាំង​មិន​ទាន់​គ្រប់​អាយុ​នៅឡើយ ថែម​ទាំង​ធ្វើ​សកម្មភាព​លួច​ដោះ​ផ្តាច់​ប្រព័ន្ធ​តាមដាន GPS ចេញពី​រថយន្ត​ដែល​ខ្លួន​បើក ក្នុង​បំណង​លួច​យក​ក្បាល​រថយន្ត​កុងតឺន័រ​ទៅ​លក់ ហើយ​ត្រូវ​មេការ​ផ្នែក​បញ្ជា​រថយន្ត…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ជំទង់​អាយុ​១៧​ឆ្នាំ​ម្នាក់ ក្លាយទៅជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ទាំង​មិន​ទាន់​គ្រប់​អាយុ​នៅឡើយ ថែម​ទាំង​ធ្វើ​សកម្មភាព​លួច​ដោះ​ផ្តាច់​ប្រព័ន្ធ​តាមដាន GPS ចេញពី​រថយន្ត​ដែល​ខ្លួន​បើក ក្នុង​បំណង​លួច​យក​ក្បាល​រថយន្ត​កុងតឺន័រ​ទៅ​លក់ ហើយ​ត្រូវ​មេការ​ផ្នែក​បញ្ជា​រថយន្ត និង​ត្រួតពិនិត្យ​ប្រព័ន្ធ GPS បាន​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ការ​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត​វ័យក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ​រូប​នោះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​ក្រុមហ៊ុន «​ផែស្ងួត​មីង ឡាំង​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​របាយការណ៍​របស់​នគរបាល​បញ្ជាក់​ថា ក្មេង​ប្រុស​ជំទង់​រូប​នេះ​ឈ្មោះ​កាន់ សុខ​ធា អាយុ​១៧​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​កុងតឺន័រ ស្នាក់​នៅ​ក្នុង​ផែស្ងួត​ខាងលើ ចំណែក​តំណាង​ក្រុមហ៊ុន​ដែល​ជា​អ្នក​ចេញ​មុខ​ដាក់​ពាក្យបណ្ដឹង​ឲ្យ​នគរបាល​ជួយ​ចាត់ការ​លើ​ក្មេង​ប្រុស​រូប​នេះ​ឈ្មោះ ថ្លាង ចិន្ដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​ផែស្ងួត​មីង​ឡាំង នោះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១១ ខែធ្នូ យុវជន​រូប​នេះ​បាន​បើករថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-0888 ធ្វើ​ដំណើរ​ចេញពី​ក្រុមហ៊ុន​ផែស្ងួត ទៅ​កាន់​ផ្លូវជាតិ​លេខ​៣ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៣៤ បាន​ឈប់​រថយន្ត បន្ទាប់​មក​បាន​ដោះ​កន្ទុយ​រ៉ឺ​ម៉ក​កុងតឺន័រ​ចោល រួច​ហើយ​បាន​ធ្វើ​សកម្មភាព​ដោះ​ប្រព័ន្ធ GPS ចេញពី​រថយន្ត ក្នុង​បំណង​លួច​យក​ក្បាល​រថយន្ត​នោះ​លក់​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​សកម្មភាព​ខាងលើ មិន​បាន​សម្រេច​ឡើយ ដោយសារ​តែ​មេការ​ផ្នែក​បញ្ជា​រថយន្ត និង​ត្រួតពិនិត្យ​ប្រព័ន្ធ GPS មានការ​សង្ស័យ ព្រោះតែ​រថយន្ត​នេះ បាន​បាត់​ចេញពី​ប្រព័ន្ធ​តាមដាន​របស់​ក្រុមហ៊ុន​។ ពេល​នោះ​មេការ​ខាងលើ ក៏​ទូរស័ព្ទ​ហៅ​ឲ្យ​អ្នកបើកបរ​រូប​នេះ បើករថយន្ត​ខាងលើ​ត្រឡប់​មក​កាន់​ក្រុមហ៊ុន​វិញ​ជា​បន្ទាន់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​រហូត​ដល់​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ទើប​ក្មេង​ប្រុស​ជំទង់​រូប​នេះ​បើក​យក​តែ​ក្បាល​រថយន្ត​នេះ​ចូល​ដល់​ក្នុង​ក្រុមហ៊ុន ដោយ​មិន​បាន​សណ្ដោង​យក​កន្ទុយ​រ៉ឺ​ម៉ក និង​ទូ​កុងតឺន័រ​មក​ជាមួយ​ឡើយ​។ ប៉ុន្តែ​ខណៈ​មក​ដល់​ក្នុង​ផែស្ងួត​ភ្លាម ខាង​មេការ​មិន​បាន​ពិនិត្យ​ទាំង​យប់​នោះ​ឡើយ បន្ទាប់​មក​ក្មេង​ប្រុស​នេះ បាន​ដេក​នៅ​ក្នុង​រថយន្ត​នោះ​រហូត​ដល់​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១២ ខែធ្នូ ទើប​មេការ​រូប​នោះ និង​បុគ្គលិក​ផ្នែក​ប្រព័ន្ធ GPS ធ្វើការ​ត្រួតពិនិត្យ​ឃើញ​មានការ​ដោះ GPS ចេញពី​រថយន្ត ក៏​បាន​សាកសួរ​ដេញដោល ទើប​ដឹង​ថា ជន​នេះ​ជា​អ្នក​ដោះ ដើម្បី​លួច​រថយន្ត​ទៅ​លក់​ក៏​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ