ខេត្តពោធិ៍សាត់ ៖ ក្មេងពាល២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារពីបទប្រើប្រាស់កាំភ្លើងខុសច្បាប់ និងប៉ុនប៉ងមនុស្សឃាតគិតទុកជាមុនទៅលើក្រុមក្មេងពាលម្ខាងទៀត ។ លោកអនុសេនីយ៍ទោប៉ិច ស៊ីផាន់ នាយប៉ុសិ៍្ត ផ្ទះព្រៃឱ្យដឹងថា ក្មេងពាលដែលឃាត់ខ្លួននេះ ម្នាក់ឈ្មោះទឹម តុលា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ជាជនដៃដល់និងជាម្ចាស់កាំ
ភ្លើង ។ ឯម្នាក់ទៀតឈ្មោះជា សុខហ៊ន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិពោះកំបោរ ឃុំវាល ស្រុកកណ្តៀង ត្រូវឃាត់ខ្លួនរួមនិងវត្ថុតាងកាំភ្លើងខ្លីម៉ាក K54 មួយដើម មានចំនួន៦គ្រាប់ និងម៉ូតូម៉ាក Step ពណ៌ក្រហម មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1F 8854 គឺឃាត់ខ្លួនតាមដើមបណ្តឹង២នាក់ដែលសុទ្ធតែជាក្រុមក្មេងពាលដូចគ្នា គឺឈ្មោះមឿន សារ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិប្រឡាយធំ សង្កាត់ព្រៃញី និងម្នាក់ទៀតឈ្មោះសិទ្ធិ រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
បើតាមការឆ្លើយបំភ្លឺរបស់ទឹម តុលា ជាជនដៃដល់ឱ្យដឹងថា ខ្លួនបានបោះបង់ការសិក្សាសព្វថ្ងៃនេះក៏ដោយសារឈ្មោះមឿន សារ៉ាន់ និងបក្សពួកវាយធ្វើបាប ។ ដូច្នេះហើយធ្វើឱ្យខ្លួនមានគំនុំជាប់រហូតខំសន្សំលុយទិញកាំភ្លើងខ្លីបាន១ដើម សម្រាប់ទុកបាញ់មឿន សារ៉ាន់ ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ កុម្ភៈ ២០១១ ក្រុមមឿន សារ៉ាន់ បានតាមវាយពួកខ្លួនសាជាថ្មីទៀត ខ្លួនក៏យកកាំភ្លើងដាក់តាមជាប់រហូត ។ លុះស្អែកឡើងថ្ងៃទី២៨ កុម្ភៈ ម៉ោងប្រហែល៧ល្ងាច ខណៈពេលខ្លួនកំពុងជិះម៉ូតូមានគ្នា២នាក់ ចេញពីកោះសំពៅមាស ទៅតារាងបាល់ទាត់ទៅដល់ខាងមុខហាងខេ ដា ម្តុំផ្លូវចូលម្លប់ដូង ឃើញឈ្មោះមឿន សារ៉ាន់ និងសិទ្ធិ រ៉ាវី អង្គុយ លើម៉ូតូក្បែរនោះ ។ នៅពេលក្រឡេកឃើញពួកខ្លួនភ្លាម ពួកគេបានបញ្ឆេះម៉ូតូជិះដេញតាមខ្លួនភ្លាម ។ ជិះដេញបានប្រហែល១០០ម៉ែត្រ ខ្លួនបានឈប់ម៉ូតូដកកាំភ្លើងបាញ់១គ្រាប់ ប៉ុន្តែមិនត្រូវចំមនុស្សទេ ត្រូវចំតែក្បាំងម៉ូតូប៉ុណ្ណោះ ។ ឃើញដូច្នោះពួកវាបានផ្តួលម៉ូតូ រត់ចូលក្នុងផ្ទះអ្នកស្រុកក្បែរនោះ ឯពួកខ្លួនបានជិះម៉ូតូបន្តទៅមុខទៀតបាត់ ។ លុះស្អែកឡើងថ្ងៃទី១ មីនា ២០១១ ស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ