ខេត្តកំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋនៅអមផ្លូវចូលទៅឧទ្យានជាតិគិរីរម្យចំនួន៧៣គ្រួសារស្ថិតនៅលើដីចំនួនជាង១ហិកតា ត្រូវបានសាលាដំបូងខេត្តអនុវត្តសាលក្រមនៅព្រឹកថ្ងៃទី២៥ មីនា ដោយប្រគល់ដីចំនួន៧០អាឱ្យទៅស្ថានីយប្រេងក្រុមហ៊ុនសូគីម៉ិចរបស់លោកជឹម សាវ៉ុង វិញ ថ្វីដ្បិតប្រជាពលរដ្ឋទាំង៧៣គ្រួសារអះអាងថា ពួកគាត់បានរស់នៅទីនេះតាំងពីឆ្នាំ១៩៩៣ក៏ដោយ។
យោងតាមសេចក្តីជូនដំណឹងរបស់ព្រះរាជអាជ្ញាលោកឃុត សុភាង ចុះថ្ងៃទី២ មីនា បានប្រកាសដល់ប្រជាពលរដ្ឋទាំង៧៣គ្រួសារដែលរស់នៅលើដីចំនួន៧០អានេះ ឱ្យរើរុះចេញមុនថ្ងៃផុតកំណត់ថ្ងៃទី១៥ មីនា ប៉ុន្តែដោយសារពុំមានការរុះរើចេញទើបនៅថ្ងៃទី២៥ មីនា សាលក្រុមរបស់តុលាការត្រូវបានអនុវត្ត។ នៅកន្លែតកើតហេតុគេឃើញចូលរួមការអនុវត្តសាលក្រមនោះមានលោកឃុត សុភាង ព្រះរាជអាជ្ញា លោកឧត្តមសេនីយ៍ត្រីម៉ែន ស៊ីប៊ន មេបញ្ជាការប៉េអឹមខេត្ត លោកសោម បូរ៉ា ស្នងការរងនគរបាលខេត្ត មេឃុំ មេស្រុក និងកំលាំងអន្តរាគមន៍ច្រើនសន្ធឹក ត្រៀមខ្លាចមានអំពើហិង្សាណាមួយកើតឡើងក្នុងពេលចុះអនុវត្តការរុះរើផ្ទះសំបែងចេញ។
ប្រជាពលរដ្ឋទាំង៧៣គ្រួសារដែលរងការរុះរើ និងបណ្តេញចេញនេះបានមានប្រតិកម្មខ្លាំងៗថា ជារឿងពុំគួរស្មានដល់ ពួកគាត់មករស់នៅបន្តបន្ទាប់ដោយទិញដីកន្លែងនេះសង់តូបលក់ដូរពីមួយទៅមួយតាំងពីឆ្នាំ១៩៩៣មក ។ លុះនៅឆ្នាំ២០១១នេះ បែរជាដកហូតយកទៅវិញដែលជារឿងមួយយំមិនចេញ ។ ទោះជាយ៉ាងណា ការបាត់បង់ទាំងដី ទាំងសំភារដែលត្រូវរើរុះនេះហាក់ដូចជាតម្រូវឱ្យពួកគាត់ចាប់ផ្តើមជីវភាពថ្មីដូចប្តីប្រពន្ធទើបតែរៀបការហើយឡើងវិញ។ ផ្ទះសម្បែងដែលពួកគាត់យល់ថា ជាគ្រឹះរឹងមាំក្នុងមុខរបរត្រូវបានរុះរើរលាយអស់ហើយ។ ទោះបីជាយ៉ាងណាក៏ត្រូវគោរពច្បាប់ ប៉ុន្តែទឹកចិត្តពួកគាត់នៅតែសៅហ្មង និងឈឺចាប់ក្រៃលែង។ មានការកត់សំគាល់ថា ការអនុវត្តសាលក្រមនេះធ្វើឡើងដោយមានកម្លាំងប្រដាប់អាវុធច្រើនលើសលប់ ម្ល៉ោះហើយពុំមានអ្នកណាហ៊ានចេញមុខតវ៉ា ឬហិង្សាណាមួយកើតឡើងឡើយ ហើយការអនុវត្តសាលក្រមរុះរើលំនៅឋានបានធ្វើចប់ក្នុងរយៈពេលមួយថ្ងៃ ដែលជោគជ័យបានទៅលើកណ្តាប់ដៃអ្នកច្បាប់ ៕



ចែករំលែកព័តមាននេះ