ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​នាវា​ផ្ទុក​យន្តហោះយ៉ាង​ខ្លាំង​ មនុស្ស​ជាង​៤០០​នាក់​ស្ថិត​លើ​នាវា​(វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ កង​ម៉ា​រី​ន​រុ​ស្ស៊ី​ បាន​រាយការណ៍​ឱ្យ​ដឹងថា នាវិក​ម្នាក់​បាន​ត្រូវបាត់​បង់​ជីវិត ​ហើយ​នាយទាហាន​ម្នាក់​បាត់​ខ្លួន ​កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ ឆ្នាំ​២០១៩ ដោយសារ​ភ្លើង​ឆាបឆេះ​លើ​នាវា​ផ្ទុក​​យន្តហោះ​តែ​មួយ​គត់​របស់​រុ​ស្ស៊ី…

ប្រទេស​រុ​ស្ស៊ី ៖ កង​ម៉ា​រី​ន​រុ​ស្ស៊ី​ បាន​រាយការណ៍​ឱ្យ​ដឹងថា នាវិក​ម្នាក់​បាន​ត្រូវបាត់​បង់​ជីវិត ​ហើយ​នាយទាហាន​ម្នាក់​បាត់​ខ្លួន ​កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ ឆ្នាំ​២០១៩ ដោយសារ​ភ្លើង​ឆាបឆេះ​លើ​នាវា​ផ្ទុក​​យន្តហោះ​តែ​មួយ​គត់​របស់​រុ​ស្ស៊ី ដែល​ស្ថិត​ក្នុង​ការដ្ឋាន​នាវា​មួយ​នៅ​តំបន់ ​MOURMANSK។ ភ្លើង​ពេល​នេះ​ត្រូវ​បាន​ពន្លត់​លើ​នាវា​ដែល​ជួប​ប្រទះ​ជា​ថ្មី​នូវ​ឧប្បត្តិហេតុ​ចម្បង​។

កង​ម៉ា​រី​ន​រុ​ស្ស៊ី​និយាយ​ថា ​នាវិក​ម្នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ប្រតិបត្តិការ​ពន្លត់ភ្លើង​។ ការ​រុករក​នៅ​បន្ត ​ដើម្បី​តាម​រក​នាយទាហាន​ម្នាក់​របស់​នាវា​ផ្ទុក​យន្តហោះ​AMIRAL KOUZNETSOV ដែល​បាត់​ខ្លួន ខណៈ​ដែល​គេ​កំពុង​ជួយ​ជម្លៀស​បណ្ដា​កម្មករ​ដែល​ធ្វើការ​ជួសជុល​នាវា​នេះ​។ ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ផ្ដោត​លើ​លទ្ធភាព​នៃ​ការ​រំលោភ​បំពាន​បែបបទ​សន្តិសុខ​ការងារ​។

យោង​តាម​តុល្យការ​ផ្ដល់​ដោយ​រដ្ឋមន្ត្រី​ព័ត៌មាន​នៃ​តំបន់​MOURMANSK​លោកស្រី អា​ឡិច​សាន់​ដ្រា​កុន​ដា​អ៊ូ​រ៉ូ​វ៉ា​ ថា ក្រៅពី​អ្នក​បាត់​បង់​ជីវិត​ម្នាក់ ​និង​អ្នក​បាត់​ខ្លួន​ម្នាក់ មនុស្ស​១០​នាក់​​បាន​រង​របួស​​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុង​នោះ​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ ចេញផ្សាយ​ដោយ​បណ្ដា​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី កង​ម៉ា​រី​ន​រុ​ស្ស៊ីបញ្ជាក់​ថា អាយុជីវិត​របស់​បណ្ដា​អ្នក​របួស​ពុំ​ស្ថិត​ក្នុង​គ្រោះថ្នាក់​ឡើយ​ និង​ថា បណ្ដា​អ្នក​ពន្លត់ភ្លើង​ខិតខំ​ខ្ទប់​ផ្សែង​ដែល​ហុយ​ចេញពី​នាវា​។ អគ្គិភ័យ​នោះ​ពិតជា​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ទំហំ​ដល់​ទៅ​៦០០​ម៉ែត្រ​ក្រឡា​។

នាវា​ផ្ទុក​យន្តហោះ​ខាងលើ​​ប្រើ​ថាមពលនុយក្លេអ៊ែរ​តែ​មួយ​គត់​របស់​រុ​ស្ស៊ី ​AMIRAL KOUZNETSOV​ ហើយ​ត្រូវ​ធ្វើការ​ជួសជុល​កែ​លម្អ ចាប់តាំងពី​ឆ្នាំ​២០១៧​មក ដែល​គ្រោង​ដំបូង​រហូត​ដល់​ឆ្នាំ​២០២១​។ នេះ​ជា​ឧប្បត្តិហេតុ​លើក​ទី​២​ហើយ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​បន្តិច​។

កាលពី​ខែតុលា​ឆ្នាំ​២០១៨​ ដង​ស្ទូច​មួយ​មាន​កម្ពស់​១៥​ម៉ែត្រ បាន​បាក់​ធ្លាក់​លើ​នាវា​នោះ​។ លើក​នេះ ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី ​RIA NOVOSTI ​ដែល​ដកស្រង់​ប្រភព​របស់​ការដ្ឋាន​នាវា​ZVEZDOTCHKA​ ទទួល​បន្ទុក​ការងារ​ជួសជុល​នាវា​នេះ​ថា ភ្លើង​បាន​ឆាប់ឆេះ​ ខណៈ​កំពុង​មាន​ប្រតិបត្តិការ​ផ្សារ ហើយ​កម្ទេច​ភ្លើង​ធ្លាក់​មក​លើ​កន្លែង​ដែល​មាន​ប្រេងឥន្ធនៈ​។ ការដ្ឋាន​នាវា​ZVEZDOTCHKA​ ក៏​រាយការណ៍​ថា មាន​មនុស្ស​ជាង​៤០០​នាក់ ស្ថិត​លើ​នាវា​នេះ​ពេល​មាន​ភ្លើង​ឆាបឆេះ ហើយ​ពួក​គេ​ត្រូវ​បាន​ជម្លៀស​ចេញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Sputnik France Play)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ