ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រដ្ឋាភិបាល​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន កុំ​ទម្លាក់​ថ្លៃ​ស្រូវ​នៅ​ពេល​កសិករ​ច្រូតកាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​ទទួល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​មេត្តា​កុំ​ទម្លាក់​ថ្លៃ​ស្រូវ ឬ​បង្អាប់ថ្លៃ​ស្រូវ​ពេល​កសិករ​កំពុង​ច្រូតកាត់ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ប្រមាណ ៥០ លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​បម្រើ​ក្នុង​វិស័យ​កសិកម្ម រក្សា​តម្លៃ​ស្ថិរភាព​ថ្លៃ​ក៏​ដូច​ជា​ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រាជរដ្ឋាភិបាល​ក៏​បានឱ្យ​ក្រសួង​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​តម្លៃ​ស្រូវ​នេះ​តាមតែ​អាច​ធ្វើ​ទៅ​បាន ។…

រាជធានី​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​ទទួល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​មេត្តា​កុំ​ទម្លាក់​ថ្លៃ​ស្រូវ ឬ​បង្អាប់ថ្លៃ​ស្រូវ​ពេល​កសិករ​កំពុង​ច្រូតកាត់ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ប្រមាណ ៥០ លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​បម្រើ​ក្នុង​វិស័យ​កសិកម្ម រក្សា​តម្លៃ​ស្ថិរភាព​ថ្លៃ​ក៏​ដូច​ជា​ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រាជរដ្ឋាភិបាល​ក៏​បានឱ្យ​ក្រសួង​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​តម្លៃ​ស្រូវ​នេះ​តាមតែ​អាច​ធ្វើ​ទៅ​បាន ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី ១១​ខែធ្នូ​ម្សិលមិញ ថា​រោង​ម៉ាស៊ីនកិនស្រូវ​ទទួល​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ មេត្តា​កុំ​ទម្លាក់​ថ្លៃ​ស្រូវ​របស់​ប្រជាជន​ដែល​គាត់​កំពុង​ច្រូតកាត់ ។ សម្តេច​មាន​ប្រសាសន៍​ថា «​យើង​យល់​ហើយ​អំពី​ក្រិ​ត្យ​ក្រម​នៃ​សេដ្ឋកិច្ច ។ មាន​តម្រូវការ​ច្រើន​ការ​ផ្គត់ផ្គង់​តិច​តម្លៃ​វា​ឡើងថ្លៃ មាន​តម្រូវការ​តិច​តែ​តម្រូវការ​ផ្គត់ផ្គង់​ច្រើន​គឺ​វា​ចុះថ្លៃ ។ ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​រោង​ម៉ាស៊ីនកិនស្រូវ កន្លែង​ស្តុក​ស្រូវ​ទទួល​ទិញ​ពី​ប្រជា​កសិករ​សូមកុំ​បង្អាប់ថ្លៃ​ស្រូវ​របស់​ប្រជាជន​» ។

សម្តេច​សង្កត់ធ្ងន់​ថា «​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ប្រមាណ ៥០ ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ជួយ​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ ។ ប៉ុន្តែ​សូម​អស់លោក​យល់​មិនមែន​យក ៥០ លាន​ដុល្លារ​អា​មេ​រិ​ក​នេះ​ទៅ​ច្របាច់ករ​ប្រជាជន​សម្រាប់​ទម្លាក់​ថ្លៃ​ស្រូវ​នោះ​ទេ ។ ខ្ញុំ​សូម​ឱ្យ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រួតពិនិត្យ​មើល​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​ទៅ​កើត ។ ស្រូវ​កំពុង​ពេញ​ច្រូតកាត់​ទាំង​ស្រូវ​វស្សា និង​ស្រូវប្រាំង​ដំណាលគ្នា ស្រូវ​មាន​ចំនួន​ច្រើន ប៉ុន្តែ​ថ្លៃ​ស្រូវ​ក៏​បាន​ធ្លាក់​ចុះ ។ អ៊ីចឹង​សូម​ឱ្យ​បណ្តា​រោង​ម៉ាស៊ីនកិនស្រូវ​ទទួល​ទិញ​ស្រូវ​ក្នុង​តម្លៃ​សមរម្យ កុំ​ទម្លាក់​ថ្លៃ​ជ្រុល​ហួស​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជា​កសិករ​របស់​យើង​ជួប​ការ​លំបាក​» ។

សម្តេច​លើក​ឡើង​ថា «​យើង​យល់​អំពី​ទីផ្សារ មិនមែន​មាន​តែ​កម្ពុ​ជាមួយ​នោះ​ទេ​ដែល​ផលិត​ស្រូវ​នោះ ។ នៅ​វៀតណាម ថៃ គេ​ធំ​ជាង​យើង​ឆ្ងាយ​ហើយ​នៅ​មី​យ៉ា​ន់​ម៉ា ក៏​មាន​ចំនួន​ច្រើន​ដែរ ។ សូម​ឱ្យ​មាន​ក្រសួង​ពាក់ព័ន្ធ​មានការ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​សូ​មើល ។ សភាពាណិជ្ជកម្ម​ត្រូវ​ប្រជុំ​មើល​រឿង​នេះ ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ត្រូវ​ពិនិត្យ​មើល​ពី​បញ្ហា​នេះ ដើម្បី​ចៀសវាង​នៅ​ការ​ជន់​លិច ពេល​ឃើញ​ស្រូវ​ប្រជាពលរដ្ឋ​ច្រើន អ៊ីចឹង​ទៅ​ទម្លាក់​ថ្លៃ​របស់​ពួក​គាត់​ដែល​ជា​រឿង​មួយ​មិន​គួរ​គ​ម្បី​នោះ​ទេ​» ។

ទាក់ទង​និង​ការ​ប្រមូល​ផល​ស្រូវ និង​តម្លៃ​ស្រូវ​នេះ​នៅ​ពេល​ថ្មី​ៗ​បើ​តាម​ប្រជា​កសិករ​ដែល​រស់នៅ​ឃុំ​សឿ ខេត្តបន្ទាយមានជ័យ លោក ទិ​ត្យ សុ​ផា បានឱ្យ​ដឹង​ថា​ស្ថិត​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​ឆ្នាំ​នេះ តម្លៃ​ស្រូវ​បើ​ប្រៀបធៀប​នឹង​ពេល​ដូច​គ្នា​ឆ្នាំ​មុន វា​ខុស​គ្នា​ប្រហែល ២.០០០ បាត (​ប្រហែល ២៦៨.៦០០ រៀល​) ក្នុង​មួយ​តោន ឬ​ក្រោម​នេះ​បន្តិច​ផ្អែក​ទៅ​លើ​គុណភាព​ស្រូវ​ជាក់ស្តែង ។ នៅ​តំបន់​នេះ​គេ​ពេញ​និយម​ធ្វើ​ស្រូវ​សែន​ក្រអូប ព្រោះស្រូវ​សែន​ក្រអូប​នេះ​គេ​លក់​បាន​ថ្លៃ​ជាង​ស្រូវ​មួយ​ចំនួន​ផ្សេង​ទៀត ។

កសិករ​រូប​នេះ​បញ្ជាក់​ថា «​មក​ដល់​ឥឡូវ​មិន​ទាន់​មាន​កសិករ​ច្រើន​ទេ​ធ្វើការ​ច្រូតស្រូវ ឬ​ប្រមូល​ផល​ស្រូវ​របស់​ខ្លួន​ដោយសារ​តម្លៃ​ស្រូវ​វា​ថោក ហើយ​អត់​សូវ​មាន​អ្នកទិញ​ទៀត ។ កសិករ​បង្អង់​ចាំ​មើល​គ្នា ឬ​ចាំ​មើល​តម្លៃ​ក្រែង​តម្លៃ​ស្រូវ​ប្រសើរ​ជាង​នេះ ខណៈ​ស្រូវ​ដល់​ពេល​ទុំ​ក្រហម​ពេញ​វាលស្រែ​អស់ហើយ ។ ម្សិលមិញ​គេ​ហ៊ាន​ទិញ​ស្រូវ​សែន​ក្រអូប​ក្នុង​មួយ​តោន​ថ្លៃ ៧.១០០ បាត (​ប្រហែល ៩៥៣.៥៣០ រៀល​) តែ​មក​ដល់​ថ្ងៃនេះ​ស្រាប់តែ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៦.៩០០ បាត (​ប្រហែល ៩២៦.៦៧០ រៀល​) វិញ ហើយ​អត់​ហ៊ាន​ទទួល​ទិញ​ច្រើន​ទៀត​» ។

តាម​ការ​យល់​ឃើញ​លោក ទិ​ត្យ សុ​ផា ខណៈ​តម្លៃ​ស្រូវ​ចុះថោក កសិករ​បន្ត​រង​ចាំ​តម្លៃ​ស្រូវ​ងើបឡើង​វិញ វា​អាច​ធ្វើ​ឱ្យ​កសិករ​កាន់តែ​ខាតបង់​ប្រាក់​ថែម​ទៀត ។ ព្រោះ​សព្វ​ថ្ងៃនេះ​ឈ្មួញ​គេ​មក​ទិញ​ស្រូវ គេ​យក​ទៅ​ស​ម្ងួ​ត តែបើ​កសិករ​ពន្យា​ពេល​អូស​បន្លាយ​បែប​នេះ​វា​នឹង​ធ្វើ​ឱ្យ​ស្រូវ​ទុំ​ខ្លាំង​ពេក ធ្វើ​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​លែង​ទិញ ។ ដូចនេះ​ដើម្បី​កុំឱ្យ​ខាតបង់​ព្រោះតែ​ការ​រង​ចាំ​តម្លៃ​នេះ កសិករ​មួយ​ចំនួន​បង្ខំចិត្ត​លក់​ត្រូវ​យក​លុយ​ខ្លះ សង​ថ្លៃ​ជី ថ្នាំ​ដែល​បាន​ទិញ​ជំពាក់​គេ​នៅ​ពេល​កន្លង​មក អ៊ីចឹង​កសិករ​ឆ្នាំ​នេះ​ប្រឈម​នឹង​ហានិភ័យ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្មី​ៗ​នេះ​បង្ហាញ​ថា តម្លៃ​ស្រូវ​របស់​កសិករ​ពិតជា​ធ្លាក់​ចុះ​មែន ក៏​ប៉ុ​ន្ត​មិនមែន​ធ្លាក់​ចុះ​ចំពោះ​ស្រូវ​គ្រប់​ប្រភេទ​នោះ​ទេ គឺ​ធ្លាក់​ចុះ សម្រាប់​តែ​ស្រូវ​ណា​ដែល​មានគុណ​ភាព​អន់ ឬ​មិន​ត្រូវ​នឹង​ស្ដង់ដារ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ។ បញ្ហា​ស្រូវ​មាន​និន្នាការ​ធ្លាក់​ថ្លៃ​តាម​ការ​ពិនិត្យ​ជាក់ស្តែង តម្លៃ​ស្រូវ​គុណភាព​ល្អ ផ្កាម្លិះ ផ្ការំដួល និង សែន​ក្រអូប មាន​តម្លៃ​ធ្លាក់​ចុះ​បន្តិចបន្តួច​ប្រហែល ១០០ រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ