ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​រឿង​បែប​នេះ​ទើប​មហាសេដ្ឋី​មួយ​រូប​មិន​ចង់រក​លុយ​បន្ថែម​ទៀត

4 ឆ្នាំ មុន

លោក ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​ជា​មហាសេដ្ឋី វិនិយោគិន និង​ម្ចាស់​ក្រុមហ៊ុន Dallas Mavericks…

លោក ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​ជា​មហាសេដ្ឋី វិនិយោគិន និង​ម្ចាស់​ក្រុមហ៊ុន Dallas Mavericks មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៤.១ ប៊ី​លាន​ដុល្លារ បើ​យោង​ទៅ​តាម​ទស្សនាវដ្តី Forbes ហើយ​លោក​បាន​អះអាង​ថា ចំនួន​លុយ​នេះ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​លោក ។

ផ្ទុយ​មក​វិញ​លោក​ធ្លាប់​បាន​ចែករំលែក​មក​ថា លោក​បាន​បញ្ឈប់​ខ្លួនឯង​ក្នុង​ការ​រក​លុយ​បន្ថែម​ជា​យូរលង់​ណាស់​មក​ហើយ ព្រោះ​លោក​មាន​លុយ​គ្រប់គ្រាន់​ហើយ ខណៈ​ដែល​លោក​ផ្តល់​តម្លៃ​លើ​ពេលវេលា​ច្រើន​ជាង​លុយ​ទៅ​ទៀត​បច្ចុប្បន្ន​នេះ ។ លោក​បាន​បន្ត​ថា ការ​ផ្លាស់​ប្តូរ​គំនិត​នេះ​បាន​ចាប់ផ្តើម​ពេល​ដែល​លោក និង​ដៃគូ​អាជីវកម្ម​របស់​លោក​លក់​ក្រុមហ៊ុន Broadcast.com ឲ្យ​ទៅ Yahoo ក្នុង​តម្លៃ ៥.៧ ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​១៩៩៩ ។ ពេល​នោះ​ជា​ពេល​ដែល​លោក​ដឹង​ថា​លោក​មិន​ត្រូវការ​លុយ​បន្ថែម​ទៀត​ទេ ព្រោះ​យោង​ទៅ​តាម​លោក​ឃ្យូ​បេន លុយ​មិន​អាច​ទិញ​សុភមង្គល​បាន​ឡើយ ។

លោក​បាន​ប្រាប់​ថា «​លុយ​អាច​ទិញ​ភាព​ស្រណុក​ស្រួល​ឲ្យ​អ្នក ។ លុយ​អាច​ទិញ​យក​វិចារណញ្ញាណ​បាន​ខ្លះ ។ លុយលុប​បំបាត់​អារម្មណ៍​ស្ត្រេ​ស​ជា​ច្រើន ក្នុង​ការ​បង់ថ្លៃ​ទឹក ភ្លើង ប៉ុន្តែ​វា​មិន​ជួយ​ឲ្យ​អ្នក​សប្បាយចិត្ត​ទេ ។ ខ្ញុំ​មាន​សុភមង្គល​ពេល​ដែល​ខ្ញុំ​គ្មាន​លុយ ។ បើ​អ្នក​មិន​មាន​សុភមង្គល​ពេល​ដែល​អ្នក​គ្មាន​លុយ ការ​មាន​លុយ​ក៏​មិន​អាច​ផ្លាស់​ប្តូរ​វា​ដែរ​» ។ «​បើ​អ្នកមាន​សុភមង្គល​ពេល​ដែល​អ្នក​មិន​មាន​លុយ​ច្រើន ហើយ​ស្រាប់តែ​អ្នក​ជោគជ័យ​នោះ អ្នក​នឹង​ស្រលាញ់​ជីវិត​របស់​អ្នក​កាន់តែ​ខ្លាំង​ឡើង ។ ហើយ​វា​ជា​អ្វី​ដែល​កើតឡើង​លើ​ខ្លួន​ខ្ញុំ​» ។

ក្រៅពី​លុប​បំបាត់​អារម្មណ៍​ស្ត្រេ​ស​ហើយ លោក ឃ្យូ​បេន បាន​ប្រាប់​ទៀត​ថា លុយ​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ធ្វើ​អ្វី​ផ្សេង​ៗ​ដែល​ជួយ​ទិញ​ពេលវេលា​ដែរ​ដូច​ជា ធ្វើ​អ្វីមួយ​ដោយ​លឿន ។ ការ​ចាយវាយ​ធំ​ដំបូង​របស់​លោក​មហាសេដ្ឋី​នេះ គឺ​ការ​ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​មួយ ដើម្បី​សន្សំ​សំចៃ​ពេលវេលា​ពេល​ធ្វើ​ដំណើរ ។ បច្ចុប្បន្ន​លោក​ផ្តោត​ស្មារតី​ទៅ​លើ​វិស័យ​សុខាភិបាល​របស់​សហរដ្ឋអាមេរិក ។

លោក​បាន​អះអាង​ថា មនុស្ស​គ្រប់​គ្នា​មិន​ទាន់​អាច​ទទួល​បានការ​មើលថែ​ព្យាបាល​តាម​តម្រូវការ​ក្នុង​តម្លៃ​ដែល​ពួក​គេ​អាច​បង់​បាន​ទេ ។ លោក​ចាប់អារម្មណ៍​លើ​ការ​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មាន​សុខភាព​ល្អ ដោយហេតុ​ដូចនេះ ទើប​លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​មួយ​ក្នុង​ផ្នែក​ឱសថ​ទោះជា​ក្រុមហ៊ុន​នេះ​មិន​ជួយ​រក​ចំណូល​ឲ្យ​លោក​ច្រើន​ពិតមែន​ក្តី ។ លោក​គ្រាន់តែ​មិន​ចង់​ស្តាយក្រោយ​នៅ​ថ្ងៃ​មុខ​ប៉ុណ្ណោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ