ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ អ.ស.ប ​តែង​តាំង​​បេសក​ជន​ពិសេសថ្មី​ប្រចាំ​លីប៊ី

15 ឆ្នាំ មុន

អគ្គលេខាធិការ​អង្គកា​រ​សហប្រជាជាតិ​​​ លោកបាន គីមូន បានតែងតាំង​​លោក Abdelilah Al-Khatib អតីត​រដ្ឋ​មន្ត្រី ការ​បរទេស​​ហ្សកដានី​ជា​បេសកជន​​ពិសេស​របស់​លោក​ប្រចាំ​​ប្រទេស​លីប៊ី ។ ​នេះបើតាម​​​ការ​ឱ្យ​​ដឹង​​​តាមរយៈ​សេច​ក្តី​​ថ្លែង​ការណ៍​​មួយ​ចេញ​​​ដោយ​អ្នកនាំពាក្យ​​របស់​លោក​កាលពីថ្ងៃទី​​៦ មីនា ​កន្លងមក ។ សេចក្តី​ថ្លែង​ការណ៍​នោះ​​​ឱ្យ​ដឹងទៀត​​ថា បេសក​​ជនពិសេស​​ថ្មីនេះនឹង​ធ្វើ​ការ​​ពិគ្រោះ​​យោ​​បល់​​​បន្ទាន់​​ជាមួយអាជ្ញាធរ​​នៅក្នុងទីក្រុង​​ទ្រីប៉ូលី រដ្ឋធានីលីប៊ី ​និង​នៅ​ក្នុង​តំបន់​​ស្តីអំពី​​​ស្ថានការណ៍​​មនុស្សធម៌​​ ព្រមទាំង​​ទំហំ​​នៃ​វិបត្តិ​​របស់​ប្រទេស​​លីប៊ី ។ លោក Al-Khatib នឹងធ្វើដំណើរ​​ទៅ​កាន់ទីក្រុង​​ញូវយ៉ក​​រយៈពេល​​​២-៣ថ្ងៃ​ខាង​មុខនេះ ​មុនពេល​ទទួល​យក​​​កាតព្វ​កិច្ច​​​របស់​លោក។
សេចក្តីថ្លែង​​ការណ៍​ខាងលើ​​​ឱ្យ​​ដឹងទៀត​ថា ​ប្រមុខ​​អង្គការ​​សហប្រជាជាតិ​​មានការ​ព្រួយ​បារម្ភ​​​យ៉ាងខ្លាំង​​ចំពោះ​ការ​ប្រយុទ្ធ​​គ្នា​នៅ​​ភាគខាង​លិច​​​លីប៊ី​​ដែលបណ្តាល​​ឱ្យស្លាប់​​​មនុស្ស​ជា​ច្រើន​នាក់​​​​រួច​មកហើយ ។​
កាលពី​​ថ្ងៃទី​៦ មីនា នោះដែរ លោកបាន គី​មូន ​បានពិភាក្សា​​ជា​មួយរដ្ឋ​មន្ត្រី​​ការបរទេស​​លីប៊ី លោក Musa Kusae ហើយ​លោក​បានអំពាវ​នាវ​​ឱ្យលីប៊ី​បញ្ចប់​អរិ​ភាព​​ និងគោរព​​​តាម​ដំណោះ​ស្រាយ​របស់​ក្រុមប្រឹក្សា​​សន្តិសុខ​​អង្គ​​ការ​​​សហប្រជាតិ​​​​លេខ​១៩៧០ ។ ​សេចក្តី​​សម្រេច​ចិត្ត​​លេខ​១៩៧០​នេះ ​ដែលត្រូវបានអនុម័ត​​ជា​ឯកច្ឆ័ន្ទ​​ដោយ​ក្រុមប្រឹក្សា​​សន្តិសុខ​​​កាលពី​ថ្ងៃទី​​​២៦ កុម្ភៈ ដាក់ទណ្ឌ​កម្ម​​ប្រឆាំង​​ប្រទេស​លីប៊ី​ ​ក្នុងនោះមាន​​ដូចជា​​ការ​ហ៊ុម​ព័ទ្ធ​​​អាវុធ​ ​និង​ការ​ហាម​ប្រាម​​លើ​ការធ្វើ​​ដំណើរ ​និង​ការ​ផ្អិប​​ទ្រព្យ​សម្បត្តិ​​របស់​មេដឹកនាំ​​លីប៊ី​ លោក​មូអាម៉ា កាដា​ហ្វី ​និង​សមា​ជិក​​គ្រួសារ​សំខាន់​ៗរបស់លោក ។​
ក្នុង​​កិច្ច​​សន្ទនា​​តាម​ទូរស័ព្ទ​​​ជាមួយ​រដ្ឋ​មន្ត្រី​​ការបរទេស​​លីប៊ី ​​លោកបាន គីមូន ​បានអំពាវ​នាវ​​ដល់អាជ្ញាធរ​​ក្រុង​ទ្រីប៉ូលី ឱ្យទទួល​​ខុសត្រូវ​​ខ្ពស់​ដើម្បី​​ការពារជនស៊ីវិល​​​ ហើយ​ស្តាប់​ការ​ណែ នាំរបស់​​សហគមន៍​អន្តរជាតិ ៕