ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រាស​អង្ករ​ចំនួន​១៨​ក្រុមហ៊ុន​បន្ថែម​ទៀត​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​នាំ​ចេញ​ទៅ​ចិន ខណៈ​កសិករ​ត្អូញត្អែរ​រឿង​ការ​ធ្លាក់​ថ្លៃ​ស្រូវ​អង្ករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​រយៈ​ការ​ជំរុញ​រួម​គ្នា​រវាង​ភាគី​ចិន និង​កម្ពុជា នា​ដើមខែ​ធ្នូ ឆ្នាំ​នេះ កម្ពុជា​បាន​បន្ថែម​សហគ្រាស​អង្ករ​ចំនួន​១៨​ក្រុមហ៊ុន​បន្ថែម​ទៀត ដែល​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​នាំ​ចេញ​ទៅ​ប្រទេស​ចិន ហើយ​បច្ចុប្បន្ន​នេះ សហគ្រាស​អង្ករ​ដែល​ទទួល​បាន​សិទ្ធិ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​មាន​ចំនួន​៤៤​ក្រុមហ៊ុន​។ នេះ​បើ​យោង​តាម​ព័ត៌មាន​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ តាម​រយៈ​ការ​ជំរុញ​រួម​គ្នា​រវាង​ភាគី​ចិន និង​កម្ពុជា នា​ដើមខែ​ធ្នូ ឆ្នាំ​នេះ កម្ពុជា​បាន​បន្ថែម​សហគ្រាស​អង្ករ​ចំនួន​១៨​ក្រុមហ៊ុន​បន្ថែម​ទៀត ដែល​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​នាំ​ចេញ​ទៅ​ប្រទេស​ចិន ហើយ​បច្ចុប្បន្ន​នេះ សហគ្រាស​អង្ករ​ដែល​ទទួល​បាន​សិទ្ធិ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​មាន​ចំនួន​៤៤​ក្រុមហ៊ុន​។ នេះ​បើ​យោង​តាម​ព័ត៌មាន​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា «​សហគ្រាស​ទាំង​១៨​ក្រុមហ៊ុន​ដែល​ទើបតែ​ចូលរួម​នេះ នឹង​ជួយ​សម្រេច​បាន​នូវ​គោលដៅ​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ចំនួន​៤០​ម៉ឺន​តោន​ជា​រៀង​រាល់​ឆ្នាំ​កាន់តែ​ល្អ​ប្រសើរ​» ។ ក្នុង​រយៈពេល​ចំនួន​១១​ខែ​នា​ឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​មាន​ចំនួន​៦០​ប្រទេស និង​តំបន់​លើ​ពិភពលោក ហើយ​ប្រទេស​ចិន​នៅ​តែ​ជាទី​ផ្សារ​នាំ​ចូល​ធំ​ជាងគេ​បង្អស់​។ ​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​មាន​ចំនួន​សរុប​លើស​ពី​២០​ម៉ឺន​តោន និង​មាន​ចំនួន​កើនឡើង​៥៣%​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៨​។

ខណៈ​ដែល​តួលេខ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ហាក់​មាន​តួលេខ​ល្អ តែ​ប្រជា​កសិករ​មួយ​ចំនួន​នៅ​ក្នុងស្រុក​កំពុង​ប្រឈម​នឹង​បញ្ហា​នៃ​ការ​ធ្លាក់​ថ្លៃ​តម្លៃ​ស្រូវ ជា​ពិសេស​គឺ​ស្រូវ​សែន​ក្រអូប រហូត​កសិករ​ខ្លះ​សម្រេចចិត្ត​ពន្យា​ពេល​នៃ​ការ​ប្រមូល​ផល ។​ក៏​ប៉ុន្តែ​សហព័ន្ធ​ស្រូវ​អង្ករ​ថ្មី​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​កំពុង​ផ្សព្វផ្សាយ​នៅ​ប្រព័ន្ធ​សង្គម​ថា ថា​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ពិតមែន «​តែ​មិនអាក្រក់​ដូច​ការ​ចុះ​ផ្សាយ​ឡើយ​» ។

យោង​តាម​សេចក្តី​ប្រកាស​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានអោយ​ដឹង​ថា ខ្លួន​ពិតជា​ទទួលស្គាល់​ថា តម្លៃ​ស្រូវ​របស់​ក​សិរ​ពិតជា​ធ្លាក់​ចុះ​មែន ក៏​ប៉ុ​ន្ត​មិនមែន​ធ្លាក់​ចុះ​ចំពោះ ស្រូវ​គ្រប់​ប្រភេទ​នោះ​ទេ គឺ​ធ្លាក់​ចុះ​សម្រាប់​តែ​ស្រូវ​ណា​ដែល​មានគុណ​ភាព​អន់ ឬ​មិន​ត្រូវ​នឹង​ស្ដង់ដារ​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស ។

សហព័ន្ធ​ស្រូវ​អង្ករ បាន​បញ្ជាក់​បង្ហាញ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា បញ្ហា​ស្រូវ​មាន​និន្នាការ​ធ្លាក់​ថ្លៃ តាម​ការ​ពិនិត្យ​ជាក់ស្តែង តម្លៃ​ស្រូវ​គុណភាព​ល្អ ផ្កាម្លិះ ផ្ការំដួល និង សែន​ក្រអូប មាន​តម្លៃ​ធ្លាក់​ចុះ​បន្តិចបន្តួច​ប្រហែល ១០០ រៀល​ក្នុង​មួយ​គីឡូ​ក្រោម តែ​មិនអាក្រក់​ដូច​ការ​ផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ហ្វេ​ស​ប៊ុ​ក នោះ​ទេ ដល់​ថា ចុះថោក​រហូត​ដល់​គ្មាន​ទីផ្សារ​ទន្ទឹង​នឹង​នោះ​រោង​ម៉ាស៊ីនកិនស្រូវ​ក៏​នៅ​មាន​តម្រូវការ​ទិញ​ស្រូវ​គុណភាព​ល្អ​ច្រើន​ទៀត​ដែរ​។

​ប្រភព​ដដែល​បាន​បន្ត​ថា «​តម្លៃ​ស្រូវ​ដែល​ធ្លាក់​ចុះ​នោះ​គឺជា​ស្រូវ​ដែល​មានគុណ​ភាព​អន់ (​បាក់​ច្រើន​) អង្ករដើម​ភាគរយ​តិច ជាក់ស្តែង​ដូច​ជា ស្រូវម្លិះ និង សូ​ម៉ា​លី​កន្លះ​តំបន់​មួយ​ចំនួន​នៃ​ខេត្តពោធិ៍សាត់​គឺ មិន​មាន​ក្លិនក្រអូប អង្ករ​រឹង ដែល​អតិថិជន​មិន​ទួល​យក​បាន​នៅ​ទីផ្សារ​»​។

​សេចក្តី​ប្រកាស​បន្ត​ថា គុណភាព​ស្រូវ​មក​ពី​តំបន់​ខ្លះ​នៃ​ខេត្តបន្ទាយមានជ័យ និង​សៀមរាប មាន​បញ្ហា​ផង​ដែរ ដោយសារ​គុណភាព​បាក់​ច្រើន និង​ជម្ងឺ​អុច​លើ​គ្រាប់ស្រូវ​។ តែ​ស្រូវ​នៅ​តំបន់​មួយ​ចំនួន​នៃ​ខេត្តកំពង់ស្ពឺ តាកែវ កំពត និង​ខេត្តកណ្តាល គឺ​មានគុណ​ភាព​ខ្ពស់ តម្លៃ​ពេញ ហើយ​រោង​ម៉ាស៊ីនកិនស្រូវ​ប្រមូល​ទិញ​មិន​គ្រប់​តម្រូវការ​នៅឡើយ ។ តំលៃ​ស្រូវ​ក្រអូប​របស់​យើង គឺ​មាន​តំលៃ ប្រហាក់ប្រហែល​ប្រទេស​ថៃ គឺ​៧​បាត​សំរាប់​ប្រភេទ​ពូជ​ប្រហាក់ប្រហែល​គ្នា ។ ស្រូវ​ដែល​ធ្លាក់​ថ្លៃ​ជាងគេ​គឺ​ពពួក​ពូជស្រូវ​ស្រងែ និង​ប្រភេទ​ស្រូវ​ចំរុះ ដែល​មិន​មាន​តម្រូវការ​ទីផ្សារ​នាំ​ចេញ​។ ហើយ​ទីផ្សារ​ក្នុងស្រុក​ក៏​មាន​និន្នាការ​ថយ​ចុះ​ផង​ដែរ ។

បើ​តាម​ការ​ប្រមូល​ទិន្នន័យ​របស់​លេខាធិការដ្ឋាន​ពី​រោង​ម៉ាស៊ីនកិនស្រូវ​សំខាន់​ៗ​ចំនួន​៤៦​រោង​ម៉ាស៊ីនកិនស្រូវ បាន​បង្ហាញ​ឃើញ​ថា បរិមាណ​ស្រូវ​ដែល​មាន​ស្តុក​ស្រូវ​ជាក់ស្តែង​ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ គឺ​មាន​ជាង ៣៥​ម៉ឺន​តោន​ស្រូវ ដោយ​មិន​គិតការ​ទិញ​ចូល និង​កិន​លក់​ចេញ​ពេល​ចាប់ផ្តើម​ប្រមូល​ផល​។ ​យ៉ាងណា​ក៏​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​ក៏​ត្រេកអរ ដែល​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ទំលាក់​កញ្ចប់​ថវិកា​៥០​លាន​ដុល្លារ​ទៅ​ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ផ្ដល់​ឥណទាន​ទៅ​រោង​ម៉ាស៊ីនកិនស្រូវ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ដែល​ជា​ការ​ដោះស្រាយ​បន្ទាន់​នូវ​បញ្ហា​ស្រូវ​ធ្លាក់​ចុះ​បែប​នេះ ។

តាម​សេចក្តី​ប្រកាស​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ប្រកាស​អោយ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​ខ្វះ​ទុន​អាច​ទំនាក់ទំនង​មក​កាន់​ធនាគារ ដើម្បី​បំពេញ​លក្ខ​ខ័​ណ្ឌ យក​កញ្ចប់​ថវិកា​ទៅ​ប្រើប្រាស់​ទិញ​ស្រូវ​ផ្ការំដួល និង​ស្រូវ​សែន​ក្រអូប​ពី​កសិករ ដែល​ចាប់ផ្ដើម​ប្រមូល​ផង​ចាប់ពី​ស​ប្ដា​ហ៍​ទី​២​នៃ​ខែធ្នូ នេះ​តទៅ ។

គួរ​រំលឹក​ថា សម្រាប់​ឆ្នាំ ២០១៩​នេះ ចិន​គឺជា​ទីផ្សារ​ធំ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា ដោយ​ក្នុង​រយៈពេល​ជាង​១១​ខែ​នេះ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​មាន​បរិមាណ ៥១​ម៉ឺន​៩​ពាន់​តោន ក្នុង​នោះ​ទីផ្សារ​ចិន​មាន​ប្រមាណ​២០​ម៉ឺន​៧​ពាន់​តោន ឬ​ស្មើនឹង​ប្រមាណ​៤០,២៨​ភាគរយ​នៃ​ទីផ្សារ​នាំ​ចេញ​សរុប​របស់​កម្ពុជា ។ ក្រៅពី​នោះ មាន​នាំ​ចេញ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ដែល​មាន​ប្រមាណ​១៧​ម៉ឺន​៦​ពាន់​តោន​ស្មើនឹង​៣៤,២៤​ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប ដោយឡែក​ក៏​មាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ក្រៅ​តំបន់​អាស៊ាន​ផ្សេង​ៗ​ទៀត​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ