ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណីភ្នំ»។ លោកអភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងបែបនេះក្នុងកិច្ចប្រជុំរកដំណោះស្រាយផលប៉ះពាល់កសាងផ្លូវជាតិលេខ៥ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា កិច្ចប្រជុំរកដំណោះស្រាយផលប៉ះពាល់ការកសាងផ្លូវជាតិលេខ៥ពីក្រុងសិរីសោភ័ណទៅព្រំប្រទល់ស្រុកមង្គលបូរី ដើម្បីអោយក្រុមការងារគណៈកម្មការរដ្ឋបាលចូលរួមប្រជុំពិនិត្យដោះស្រាយផលប៉ះពាល់។
លោកបានបញ្ជាក់ថា មន្ត្រីជំនាញមុនអនុញ្ញាត ឬការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋត្រូវពិនិត្យអោយបានច្បាស់លាស់ធ្វើយ៉ាងមិនត្រូវមានការរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិឡើយ និងការកសាង ឬសាងសង់រំលោភដូចជាពាក់ព័ន្ធនឹងដីចំណីផ្លូវជាតិលេខ៥ចាប់ពីព្រំប្រទល់ក្រុងសិរីសោភ័ណដល់ស្រុកមង្គលបូរី និងរំលោភដីចំណីភ្នំស្រះ ស្រុកព្រះនេត្រព្រះ។
លោក លី សារី បានដាស់តឿនដល់មន្ត្រីជំនាញមុន និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋកសាងលំនៅដ្ឋានត្រូវពិនិត្យមើលអោយបានច្បាស់លាស់ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដីកម្មសិទ្ធិរដ្ឋ ហើយត្រូវចូលរួមថែរក្សាទ្រព្យសម្បត្តិរដ្ឋ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ