ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែង​តួ​ល្ខោនបាសាក់​ច្រៀង​លក់​កា​រ៉េ​ម​កី​​សប្បាយ​ ហើយ​លក់ដាច់ (វីដេអូ)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី រស់នៅ​ក្នុងស្រុក​ព្រៃឈរ និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន បាន​ស្គាល់​បុរស​ចំណាស់​វ័យ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ពិន ឃុំ​គរ ស្រុក​ព្រៃឈរ​ដែល​ធ្វើ​ឲ្យ​មហាជន​ទូទៅ​មានការ​ចាប់អារម្មណ៍​គ្រប់​គ្រប់​ៗ​គ្នា ដោយសារ​តែ​គាត់​ស្លៀកពាក់​តុបតែង​ជា​តួ​ល្ខោនបាសាក់​រួម​នឹង​កង់​១​គ្រឿង…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី រស់នៅ​ក្នុងស្រុក​ព្រៃឈរ និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន បាន​ស្គាល់​បុរស​ចំណាស់​វ័យ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ពិន ឃុំ​គរ ស្រុក​ព្រៃឈរ​ដែល​ធ្វើ​ឲ្យ​មហាជន​ទូទៅ​មានការ​ចាប់អារម្មណ៍​គ្រប់​គ្រប់​ៗ​គ្នា ដោយសារ​តែ​គាត់​ស្លៀកពាក់​តុបតែង​ជា​តួ​ល្ខោនបាសាក់​រួម​នឹង​កង់​១​គ្រឿង មាន​បំពាក់​ដោយ​ស្គរ មេក្រូ សម្រាប់​ច្រៀង​ឲ្យ​គេ​សណ្ដាប់ ពេល​ណា​ដែល​មក​ទិញ​កា​រ៉េ​ម របស់​គាត់​យក​ទៅ​ពិសារ​មិន​ថា​តិច​ឬ​ក៏​ច្រើន​សប្បាយ​ទាំង​អ្នកលក់ សប្បាយ​ទាំង​អ្នកទិញ ។

លោក មិន លឹ​ម​ហៃ អ្នក​ប្រកប​របរ​លក់​កា​រ៉េ​ម​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២៣​វិច្ឆិកា​២០១៩​ថា​:​នៅ​ក្នុង​ឆ្នាំ​១៩៨០ គ្រា​ដែល​ប្រទេស​កម្ពុជា ត្រូវ​បាន​រំដោះ​ពី​របប​ប្រល័យពូជសាសន៍​៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ ក៏​បាន​រៀប​ការ​ជាមួយនឹង​អ្នកស្រី ទៀប យឿ​ន ក្រោយមក​ក៏​សម្រាល​បានកូន​បន្តបន្ទាប់​ចំនួន​២​នាក់​ក្នុង​នោះ​កូនប្រុស​បង​ឈ្មោះ ផៃ លឹ​ម​ហឿ​ន និង​កូនស្រី​ឈ្មោះ ផៃ សុផល ក្នុង​ពេល​នោះ​បាន​ប្រកប​របរ​ធ្វើស្រែ​នៅ​ក្រោយ​ភូមិ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។

លោក លឹ​ម ហៃ បាន​ប្រាប់​បន្ត​ថា ក្រោយមក​ទៀត​គាត់​មាន​កង់​មួយ​គ្រឿង​ក៏​បែកគំនិត​រកស៊ី​ទទួល​កា​រ៉េ​ម​កី​របស់​គេ​នៅ​ផ្សារ​ព្រៃ​ទទឹង​យក​ទៅ​លក់ ដោយ​ឌុ​បលក់​នៅ​ក្នុងភូមិ​និង​ក្រៅ​ភូមិ ។

គាត់​ថា ក្នុង​គ្រា​ដែល​នៅ​កម្លាំង​ពេញ​គឺ​ឌុ​ប​កា​រ៉េ​ម​កី​លក់​រហូត​ទៅ​ដល់​ស្គន់​ស្រុក​ជើងព្រៃ ទៅ​ឃុំ​ពាមជីកង ស្រុក​កងមាស រង្វង់​មូល​ត្រើង ស្រុក​កំពង់សៀម និង​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ​រួច​ក៏​បាន​ជិះ​វាង​ត្រឡប់​មក​ផ្ទះ​វិញ​ពេល​លក់​អស់ ។ គាត់​ដំណាល​ថា ក្នុង​ពេល​លក់​ដំបូង​ៗ​នៅ​ក្នុងភូមិ​មាន​តែ​គាត់​ម្នាក់​ទេ គឺ​កា​រ៉េ​ម​ឌុ​បលក់​តាម​កង់ លក់ដាច់​ទទួល​បាន​ប្រាក់​ចំណេញ​គ្រាន់បើ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។

ប៉ុន្តែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​អ្នក​ផ្សេង​ទៀត​គេ​ក៏​បាន​ប្រកប​របរ​លក់​កា​រ៉េ​ម ដឹក​តាម​កង់​ដូច​គាត់​ដែរ ហើយ​អ្នកលក់​ខ្លះ ក៏​បាន​ប្រើប្រាស់​ម៉ូតូ​ដឹក​កា​រ៉េ​ម​លក់​ទៅ​ទី​ជិត​ឆ្ងាយ ចំណែក​រូប​គាត់​វិញ​នៅ​តែ​ជិះ​កង់​ត្រឹក​ៗ​លក់​កា​រ៉េ​ម​ដដែល សឹង​ថា​លក់​ចាញ់​គេ ព្រោះ​គេ​លក់​តាម​ភូមិ​បាន​មុន​ដោយសារ​ម៉ូតូ ។

គាត់​បាន​រៀបរាប់​បន្ត​ទៀត​ថា ជាមួយ​នោះ​ដើម្បី​បង្កើត​នូវ​ភាព​ទាក់ទាញ ឱ្យ​ការ​លក់​កា​រ៉េ​ម​បាន​ដាច់​ជាង​មុន គាត់​បាន​ច្នៃប្រឌិត​ដោយ​ស្លៀកពាក់​ជា​តួ​ល្ខោនបាសាក់ មាន​បំពាក់​គ្រឿង​បំពង​សំឡេង ជិះ​កង់​ដើរ​លក់​នៅ​ក្នុងភូមិ​ទាក់ទាញ​អ្នកទិញ​បាន​ច្រើន​ជាង​មុន ធ្វើ​ឱ្យ​អ្នកទិញ​សប្បាយ​និង​ចាប់អារម្មណ៍ ។ គាត់​ថា បី​បួន​ឆ្នាំ​មក​ហើយ​ប្រជាពលរដ្ឋ ពេល​ដែល​ឃើញ​គាត់​សម្ដែង​ច្រៀង​ល្ខោនបាសាក់​គេ​នាំ​គ្នា​អាណិត​មក​ចោមរោម​ជួយ​ទិញ​កា​រ៉េ​ម​ក្នុង​មួយ​ថ្ងៃ​ប្រាក់​ចំណេញ​ទទួល​បាន​ប្រមាណ​៣​ម៉ឺន​រៀល យ៉ាងតិច​សម្រាប់​ដោះស្រាយ​ជីវភាព​ចិញ្ចឹម​ចៅប្រុស​ស្រី​៤​នាក់​ដែល​កំព្រា​ឪពុក​ត្រូវ​គាត់​រ៉ាប់រង​ចិញ្ចឹម ។

លោក លឹ​ម ហៃ បាន​បញ្ជាក់​ថា​រាល់​ថ្ងៃនេះ​ចៅ​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ពីរ​នាក់​បាន​ចេញ​ទៅ​ប្រកប​របរ​លក់ដូរ​នៅ​រាជធានី​ភ្នំពេញ នៅ​សល់​ចៅ​តូច​ចំនួន​២​នាក់ កំពុង​តែ​ចិញ្ចឹម​មើលថែ​ទាំ​ឱ្យ​ពួក​គេ​បាន​ទៅ​រៀនសូត្រ ។ កូនប្រុស​ច្បង​របស់​គាត់​ឈ្មោះ​លឹ​ម ហឿ​ន សព្វថ្ងៃ​អាយុ​៣៨ ឆ្នាំ ពិការ​មិនដឹង​អ្វី​នោះ​ទេ​ត្រូវ​គាត់​រាប់​រង​ចិញ្ចឹម​ទៀត​។

គាត់​រៀបរាប់​ដំណាល​ថា មាន​ពេល​ខ្លះ​គាត់​បាន​ច្រៀង​ល្ខោនបាសាក់​លក់​កា​រ៉េ​ម​កី​ក៏​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន គេ​បាន​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​គេ​ស៊ែ ពី​មួយ​ទៅ​មួយ​រហូត​ដល់​រាប់​ម៉ឺន​អ្នក​ហើយ​សំលេង​របស់​គាត់​ក៏​ច្រៀង​ពីរោះ​គ្រាន់បើ ។

ក្រោយមក​ក៏​មាន​ទូរទស្សន៍​ឯកជន​ក្នុងស្រុក​១ បាន​ហៅ​គាត់​ទៅ​ច្រៀង​សម្តែង​ឲ្យ​ទស្សនិកជន​ទស្សនា​ហើយ​ក៏​មាន​អ្នក​ដែល​បាន​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​បាន​រៃ​អង្គាស​ថវិកា​ឧបត្ថម្ភ​មក​ដល់​រូប​គាត់​បាន​គ្រាន់បើ រួម​ផ្សំ​នឹង​ប្រាក់​ឧបត្ថម្ភ​របស់​ស្ថានីយទូរទស្សន៍​នោះ​ថែម​ទៀត ដោយ​បាន​ធ្វើ​ឲ្យ​គាត់​រឹតតែ​ល្បីឈ្មោះ​បោះ​សំឡេង​រហូត​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​-​ហ៊ុន សែន បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀល​មក​ដល់​រូប​គាត់ ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​បាន​ធូរស្រាល​មួយ​កម្រិត​ធំ​ទៀត ។

គាត់​មាន​មោទនភាព​ថា ឲ្យ​តែ​គាត់​ជិះ​កង់​ឌុ​ប​កា​រ៉េ​ម​លក់​ឮ​សំឡេង​ច្រៀង​ល្ខោន នៅ​ក្នុងភូមិ​និង​តាម​បណ្ដា​ភូមិ​ផ្សេង​ៗ​ទៀត គឺ​មាន​ប្រជាពលរដ្ឋ​មក​ជួយ​ទិញ​កុះករ ព្រោះ​បាន​ធ្វើ​ឱ្យ​សប្បាយ​រីករាយ​គ្រប់​គ្នា ។ ម្យ៉ាងវិញទៀត​រាល់ថ្ងៃ​នេះ​កម្លាំង​បាន​ចុះ​ខ្សោយ ហើយ​ពេល​ណា​ដែល​ប្រឹង​ធាក់​កង់​ដើរ​លក់​កា​រ៉េ​ម​ពេល​ដែល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ពេល​យប់​សម្រាន្ត​មិន​លក់​ទេ ដោយ​សារ​តែ​រោយ​ជើង​ពេក​ហើយ​ត្រូវ​ឈប់​សម្រាក​ពីរ​បី​ថ្ងៃ​ទើប​ចេញ​ទៅ​លក់​ម្ដង ។

គាត់​ថា បើសិនជា​សម្រាក​នៅផ្ទះ យូរ​ពេក​ដូច​ជា​មិនសូវ​សប្បាយចិត្ត ហើយ​បើ​បាន​ដើរ​ចេញ​ទៅ​លក់​កា​រ៉េ​ម​កី​មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ​គ្រប់ពេលវេលា ព្រោះតែ​បាន​ច្រៀង​ល្ខោនបាសាក់​បំពង់​សំឡេង ឲ្យ​គេ​ស្ដាប់​ហើយ​ធ្វើ​ឲ្យ​ទុក្ខ​កង្វល់​នៅ​ក្នុង​ខ្លួន​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​រំសាយ​តាម​នោះ​ដែរ យើង​ច្រៀង​ក៏​សប្បាយ អ្នកទិញ​ក៏​សប្បាយ ។ សម្រាប់​និស្ស័យ​វិញ គឺ​គាត់​ស្រឡាញ់​ល្ខោន​បាសាក់​​មាន​ពេល​ខ្លះ​ឲ្យ​តែ​ល្ខោន​លោកតា​អូ​កូ​ឡូញ មក​សម្ដែង​ក្នុងស្រុក​ព្រៃឈរ គាត់​តែងតែ​ដើរទៅ​មើល​នៅ​កៀក​នឹង​រោងល្ខោន​តែ​ម្ដង ។ គាត់​ថា មាន​វង់​ល្ខោន​នៅ​ក្នុងស្រុក​ព្រៃឈរ តែ​គាត់​មិន​ហ៊ាន​សុំ​គេ​ចូលរួម​សម្ដែង​នោះ​ទេ​ចេះ​តែ​ខ្លាចរអា ។

លោក លឹ​ម ហៃ បាន​លើក​ឡើង​ទៀត​ថា គាត់​មាន​បងប្អូន​បង្កើត​សរុប​ចំនួន​៧​នាក់​ក្នុង​នោះ​ប្រុស​២​នាក់ ស្រី​៥​នាក់ ហើយ​គាត់​គឺជា​កូន​បង​គេ​មាន​ឪពុក​ឈ្មោះ​មិន ផៃ​អាយុ​៨៨​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ស្រ៊ុ​ន គី​ម អាយុ​៨៥​ឆ្នាំ នៅ​ភូមិ​តា​ម៉ូត ឃុំ​គរ ស្រុក​ព្រៃឈរ រាល់​ថ្ងៃនេះ​ពួក​គាត់​នៅ​មានជីវិត​រស់នៅ​ឡើយ ។

សម្រាប់​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា​២០១៩ គាត់​មិន​បាន​ចេញ​ទៅ​លក់​កា​រ៉េ​ម​កី ដោយសារ​តែ​ជាប់រវល់​ទៅ​បូមទឹក​ដាក់​ស្រែ​នៅ​ក្រោយ​ភូមិ ព្រោះស្រូវ​គាត់​ប្រឈម​នឹង​កង្វះ​ទឹក​ប្រសិនបើ​មិន​បូមទឹក​ដាក់​នោះ​ស្រូវ​ប្រមាណ​កន្លះ​ហិ​កតា​នឹង​ត្រូវ​ខូចខាត​នឹង​ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​ជួប​នូវ​ការ​លំបាក ។

គាត់​រៀបរាប់​ថា របរ​លក់​កា​រ៉េ​ម​កី ក្លែម​ដោយ​ច្រៀង​ល្ខោនបាសាក់​នេះ សម្រាប់​ដោះស្រាយ​ជីវ​ភាព​គ្រួសារ គាត់​ចង់​លក់​បន្ត​ឲ្យ​បាន​ច្រើន​ឆ្នាំ​តទៅ​មុខ​ទៀត ប៉ុន្តែ​សុខភាព​របស់​គាត់​ហាក់​បី​ដូច​ជា​មិន​អំណោយផល ដូច្នេះ​គាត់​នឹង​ត្រូវ​ឈប់​សម្រាក​នៅ​ពេល​ណាមួយ ។ គាត់​សង្ឃឹមថា​ចៅ​ទាំង​​៤​របស់​គាត់ រួម​នឹង​កូនស្រី​អាច​នឹង​ចិញ្ចឹម​គាត់​រស់​ហើយ ដល់​ពេល​ពួក​គេ​ធំ​ឡើង​ប្រហែលជា​មិន​ពិបាក​ដូច​ចាស់​សម័យ​គាត់​នេះ​ទៀត​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ