ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ឆក់​បានទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ មួយ​ភាគ​ធំ​ជា​សំណង់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ ២០១៩​នេះ វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​តែ​ឈានមុខ​គេ​នាំមុខ​វិស័យ​ផ្សេង​ៗ​លើ​ការ​ទាក់ទាញ​ទុន​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១៩​នេះ ទុន​វិនិយោគ​ដែល​កម្ពុជា​ទទួល​បាន​ពី​ការ​បណ្ដាក់ទុន​របស់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស​សរុប​មាន​ប្រមាណ​៩,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ដល់​ជាង​៧៨​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០១៨…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ ២០១៩​នេះ វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​តែ​ឈានមុខ​គេ​នាំមុខ​វិស័យ​ផ្សេង​ៗ​លើ​ការ​ទាក់ទាញ​ទុន​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១៩​នេះ ទុន​វិនិយោគ​ដែល​កម្ពុជា​ទទួល​បាន​ពី​ការ​បណ្ដាក់ទុន​របស់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស​សរុប​មាន​ប្រមាណ​៩,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ដល់​ជាង​៧៨​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០១៨ ។

លោក​ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​​បានអោយ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មកនេះ វិស័យ​សំណង់​បាន​ទាញ​យក​ទុន​វិនិយោគ​ពី​ក្នុង​និង​ក្រៅប្រទេស​ជា​ច្រើន និង​កំពុង​មានការ​អភិវឌ្ឍ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ។

ក្នុង​ឆ្នាំ ២០១៩​នេះ តាម​ការ​កត់ត្រា​តួលេខ​វិស័យ​សំណង់​ទទួល​បាន​ទុន​ប្រមាណ​ជាង​៩៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ មាន​កំណើន​ដល់​ជាង​៧៨​ភាគរយ​ឯណោះ ។

លោក​ជា សុ​ផា​រ៉ា បាន​បញ្ជាក់​ថា «​តួលេខ​នេះ គឺ​ធំ​ណាស់​សម្រាប់​កម្ពុជា ដោយ​ទុន​មួយ​ចំនួន​ធំ​គឺ​បាន​មក​ពី​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​គឺ​ទុន​មាន​ប្រភព​មក​ពី​ប្រទេស​ចិន ដែល​បាន​វិនិយោគ​យ៉ាងច្រើន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ក្រៅពី​ប្រភព​ទុន​មក​ពី​ប្រទេស​ចិន ក្នុង​វិស័យ​សំណង់​កម្ពុជា​នេះ​ដែរ ក៏​ទទួល​បាន​ពី​ប្រទេស​ផ្សេង​ៗ​ទៀត ដូច​ជា​សិង្ហ​បុរី​និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ជា​ច្រើន​ទៀត​» ។

លោក​បាន​បន្ត​ថា ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​សំណង់​នានា នៅ​កម្ពុជា ក្រសួង​ដែនដី នឹង​ពង្រឹង​និង​ព​ន្លឿ​ន​រាល់​ដំណើរការ​របស់​ក្រុមហ៊ុន​ដែល​បាន​ស្នើ​សុំ​មក​កាន់​ក្រសួង ធ្វើ​យ៉ាងណា​អោយ​អ្នក​អភិវឌ្ឍន៍ មាន​ភាព​ងាយស្រួល​កុំអោយ​មាន​ភាព​យឺតយ៉ាវ​ផង​ដែរ តែ​អ្វី​ដែល​ក្រុមហ៊ុន​សាងសង់​ត្រូវធ្វើ​ជាមួយ​រាជរដ្ឋាភិបាល​នោះ គឺ​ក្រុមហ៊ុន​ត្រូវ​មានច្បាប់​សាងសង់ មុន​នឹង​ចាប់ផ្ដើម​ការ​សាងសង់​សំណង់​របស់​ខ្លួន ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​អោយ​មាន​តម្លាភាព​ទាំងអស់​គ្នា ការពារ​ដល់​សុវត្ថិភាព​ដល់​អ្នក​សាងសង់ និង​អ្នក​ស្នាក់​អាស្រ័យ​ក្នុង​សំណង់​នោះ​ពេល​សាង​សង់​រួចរាល់ ។

លោក​ឧបនាយករដ្ឋមន្ត្រី​រូប​នេះ បាន​បន្ថែម​ថា កំណើន​ការ​វិនិយោគ ក្នុង​វិស័យ​សំណង់​នេះ​ដែរ បាន​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា រួម​មានការ​កាត់​បន្ថយ​លំហូរ​ពលកម្ម​ចេញ​ទៅ​ក្រៅប្រទេស ផ្ដល់​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​តាម​ការ​ផ្ដល់​ឱកាស​ការងារ​ដល់​យុវជន និង​អ្នកមាន​សមត្ថភាព ជា​ពិសេស​គឺ​ការ​ទទួល​បាន​ជំនាញ​ថ្មី​ៗ​ពី​វិស័យ​សំណង់​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផង​ដែរ ។

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា បច្ចុប្បន្ន វិស័យ​សំណង់ គឺជា​វិស័យ​មួយ​ដែល​លេចធ្លោ និង​មាន​ភាព​រីក​ចម្រើន​គួរ​អោយ​កត់សម្គាល់ ក្នុង​ចំណោម​វិស័យ​៤​ធំ​ៗ​ទៀត មាន​វិស័យ​កសិកម្ម វាយនភ័ណ្ឌ ទេសចរណ៍ និង​ហិរញ្ញវត្ថុ ដែល​បាន​ជួយ​គាំទ្រ​ដល់​សេដ្ឋកិច្ចជាតិ​កម្ពុជា ។ ជាមួយ​គ្នា​នេះ​ដែរ​អត្រាកំណើន​សេដ្ឋ​កិច្ច​នៅ​កម្ពុជា និង​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាជន​តែងតែ​មានការ​កើនឡើង​គួរ​អោយ​កត់​សម្គាល់​ជា​រៀង​រាល់​ឆ្នាំ ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១៨ កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​៧,៥​ភាគរយ និង​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាជន​ក្នុង​មួយ​នាក់​មាន​ចំនួន ១៥៦៣​ដុល្លារ​អា​មេ​រិក។

លោក​ឧកញ៉ា​បាន​បន្ត​ថា «​ដោយ​កំណើន​ប្រាក់​ចំណូល​និង​ការ​រស់នៅ​កាន់តែ​ស៊ី​វិ​ល័យ ធ្វើ​អោយ​តម្រូវការ​លំនៅ​ឋាន​នៅ​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ប្រមាណ​៥​ម៉ឺន​ខ្នង ដែល​ធ្វើ​អោយ​ការ​ផ្គត់ផ្គង់​នា​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្ដែង​នៅឡើយ​»​។ លោក​ឧកញ៉ា​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ ការ​ផ្គត់ផ្គង់​ភាគច្រើន​ផ្ដោត​លើ​បុរី អគារ​ខុ​ដូ និង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​ជាដើម ។

តែ​យ៉ាងណា​ក៏​ដោយ អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​នៅ​កម្ពុ​ជាមួយ​ចំនួន​ក៏​បាន​ងាក​មក​អភិវឌ្ឍន៍​លំនៅ​ឋាន​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ផង​ដែរ ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​លំនៅ​ឋាន​របស់​ពលរដ្ឋ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ