រាជធានីភ្នំពេញ ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរ យីហោ អូរសេអង់ ចំនួន១៦៥០នាក់បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ា បិទផ្លូវបេតុងមួយកន្លែង បង្កឲ្យមានការកកស្ទះចរាចរណ៍មួយព្រឹក ប្រយោជន៍ប្រឆាំងទៅនឹងថៅកែរោងចក្រជនជាតិបង់ក្លាដែស និងទាមទារលក្ខខណ្ឌការងារចំនួន៤ចំណុច។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ឧសភា នៅលើកំណាត់ផ្លូវបេតុងមួយកន្លែង ត្រង់ចំណុចមុខរោងចក្រកាត់ដេរ អូរសេអង់ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីកម្មករឲ្យដឹងថា ពួកគេធ្វើកូដកម្មតវ៉ាប្រឆាំងនឹងថៅកែជនជាតិបង់ក្លាដែសនោះ មានរយៈពេល៤ថ្ងៃកន្លងមកហើយ ដើម្បីទាមទារនូវលក្ខខណ្ឌការងារចំនួន៤ចំណុចសំខាន់ៗ ក្នុងនោះ១-ទាមទារឲ្យក្រុមហ៊ុនផ្ដល់លុយ៥០ភាគរយក្នុង១ខែនៃចំនួនប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងៗទៀត ក្នុងពេលដែលក្រុមហ៊ុនព្យួរការងាររបស់ កម្មករទាំងអស់គ្នា ។ ២-ករណីដែលក្រុមហ៊ុនមិនបានផ្ដល់ឲ្យនូវចំណុចទាមទារទី១នោះទេក្រុមហ៊ុនត្រូវបញ្ចប់កិច្ចសន្យាការងារ ហើយទូទាត់ប្រាក់ទៅតាម ច្បាប់ស្ដីពីការងារ ។ ៣-កម្មករនិយោជិកសុំឲ្យក្រុមហ៊ុន បើកលុយដែលបានបើកឲ្យកម្មករខ្វះកាលពីពេលកន្លងទៅឲ្យបានគ្រប់ចំនួននិងត្រឹមត្រូវឡើវិញ។ ៤-សុំឲ្យ ក្រុមហ៊ុនបើកលុយឲ្យកម្មករបណ្ដែត ដែលក្រុមហ៊ុនមិនទាន់បើកឲ្យសូម្បីតែមួយកាក់មួយសេននៅឡើយនោះ។
កម្មករបន្តថា ថៅកែរោងចក្រកាត់ដេរមួយនេះគឺជាជនជាតិបង់ក្លាដែស ហើយពេលនេះថៅកែខាងលើ បានប្រកាសព្យួរការងារ របស់កម្មករទាំង១៦៥០នាក់នោះ និងសន្យាថានឹងបើកប្រាក់ឲ្យត្រឹមតែ១៥ដុល្លារក្នុង១ខែនៃចំនួនប្រាក់ខែគោល ដែលមានស្រាប់តែប៉ុណ្ណោះ ។
ពួកគេមិនបានដឹងថាតើមានមូលហេតុអ្វី ទើបបានជាថៅកែប្រកាសព្យួរការងារបែបនេះឡើយ ប៉ុន្តែនៅក្នុងរោងចក្រទាំងមូល ហាក់មានការស្ងប់ស្ងាត់ ដោយអត់មានការងារធ្វើ រីឯម៉ាស៊ីនដេរ ម៉ាស៊ីនផុង ត្រូវបានគ្របទុកចោលយូរថ្ងៃកន្លងមកហើយ ចំណែកឯផលិតផលសម្រេច ត្រូវបានថៅកែដឹកចេញអស់ ហើយដែរ ដែលពួកគេមិនបានដឹងថា ថៅកែមានបញ្ហាអ្វីមួយ ឬក៏អាចរោងចក្រនេះក្ស័យធននោះឡើយ ។
ចែករំលែកព័តមាននេះ