ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​កសិកម្ម​កម្ពុជា​នាំ​ចេញ​ទៅ​ចិន​មាន​៣៣​ប្រភេទ​ខណៈ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចាប់​ដំណើរការ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ជិត​ពេញ​មួយ​ឆ្នាំ​២០១៩​នេះ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ធ្លាប់​បាន​នាំ​ចេញ​និង​បន្ត​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន បើ​តាម​កោះសន្តិភាព​ទទួល​បាន​របាយការណ៍​មន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ គឺ​មាន​ប្រមាណ​៣៣​ប្រភេទ​ផ្សេង​ៗ​គ្នា ដែល​គិត​ជា​បរិមាណ​សរុប​គឺ​មាន​ជាង​២៨​ម៉ឺន​តោន​។ ទន្ទឹម​នឹង​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​នៅ​មាន​កម្រិត ពេល​នេះ​ផង​ដែរ​កម្ពុជា​និង​ចិន​បាន​នឹង​កំពុង​ចាប់ផ្តើម​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (Free Trade Agreement/FTA)…

​រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ជិត​ពេញ​មួយ​ឆ្នាំ​២០១៩​នេះ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ធ្លាប់​បាន​នាំ​ចេញ​និង​បន្ត​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន បើ​តាម​កោះសន្តិភាព​ទទួល​បាន​របាយការណ៍​មន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ គឺ​មាន​ប្រមាណ​៣៣​ប្រភេទ​ផ្សេង​ៗ​គ្នា ដែល​គិត​ជា​បរិមាណ​សរុប​គឺ​មាន​ជាង​២៨​ម៉ឺន​តោន​។

ទន្ទឹម​នឹង​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​នៅ​មាន​កម្រិត ពេល​នេះ​ផង​ដែរ​កម្ពុជា​និង​ចិន​បាន​នឹង​កំពុង​ចាប់ផ្តើម​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (Free Trade Agreement/FTA) កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ​កន្លង​ទៅ​នេះ ហើយ​ការ​ចរចា​នេះ​ខាង​កម្ពុជា​រំពឹង​ថា​នឹង​ធ្វើការ​នាំ​ចេញ​ផលិតផល​កសិផល​នៅ​ប្រទេស​ចិន​កាន់តែ​រីក​ធំ​ឡើង​ថែម​មួយ​កម្រិត​ទៀត​នា​ពេល​អនាគត​។

​យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា កសិក​ផលកម្ម​សិ​កម្ម​របស់​កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​រយៈពេល​១០​ខែ ដើមឆ្នាំ​២០១៩​នេះ មាន​សរុប​ប្រមាណ​៣៣​ប្រភេទ​ស្មើនឹង​ប្រមាណ​២៨៩.៨០១​តោន​។ ​របាយការណ៍​បាន​គូសបញ្ជាក់​ថា ផលិតផល​កសិផល​កម្ពុជា​ដែល​បាន​នាំ​ចេញ​ក្នុង​បរិមាណ​ដល់​ពាន់​តោន​ឡើង​មាន ៖​អង្ករ មាន​ចំនួន ១៧៦.៣៦៣​តោន​, ម្ស៉ៅ​ដំឡូង​មី​មាន​ចំនួន ៣៨.១៥៤​តោន​, កាក​សំណល់​ដំឡូង​មី​មាន​ចំនួន ១៦.០៣៧​តោន​, ជ័រកៅស៊ូ​មាន​ចំនួន ១៥.៩០៣​តោន​, ស្ករអំពៅ​មាន​ចំនួន ១៩.៥៨១​តោន​, គ្រាប់ស្វាយចន្ទី​មាន​ចំនួន ៥.៨១៨​តោន​, ម្ស៉ៅ​កា​កាវ​មាន​ចំនួន ១.០៤៥​តោន និង​ផ្លែ​ចេក​ស្រស់​មាន​ចំនួន ១៣.៧៩៣​តោន​។

​បើ​តាម​របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ថា កសិផល​ពី​កម្ពុជា​ដែល​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ដែល​ស្ថិត​ក្នុង​កម្រិត​តិចតួច​នៅឡើយ​សម្រាប់​រយៈពេល​១០​ខែ ឆ្នាំ​២០១៩ នោះ​គឺ​មាន ៖ ទឹក​ស៊ី​រ៉ូ​ស្វាយ​១៣​តោន​, ទឹក​ញ​១២​តោន​, ថ្នាំជក់​១៩៥​តោន​, ម្ស៉ៅ​ធូបមូស​២៣​តោន​, ក្រចៅ​១០​តោន និង​ផ្លែក្រូច​វ​ល្លិ៍​ក្រៀម​៤៨​តោន និង​សរសៃ​គុយទាវ​៦៤​តោន​។​ក្រៅពី​នេះ​សម្រាប់​កសិផល​ដែល​គ្មាន​តួលេខ​ក្នុង​ការ​នាំ​ចេញ​មាន ដុំ​កម្ទេច​ឈើ​, ស្មៅ​ចំណី​សត្វ​, មីសួរ​, ឈើ​កៅស៊ូ​កែ​ច្នៃ​, ម្រេច​, ម្ស៉ៅ​ម្រុំ​, ផ្លែក្រូច​ឆ្មារ​, ស្ករត្នោត​, គ្រាប់​ល្ហុង​ប្រេង​និងដំឡូង​មី​ក្រៀម​។

​ទន្ទឹម​នឹង​កសិផល​ផលិតផល​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​ស្ថិត​នៅ​មាន​កម្រិត​ទាប​នៅឡើយ កម្ពុជា​ក៏​រំពឹង​ផង​ដែរ​ថា​នៅ​ថ្ងៃ​ខាង​មុខ​កសិផល​របស់​កម្ពុជា​នឹង​មាន​ទីផ្សារ​រីក​ធំ​ជាង​ពេល​កន្លង​មក បើសិន​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ទទួល​បាន​ជោគជ័យ​។

លោក ស្រី វុ​ឌ្ឍី អគ្គលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​គិត​ថា​នេះ​គឺជា​ការ​បើកផ្លូវ​ឱ្យ​យើង (​កម្ពុជា​) សម្រាប់​ប្រទេស​យើង​ទាំង​ពីរ តាម​រយៈ​មិត្តភាព​រវាង​កម្ពុជា​និង​ចិន​នេះ​។ យើង​នឹង​មានឱកាស​បើក​ទីផ្សារសេរី​ជាមួយ​និង​ចិន និង​មាន​ចំណុច​វិជ្ជមាន​ច្រើន​លើ​ផ្នែក​ទំនាក់ទំនង​។ ភាគ​ចិន​បាន​បើកភ្លើង​ខៀវ​ហើយ អីចឹង​ខ្ញុំ​គិត​ថា​នឹង​មានជោគ​ជ័យ​ច្រើន​»​។ ​ទោះបី​ការ​ចរចា​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ហើយ​ក្តី តែ​មិន​ទាន់​ដឹង​ពី​លទ្ធផល​អំពី​ភាព​ជោគជ័យ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ភាគី​ចិន ។

តែបើ​តាម​លោក ស្រី វុ​ឌ្ឍី បាន​បញ្ជាក់​ថា «​ជា​ធម្មតា​ផល​ចំណេញ​វា​តែង​មាន​ទៅ​មាន​មក ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​នេះ​ភាគី​ណា​ទទួល​បាន​ប្រយោជន៍​តិច ឬ​ច្រើន​គឺ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នោះ​ទេ ចំណុច​នេះ​ទាល់តែ​មានការ​សិក្សា​ច្បាស់លាស់​ជា​មុន​សិន​។ គ្រាន់តែ​ថា​ការ​បើក​ច្រក​នេះ យើង​ដឹង​ថា​វា​ចំណេញ​ហើយ ទីផ្សារ​ធំ​ជាង​មុន​វា​លែង​លំបាក​ដូច​គ្រា​មុន​ព្រោះ​ចិន​គេ​អនុគ្រោះ​»​។

​បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ថា​ការ​ចរចា​លើ FTA ជាមួយ​ភាគី​ចិន​នេះ យ៉ាងតិច​មាន​៤​មុខ ៖១-) ចរចា​អំពី​ពាណិជ្ជកម្ម​លើ​មុខទំនិញ​,២-) ចរចា​លើ​ពាណិជ្ជកម្ម​លើ​សេវាកម្ម​,៣-) ការ​វិនិយោគ​និង​៤-) បញ្ហា​ពាក់ព័ន្ធ​មួយ​ចំនួន​ផ្សេង​ទៀត​។ ​លោក ស៊ា​ង ថៃ បាន​សង្កត់ធ្ងន់​ថា «​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ឬ​FTA ក្តោប​លើ​វិស័យ​ស្ទើ​តែ​អស់​។ ដូច្នេះ​វា​មាន​ផលប្រយោជន៍​ធំ សម្រាប់​ប្រទេស​ណា​បាន​ធ្វើ​FTA ជាមួយ​គ្នា តាម​រយៈ​ការ​ចរចា​គ្នា​។ ចំពោះ​កម្ពុជា​យើង​ឃើញ​ថា​ទីផ្សារ​ប្រទេស​ចិន​វា​ធំ បើ​យើង​បាន​ច​ចារ​បាន​លក្ខ​ណ្ឌ​ល្អ ហើយ​ប្រទេស​ចិន​មានការ​យោគយល់​មក​លើ​ប្រទេស​កម្ពុជា​ឱ្យ​អាទិភាព​យើង​ច្រើន​។ យើង​មានការ​ជឿ​ទុកចិត្ត​ថា​ប្រទេស​ចិន​នឹង​ផ្តល់​ភាព​អនុគ្រោះ​មក​ឱ្យ​កម្ពុជា​ច្រើន ពីព្រោះ​ស្ថិត​នៅ​ក្នុង​ការ​ចរចា​រវាង​អាស៊ាន​ចិន ទាល់តែ​ចិន​នោះ​ផ្តល់​អាទិភាព​ដល់​កម្ពុជា​ច្រើន​ជាង​ប្រទេស​ដទៃ​ដែរ​»​។

លោក​បាន​បន្ត​ថា «​កាលណា​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​ចិន​មាន FTA ជាមួយ​គ្នា​ហើយ នោះ របាំង​អនាម័យ ភូតគាម​អនាម័យ​ទៅ​លើ​ផលិតផល​កសិកម្ម​របស់​យើង​នឹង​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ហើយ​។ យើង​បានដឹង​ហើយ​ថា​មករ​ហូត​មក​ដល់​ពេល​នេះ​យើង​បាន​ចរចា​លើ​មុខទំនិញ​ជាមួយ​ចិន​ទើបតែ​បាន​៤​មុខ​ទេ ហើយ​យើង​ត្រៀម​ប៉ុន្មាន​មុខ​ផ្សេង​ទៀត​ធ្វើ​ជាមួយនឹង​ចិន​។ តែបើ​យើង​អាច​ធ្វើ FTA​បាន យើង​នឹង​ធ្វើ MOU រួម​គ្នា​មួយ​សម្រាប់​ទៅ​លើ​មុខទំនិញ​ច្រើន​បាន នោះ​វា​នឹង​ប្រសើរ​បំផុត​សម្រាប់​យើង​»៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ