ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​​កីឡា​វាយ​​សី​ដណ្តើម​ពាន​​​លោក​ ស ​ខេង​ លើក​​ទី​10​ នៅ​​ខេត្ត​ព្រះ​​សីហនុ​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​វាយ​សី​ដណ្តើមពាន​រង្វាន់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស ខេង​ លើក​ទី​១០​ ដែល​រៀបចំ​ឡើង​ដោយ​សមាគ​ម​កីឡាវាយសី​ក្រសួង​មហា​ផ្ទៃ​ តាំង​ពី​ថ្ងៃទី​២៣​ ឧសភា បាន​បញ្ចប់​ជាស្ថាពរ​ហើយ​។ ពិធី​បិទ​ការ​ប្រកួត​ត្រូវបាន​គេ​រៀបចំធ្វើ​កាល​ពី​ព្រឹក​ថ្ងៃទី​២៥ ឧសភា​ នៅ​ក្នុងសាលាខេត្ត​ព្រះ​សីហនុ​ ក្រោម​អធិបតី​ភាព​លោក​ឈិត​ សុខុន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​សីហនុ​​ ដោយ​​មាន​ការ​ចូលរួម​ពី​លោក​​អភិបាល​រង​ខេត្ត​​បន្ទាយ​មាន​ជ័យ​ អគ្គ​លេខាធិការ​នៃ​សមាគម​កីឡា​វាយ​សី​កម្ពុជា-​វៀតណាម​ ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ​ និង​កីឡាករ-​កីឡា​ការិនី​​ជា​ច្រើន​នាក់​

ខេត្ត​ព្រះ​សីហនុ​ ៖ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​វាយ​សី​ដណ្តើមពាន​រង្វាន់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស ខេង​ លើក​ទី​១០​ ដែល​រៀបចំ​ឡើង​ដោយ​សមាគ​ម​កីឡាវាយសី​ក្រសួង​មហា​ផ្ទៃ​ តាំង​ពី​ថ្ងៃទី​២៣​ ឧសភា បាន​បញ្ចប់​ជាស្ថាពរ​ហើយ​។ ពិធី​បិទ​ការ​ប្រកួត​ត្រូវបាន​គេ​រៀបចំធ្វើ​កាល​ពី​ព្រឹក​ថ្ងៃទី​២៥ ឧសភា​ នៅ​ក្នុងសាលាខេត្ត​ព្រះ​សីហនុ​ ក្រោម​អធិបតី​ភាព​លោក​ឈិត​ សុខុន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​សីហនុ​​ ដោយ​​មាន​ការ​ចូលរួម​ពី​លោក​​អភិបាល​រង​ខេត្ត​​បន្ទាយ​មាន​ជ័យ​ អគ្គ​លេខាធិការ​នៃ​សមាគម​កីឡា​វាយ​សី​កម្ពុជា-​វៀតណាម​ ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ​ និង​កីឡាករ-​កីឡា​ការិនី​​ជា​ច្រើន​នាក់​ ។​

លោក​ឈិត​ សុខុន បាន​មាន​ប្រសាសន៍​ថា ​នេះ​ជា​កិត្តិ​យស​មួយ​ដែល​សមាគម​កីឡា​វាយសី​ក្រសួង​មហា​ផ្ទៃ​រៀបចំព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​វាយ​សី​ជា​លក្ខណៈ​មិត្តភាព​អន្តរ​ជាតិ​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ​ ទោះ​ជា​ឈ្នះ​ឬ​ចាញ់​ ក៏​កីឡាករ-​កីឡាការិនី​ទាំងអស់​ ទាំង​ក្មេង​ទាំង​ចាស់​បានខិត​ខំ​បញ្ចេញ​អស់​ពី​សមត្ថភាព​ពេល​ប្រកួត​ ជាពិសេស​មាន​សេចក្តី​ថ្លៃ​ថ្នូរ​សម​ជា​អ្នក​​កីឡា​ពិតៗ ។​ លោក​បន្ត​ថា​ កីឡា​ជា​ការ​ទូត​មួយ​មិន​អាច​ខ្វះ​បាន​ទេ​ ហើយ​ធ្វើ​ឱ្យ​យើង​កាន់​តែ​យល់​ច្បាស់​អំពី​ចំណង​មិត្តភាព​ សាមគ្គី​ភាព​រវាង​កម្ពុជា​ និង​វៀត​ណាម​កាន់តែ​ល្អប្រសើរ​​ថែម​ទៀត ។​

មិន​ត្រឹមតែ​បុ៉ណ្ណោះ​ ខេត្ត​ទាំងអស់​នៃប្រទេស​ទាំងពីរ​ ក៏​កាន់តែ​មាន​ទំនាក់​ទំនងល្អ​ប្រសើរ​លើ​​វិស័យ​ផ្សេងៗ​ទាំងសេដ្ឋ​កិច្ច​ សង្គម​ និង​មាន​ទស្សនៈ​ទូលំ​ទូលាយ​ ចេះ​ជួយ​គ្នា​​យក​អាសា​គ្នាទៅ​​វិញ​ទៅ​មក​​ផងដែរ ។​ ចំពោះ​លទ្ធ​ផល​នៃ​ការ​ប្រកួតដែល​មាន​​តែ​កីឡាករ​កម្ពុជា​​ និង​កីឡាករ​វៀត​ណាម​នោះ​ គឺ​វិញ្ញាសា​វាយ​គូ​បុរស​ អាយុ​ក្រោម​៣០​ឆ្នាំ​ លេខ​១​ បានទៅ​កីឡាករ​ Ha Ann និង​កីឡាករ Tan មក​ពី​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម ។​
វិញ្ញាសា​វាយ​គូ​បុរស​ អាយុ​ចន្លោះ​៣០-​៣៩​ឆ្នាំ​ ចំណាត់​ថ្នាក់​លេខ​១​ បានទៅ​កីឡាករ Thang និង​កីឡាករ Mann មក​ពី​ទីក្រុង​កឺន​ថឺ​ ប្រទេស​វៀតណាម ។​

វិញ្ញាសា​វាយ​គូបុរស​ អាយុ​ចន្លោះ​​៤០-​៤៩​ឆ្នាំ​ លេខ​១ បាន​ទៅ​កីឡាករ​ Da និង​កីឡាករ Tam មកពី​ទីក្រុង​កឺនថឺ​ដូចគ្នា ។​ វិញ្ញាសា​វាយ​គូ​បុរស​ អាយុ​៥០-​​៥៩​ឆ្នាំ​ លេខ​១ បាន​ទៅ​កីឡាករ​គង់​ ផល្លី និង​កីឡាករ​កែវ ឡាត់​ មកពីខេត្ត​បន្ទាយ​មាន​ជ័យ ។​ វិញ្ញាសា​វាយ​គូ​បុរស​ អាយុ​៦០​ឆ្នាំ​​ឡើង​ លេខ​១​ បាន​ទៅ​​កីឡាករ​ខាន់ សុវណ្ណ និង​កីឡា​ករ​លឹម​ ចាង​អាវ នៅ​ខេត្ត​ព្រះ​សីហនុ​ និង​វិញ្ញាសា​​វាយ​គូ​នារី មិន​កំណត់​អាយុ​ លេខ​១ បាន​ទៅ​កីឡាការិនី Thuy និង​កីឡា​ការិនី​ Hoa មក​ពី​ទីក្រុង​ហូជី​មិញ ប្រទេស​វៀត​ណាម ។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​ការ​ប្រកួត​ដែល​បាន​គ្រោង​ទុក​ថា​ នឹង​មាន​៤​ប្រទេស​ចូល​រួម​ គឺ​វៀតណាម​ ឡាវ ថៃ និង​កម្ពុជា​នោះ មិន​មាន​វត្ត​មានគ្រប់​ចំនួន​ឡើយ​ ដោយ​ពេល​ប្រកួត​មាន​តែ​ក្រុម​កីឡាវាយសី​២​ប្រទេស​បុ៉ណ្ណោះ គឺ​កម្ពុជា​ និង​វៀតណាម​ ដែល​មាន​ប្រតិភូ​ និង​​កីឡាករ-​កីឡា​ការិនី​ចូលរួម​សរុប​ទាំងអស់​១២៨​នាក់​ ក្នុង​នោះ​នារី​៨​នាក់​ ៕​