រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងស្ថានទូតសហរដ្ឋអាមេរិកបានបង្ហាញក្តីរំពឹងដូចថា ទំនាក់ទំនងវិស័យការងារ និងពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត ។ ការបង្ហាញក្តីរំពឹងនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបទ្វេភាគី កាលពីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នៅទីស្តីការក្រសួង ។
ជាងនេះភាគីទាំងពីរបានបង្ហាញការរំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យ ការងាររវាងកម្ពុជា-អាមេរិក នឹងកាន់តែមានវឌ្ឍនភាពបន្តទៅទៀត ខណៈទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរកំពុងមានភាពល្អប្រសើរ ។
លោកអ៊ិត សំហេង បានសម្ដែងការអបអរសាទរ និងស្វាគមន៍ចំពោះលោក W. Patrick Murphy ដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រេចឱ្យទទួលបេសកកម្មជា ឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ។ លោករដ្ឋមន្ត្រីបង្ហាញសុទិដ្ឋិនិយមថា ក្នុងអាណត្តិបេសកកម្មរបស់លោកទូតនៅកម្ពុជា នឹងធ្វើឲ្យកម្ពុជា-អាមេរិក នៅតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត ។
ជាមួយគ្នានោះ លោក អ៊ិត សំហេង បានរៀបរាប់ពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជាក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជា អង្គការដៃគូនានារបស់សហរដ្ឋអាមេរិកផងដែរ ខណៈដែលពេលថ្មីៗនេះគម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជាបានសម្រេចបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជារយៈពេល៣ឆ្នាំទៀត (២០២០-២០២២) ។ លោករដ្ឋមន្ត្រីបានបន្ដថា កម្ពុជាទទួលស្គាល់ធាតុចូលសំខាន់នានាដែលសហរដ្ឋអាមេរិកបានចូលរួមផ្ដល់ឱ្យកម្ពុជាក្នុងការរៀបចំច្បាប់បទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាគម្រោងអភិវឌ្ឍន៍មួយចំនួនក្នុងនោះច្បាប់ស្ដីពីការងារក៏ជាសមិទ្ធផលមួយ ដែលសហរដ្ឋអាមេរិកបានចូលរួមជួយដល់កម្ពុជា ។
ក្នុងជំនួបទាំងលោក អ៊ិត សំហេង និងលោក W. Patrick Murphy បានបង្ហាញគោលបំណងរួមគ្នាថា នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏ដូចជា វិស័យពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែជិតស្និទ្ធ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីសហរដ្ឋអេមរិកលោក ដូណាល់ ត្រាំ ក៏បានផ្ញើសារទំនាក់ទំនងការទូតឱ្យគ្នាទៅវិញទៅមកប្រកបដោយភាពជិតស្និទ្ធផងដែរ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ