ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​សាធារណការ ៖ មិន​ត្រូវ​ទុក​ប្រធាន​គ្រប់គ្រង​កន្លែង​ថ្លឹង​រថយន្ត​យូរ​ឆ្នាំ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​ពី​មហាជន​ពាក់ព័ន្ធ​នឹង​អ្នកគ្រប់គ្រង​កន្លែង​ថ្លឹង​រថយន្ត​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ ឬ​បង្វែរ​អ្នកគ្រប់គ្រង​ការ​ថ្លឹង​រថយន្ត​ដោយ​មិន​ត្រូវ​ទុក​យូរ​ឆ្នាំ​នោះ​ទេ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ចរាចរណ៍​ផ្លូវគោក រយៈពេល​១០​ខែ ឆ្នាំ​២០…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​ពី​មហាជន​ពាក់ព័ន្ធ​នឹង​អ្នកគ្រប់គ្រង​កន្លែង​ថ្លឹង​រថយន្ត​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ ឬ​បង្វែរ​អ្នកគ្រប់គ្រង​ការ​ថ្លឹង​រថយន្ត​ដោយ​មិន​ត្រូវ​ទុក​យូរ​ឆ្នាំ​នោះ​ទេ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ចរាចរណ៍​ផ្លូវគោក រយៈពេល​១០​ខែ ឆ្នាំ​២០ ១៩ នា​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ​នេះ នៅ​ទីស្តីការក្រសួង ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី ក្រ សួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា ត្រូវ​ពង្រឹង​ការ​ថ្លឹង​រថយន្ត នេះ​បន្ថែម​ទៀត ។ ដូច​ជា ត្រូវ​មាន​នីតិវិធី​ប្តូរ​ប្រធាន​គ្រប់គ្រង​ការងារ​ថ្លឹង​ជញ្ជីង​តាម​ផ្លូវ​ដោយ​កុំ​ដាក់​នៅ​កន្លែង​នឹង​៥ ឬ​១០​ឆ្នាំ ដូច​បច្ចុប្បន្ន​នេះ ។ ត្រូវ​ដាក់​តែ​២ ឆ្នាំ ត្រូវ​បង្វិល ឬ​ដូរ​ចេញ​កុំ​ទុក​នៅ​យូរ​នាំ​ឲ្យ​មានការ​រិះគន់ ។

លោក​បន្ត​ថា ជាក់ស្តែង​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក កាល​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហោះ​ច្រើន​ណាស់​ចំពោះ​ការ​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ថា កន្លែង​មិន​បានការ ហើយ​ជា​កន្លែង​យក​លុយ​ដោយ​មិន​បាន​ថ្លឹង​ត្រឹមត្រូវ​នោះ​ទេ ។ លោក​បញ្ជាក់​ថា «​ករណី​ថ្លឹង​រថយន្ត​នេះ យើង​មិន​អាច​ទទួលយក​បាន​ទេ ពី​ការ​រិះគន់​ពី​មហាជន គឺ​យើង​ត្រូវ​តែ​ឲ្យ​មានការ​ថ្លឹង​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ។ ត្រូវ​ផ្លាស់​ប្តូរ​ប្រធាន​គ្រប់គ្រង​ត្រូវ​តែ​ប្តូរ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ខូច​មុន​មាត់​ក្រសួង និង​រាជរដ្ឋាភិបាល​នោះ​ទេ ។ គ្រាន់តែ​ថ្លឹង​ហើយ មិនដឹង​អ្វី​ផង​យក​លុយ​ហើយ​ទៅ​បាត់​រឿង​នឹង​មាន​ច្រើន តែ​ខ្ញុំ​មិនដឹង​ថា ការ​ពិត ឬ​មិន​ការ​ពិត ។ ដូច្នេះ​ត្រូវ​តាមដាន​ថែម​ទៀត​ចំពោះ​ករណី​នេះ​» ។

លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​ដែល​ក្រសួង​បាន​កំពុង​តែ​រៀបចំ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា ថ្លឹង​ទម្ងន់​ជា​មុន មុន​នឹង​ដល់​កន្លែង​ថ្លឹង ។ ពាក់ព័ន្ធ​នឹង​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​យក​ជញ្ជីង​ចល័ត​ទៅ​ដាក់​នៅ​មុខ​រោងចក្រ​ស៊ីម៉ង់ ដោយ​កុំ​ឲ្យ​ដឹង​ថា ហួស​ទម្ងន់ ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ត្រូវ​កោះ​អញ្ជើញ​ក្រុមហ៊ុន​ដឹក​ស៊ីម៉ង់​ទាំងអស់ មក​ជជែក​គ្នា​ថា បើ​នៅ​តែ​ដឹក​លើក​ទម្ងន់​ទៀត​នឹង​ត្រូវ​បិទ​អាជ្ញា​បណ្ណ​កុំ​រកស៊ី​បាន ។ យើង​នឹង​ពិភាក្សា​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ក្រសួង​រ៉ែ និង​ថាមពល​ដែល​ជា​ម្ចាស់​គ្រប់គ្រង​ពីលើ​កថា រោងចក្រ​នេះ​មិន​គោរព​ច្បាប់​ទេ នៅ​តែ​ដឹក​លើក​ទម្ងន់ ។

លោក​បញ្ជាក់​ថា ៖«​យើង​ដាក់​ជញ្ជីង​ចល័ត​មួយ​ខែ​នៅ​កន្លែង​ហ្នឹង ដើម្បី​ចាំ​ចាប់​ហើយ​អញ្ជើញ​ក្រុមហ៊ុន​នឹង​មក​ជជែក​គ្នា ហើយ​នៅ​តែ​បន្ត​ទៀត គឺ​យើង​ស្នើ​បិទ​អាជ្ញា​បណ្ណ​តែ​ម្តង ។ យើង​មិន​អាច​ធ្វើ​ម្នាក់ឯង​បាន​ទេ រត់​ចុះ​រត់ឡើង​តែ​យើង​ទៅ​ចាប់​នៅ​គោលដៅ​តែ​ម្តង​ទើបបាន​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ