ល្បែង៣ប្រការក្នុងទីនេះគឺ ល្បែងស្រី ល្បែងស្រា និងល្បែងភ្នាល់នានា ។ ល្បែងបីប្រការនេះឱ្យផលផ្នែកខាងវិនាសមិនរង់ចាំកាលឡើយ កាលបើបុគ្គលប្រព្រឹត្តមែនៗនឹងដល់នូវសេចក្តីវិនាសទាន់ហន់ជាក់ច្បាស់នឹងភ្នែក មិនបាច់រង់ចាំជាតិក្រោយ ។
១-ល្បែងស្រី គឺការត្រេកត្រអាលនឹងស្រីកំណាន់ក្រៅអំពីប្រពន្ធរបស់ខ្លួនរមែងជួបនូវផលអវិជ្ជមានជាច្រើនដូចជា ខូចខាតទ្រព្យដែលមានស្រាប់ ខានបានរកទ្រព្យថ្មី មានបញ្ហាទាស់ទែងខ្វែងគំនិតគ្នាជារឿយៗ ដើរលេងចោលទ្រព្យសម្បត្តិ ខានថែទាំគ្រួសារ ខូចកិត្តិយស និងវង្សត្រកូល មានរឿងអាស្រូវច្រើនមិនចេះចប់ សុខភាពចុះថយជាលំដាប់ ប្រឈមនឹងការឆ្លងជំងឺផ្សេងៗ ។
២-អ្នកលេងល្បែងស្រាគឺការសេពគ្រឿងស្រវឹងរាល់ថ្ងៃនាំមកនូវគុណវិបត្តិយ៉ាងច្រើនដូចជា វិនាសទ្រព្យសម្បត្តិដែលមានស្រាប់ ខាតពេលមិនបានរកទ្រព្យថ្មី និងខានប្រកបការងារផ្សេងៗ មានរឿងរ៉ាវច្រើន បង្កការឈ្លោះទាស់ទែង និងអំពើហិង្សាញឹកញាប់ និយាយស្តីគ្មានសតិ គ្មានសុជីវធម៌ បាត់បង់សីលធម៌ ខូចភាពថ្លៃថ្នូរ មើលងាយដល់កូន ប្រពន្ធ និងវង្សត្រកូល មិនបានថែរក្សាគ្រួសារ ខ្សោយប្រាជ្ញា និងខ្សោយសុខភាពជាលំដាប់ ។
៣-ល្បែងភ្នាល់គ្រប់យ៉ាងជាហេតុនាំឲ្យស្រកស្រុតស្រយុតរបូតទ្រព្យសម្បត្តិយ៉ាងលឿនរហូតលក់កេរមរតក និងប្រព្រឹត្តខុសផ្សេងៗ នាំឲ្យមានទំនាស់បែកបាក់គ្រួសារ ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យអ្នកដទៃអស់ទំនុកចិត្ត ។
ព្រោះមើលឃើញទោសនៃល្បែងទាំង៣ប្រការធ្ងន់យ៉ាងនេះ ទើបបណ្ឌិតពោលថា ល្បែងស្រី ល្បែងស្រា និងល្បែងស៊ីសង ល្បែងមួយណាក៏ជាប្រមុខនៃសេចក្តីវិនាស ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ