ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

i-Qlick រៀបចំ​ការ​ប្រកួត Canon PhotoMarathon លើក​ទី ៩ ដែល​នាំ​មក​ជូន​ដោយ Canon

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ព្រឹត្តិការណ៍​កាន់តែ​អស្ចារ្យ​បំផុត​គិត​មក​ដល់​ឆ្នាំ​នេះ គឺជា​ឆ្នាំ​ទី ៩ ហើយ​ដែល​ក្រុមហ៊ុន i-Qlick បាន​រៀបចំ​ឱ្យ​មាននូវ​ការ​ប្រកួត​ថតរូប Canon PhotoMarathon…

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ព្រឹត្តិការណ៍​កាន់តែ​អស្ចារ្យ​បំផុត​គិត​មក​ដល់​ឆ្នាំ​នេះ គឺជា​ឆ្នាំ​ទី ៩ ហើយ​ដែល​ក្រុមហ៊ុន i-Qlick បាន​រៀបចំ​ឱ្យ​មាននូវ​ការ​ប្រកួត​ថតរូប Canon PhotoMarathon នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ។ នៅ​ក្នុង​រយៈពេល​ចំនួន ៨ ឆ្នាំ​កន្លង​មកនេះ ឃើញ​ថា បេក្ខជន និង​បក្ខ​នារី ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ គឺ​មានការ​យល់​ដឹង​កាន់តែ​ច្រើន​ស្តី​ពី​បទ​ពិសោធន៍ និង​គំនិត​ច្នៃប្រឌិត​នៃ​ការ​ផលិត​រូបភាព​របស់​ខ្លួន​តាម​ប្រធានបទ​ដែល​ក្រុមហ៊ុន ក៏​ដូច​ជា​គណៈកម្មការ ដែល​បាន​ដាក់​មក ។

នៅ​ថ្ងៃនេះ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន i-Qlick បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ក្រុមហ៊ុន នឹង​មានការ​រៀបចំ​ឡើង​នូវ​ព្រឹត្តិការណ៍​ការ​ប្រកួត Canon PhotoMarathon លើក​ទី​៩ នៅ​សាលា​តិច​ណូ ដោយ​មានការ​រំពឹង​ថា នឹង​មានការ​ចូល​ពី​សំណាក់​បេក្ខជន​ចំនួន​ជាង ១០០០ នាក់ មក​ចូលរួម​បង្ហាញ​ថ្វីដៃ និង​គំនិត​ច្នៃប្រឌិត​របស់​ខ្លួន ពីព្រោះ​ថា​ឆ្នាំ​នេះ គឺ​ខុស​ពី​ឆ្នាំ​មុន​ៗ​ដោយសារ​តែ​ក្រុមហ៊ុន​បាន​នាំ​មក​នូវ​ព្រឹត្តិការណ៍​ថ្មី​ៗ ប្លែក​ៗ ដែល​មាន​ភាព​សម្បូរ​បែប និង​ផ្តល់​ចំណេះដឹង និង​បទ​ពិសោធន៍​កាន់តែ​ពិសេស​ជាង​មុន​សម្រាប់​ភ្ញៀវ​ទាំងអស់ ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ ។

ក្រុមហ៊ុន i-Qlick បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ថ្ងៃ​នោះ បន្ទាប់​ពី​បើក​សម្ពោធ​នូវ​ប្រធានបទ ហើយ​ក្រុមហ៊ុន​បាន​រៀបចំ​នូវ​ការ​ប្រកួត​ហ្គេ​ម Mobile Legend, ការ​ច្នៃប្រឌិត​នូវ​ការ​ផ្គុំ​រូបភាព​សាង​សង់​អគារ​ពី Lego, ការ​បង្ហាញ​នូវ​ទេព​កោសល្យ​នៃ​ការ​រៀបចំ​ខ្លួន​ជាមួយនឹង​ស្ទីល​ប្លែក​របស់ Cosplay, ហើយ​ក៏​មានកា​រ៉េ​ម​ហ្វ្រី​ៗ​ពី​ក្រុមហ៊ុន Wall’s កាដូ​ពិសេស​ពី True Money ចំនួន​មួយ​ដុល្លារ​ផង​ដែរ ។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ក៏​នឹង​មានការ​ដាក់​តាំង Fan gathering Star Wars ថែម​ទៀត​ផង ។

ក្រុមហ៊ុន​បន្ថែម​ថា ព្រឹ​ត្ត​ការណ៍​នេះ គឺ​អនុញាត​ឱ្យ​មានការ​ចូលរួម​ដោយ​សេរី គ្រប់​វ័យ គ្រប់​ភេទ ហើយ​វិញ្ញាសារ​នឹង​ត្រូវ​បញ្ចេញ​នៅ​ថ្ងៃ​ប្រកួត​តែ​ម្តង ដែល​បង្ហាញ​ពី​ការ​ប្រកួត​ដោយ​ស្មើរ​ភាព​បំផុត ។ សម្រាប់​លក្ខខណ្ឌ គឺ​មិន​អនុញ្ញាត​ឲ្យ​ថតរូប​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន នឹង​ថាប់​ប្លេ​ត​នោះ​ទេ ប៉ុន្តែ​សម្រាប់​កាមេរ៉ា​គ្រប់​ម៉ូ​ដែល ហើយ​និង Gopro គឺ​អាច​ចូលរួម​បាន ។

ចំពោះ​រូបថត​ដែល​ចូលរួម គឺ​ត្រូវ​តែ​ថត​ក្នុងអំឡុងពេល​ប្រកួត​ប៉ុណ្ណោះ សម្រាប់​រូប​ដែល​មិន​ថត​ក្នុងអំឡុងពេល​ប្រកួត​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ទេ អ្វី​ដែល​ពិសេស​បំផុត​នោះ​ត្រូវ​តែ​ជា​រូប​ដែល​អ្នក​ថត​ដោយ​ខ្លួនឯង ។ ជាមួយ​គ្នា​នេះ អ្នក​អាច​ធ្វើការ​សម្រួល​រូបថត​ខ្លះ​តែ​មិន​ត្រូវ​កាត់ត (edit) នោះ​ទេ ។
ឧទាហរណ៍ អ្នក​អាច​សម្រួល​ពណ៌​ក្នុង​រូបថត តែ​អ្នក​មិន​អាច​កាត់ត​បន្ថែម បន្ថយ​រូប នោះ​ទេ ។ មួយវិញទៀត សម្រាប់​ប្រធានបទ​មួយ ដាក់​រូប​បាន​តែ​មួយ​ប៉ុណ្ណោះ ហើយ​ត្រូវ​ប្រាកដ​ថា រូប​ដែល​ត្រូវ​ផ្ញើ​ជា​ជម្រើស​ល្អ​បំផុត​របស់​អ្នក ។ សម្រាប់​រូប​ដែល​មិន​ត្រូវ​តាម​លក្ខខណ្ឌ​ការ​ប្រកួត នឹង​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ទេ ។

គួរ​បញ្ជាក់​ថា កម្មវិធី​ប្រ​គួ​ត​ថតរូប​ប្រចាំឆ្នាំ Canon PhotoMarathon នេះ ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា បាន​ស្វែងរក​អ្នក​ថតរូប ដែល​គ្មាន​អ្នក​ស្គាល់​ឱ្យ​ក្លាយជា​អ្នក​ថតរូប​ដែល​ទី​ចាប់អារម្មណ៍ និង​ចាប់ផ្តើម​សាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ តាម​រយៈ​ការ​ប្រកួតប្រជែង​នេះ យើង​នឹង​បាន​រក​ឃើញ​អ្នក​ថតរូប​ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ជា​ច្រើន ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​បាន​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ទំនុកចិត្ត ដើម្បី​បំពេញ​ក្តី​សុបិន​របស់​គ្រប់​ៗ​គ្នា ។

កន្លង​មក មាន​មនុស្ស​ជា​ច្រើន បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​រាង​ៗ​ខ្លួន​លើ​វិស័យ​ថតរូប​មួយ​នេះ ហើយ​ជាមួយ​កម្មវិធី​ប្រកួត​ថតរូប Canon PhotoMarathon នេះ យើង​នឹង​នាំ​ពួក​គេ​ឱ្យទៅ​ដល់​គោលដៅ​នៃ​ចំណង់​ចំណូលចិត្ត​ដូច​គ្នា រួម​គ្នា​, ការ​អភិវឌ្ឍ​សហគមន៍​អ្នក​ថតរូប និង​ចំណង​មិត្តភាព និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​ទិស​ដៅ​ដែល​អាច​អោយ​ពួក​គេ​អភិវឌ្ឍ​ជំនាញ​របស់​ពួក​គេ​បន្ថែម​ទៀត រួម​ទាំង​ការ​ចាប់អារម្មណ៍​របស់​ពួក​គេ និង​ការ​ផ្លាស់​ប្តូរ​គំនិត​ថ្មី​អំពី​ការ ថតរូប ។

ក្រុមហ៊ុន i-Qlick បាន​បញ្ជាក់​ឱយ​ដឹង​ទៀត​ថា Canon PhotoMarathon លើក​ទី ៩ នេះ គឺ​មានការ​ផ្តល់​រង្វាន់​កាន់តែ​ធំ និង​កាន់តែ​ច្រើន​ជាង​មុន ដែល​មាន​រហូត​ដល់​ទៅ ១៨ រង្វាន់​ឯណោះ​ដែល​មាន​ទឹកប្រាក់​សរុប $12,420 ដោយ​មិន​បូក​រួម​ទាំង រង្វាន់​ដំណើរ​កម្សាន្ត​ថតរូប​នៅ​ក្រៅ​ប្រ​ទស​ដូច​មុន​ៗ​នោះ​ទេ ។ ហើយ​ជ័យ​លា​ភី នឹង​មានឱកាស​ជួយ​ជំរុញ​ឱ្យ​អ្នក​ថតរូប​វ័យក្មេង​ទាំង​ឡាយ​នៅ​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​ជំនាញ​របស់​ពួក​គេ​បន្ថែម​ទៀត​ផង ។

សូម​ជំរាប​ផង​ដែរ ការ​ប្រកួត Canon PhotoMarathon លើក​ទី ៩ នៅ​ថ្ងៃ​ទី ៨ ខែធ្នូ​ខាង​មុខ​នេះ ក៏​នឹង​មានការ​ចូលរួម​តាំង​បង្ហាញ​នូវ​ផលិតផល អេ​ឡិច​ត្រូ​និក ដូច​ជា​កាមេរ៉ា កុំព្យូទ័រ រួម​ជា​មួយនឹង​ឧបករណ៍ និង​សេវាកម្ម​ផ្សេង​ជាង ១៨ ក្រុមហ៊ុន​ឯណោះ ដូច្នេះ សូម​អញ្ជើញ​មក​ចូល​រូ​ម​ចុះ​ឈ្មោះ និង​ទស្សនា​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ៗ រួម​ទា​រង្វាន់​កាដូ​អនុ​ស្សវ​រី​យ៍​ជា​ច្រើន​ទៀត​ផង ។

Canon PhotoMarathon 2019 បាន​ចូលរួម​សហការ​ដោយ Canon, Canon Imaging Academy, Sennheiser, Soundstream, Wall’s, Cellcard, Grab, True Money, Jaikon, Gloria Jean’s, Samba, Davinci, Peacock, Clipper Tea, Gulai, Who’s Tea, Koh Santepheap, Sabay, Electronic World, Lumiere, Senze, MSI, Kilat Dark Fantasy, Westic and Legend Cinema ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ