ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហជីព​៖ កម្មករ​-​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​បន្ត​ខិតខំ​តែ​ប្រឹង​ធ្វើការ​មិន​ខ្វល់​ពី​បញ្ហា​រឿង​បាត់ ឬ​មិន​បាត់ EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈ​ចុង​ក្រោយ​នេះ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា (GMAC) តែងតែ​តាមដាន​ព័ត៌មាន​ជា​ប្រចាំ​និង​បង្ហាញ​ក្តី​បារម្ភ​ជា​បន្តបន្ទាប់​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (Everything But Arms/EBA) ដែល​សហភាព​អឺរ៉ុប​ផ្តល់​ជូន​វិស័យ​សំខាន់​មួយ​នេះ​សម្រាប់​ការ​នាំ​ចូល​ផលិត​ដោយ​មិន​ជាប់ពន្ធ​។ តែ​ផ្ទុយ​មក​វិញ​បញ្ហា​ខាងលើ​នេះ​កម្មករ​-​កម្មការិនី​កាត់ដេរ​ភាគច្រើន​ទាន់​បានដឹង​ពី​គុណសម្បត្តិ ឬ​គុណវិបត្តិ​នៃ…

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈ​ចុង​ក្រោយ​នេះ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា (GMAC) តែងតែ​តាមដាន​ព័ត៌មាន​ជា​ប្រចាំ​និង​បង្ហាញ​ក្តី​បារម្ភ​ជា​បន្តបន្ទាប់​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (Everything But Arms/EBA) ដែល​សហភាព​អឺរ៉ុប​ផ្តល់​ជូន​វិស័យ​សំខាន់​មួយ​នេះ​សម្រាប់​ការ​នាំ​ចូល​ផលិត​ដោយ​មិន​ជាប់ពន្ធ​។ តែ​ផ្ទុយ​មក​វិញ​បញ្ហា​ខាងលើ​នេះ​កម្មករ​-​កម្មការិនី​កាត់ដេរ​ភាគច្រើន​ទាន់​បានដឹង​ពី​គុណសម្បត្តិ ឬ​គុណវិបត្តិ​នៃ EBA​នេះ​ឱ្យ​ច្បាស់​នោះ​ទេ ពោល​ពួក​គាត់​ខិតខំ​ប្រឹង​តែ​ធ្វើការ​ជាធម្មតា ។

លោក ជួន មុំ​ថុ​ល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ថា បងប្អូន​កម្មករ​សព្វថ្ងៃ​គេ​មិន​ខ្វល់​រឿង​ថា​មាន ឬ​គ្មាន EBA​ទេ​។ គេ​ខិតខំ​តែ​ធ្វើ​ការងារ ពីព្រោះ​គេ​មានការ​ក​ម្ម៉​ង់​គ្រប់គ្រាន់​សម្រាប់​ធ្វើ ។ ​លោក​បាន​បន្ត​ថា «​បងប្អូន​កម្មករ​-​កម្មការិនី​គេ​ដឹង​ទាំងអស់​គ្នា​។ គេ​ដឹង​ថា​ឆ្នាំ ២០២៣ យើង​ប្រកួតប្រជែង​ទីផ្សារ​ស្មើភាព​គ្នា​មាន​ន័យ​ថា​ពេល​នោះ យើង​នាំ​អី​ចូល​ទៅ​គេ​ត្រូវ​បង់ពន្ធ​ជូន​គេ ហើយ​គេ​នាំ​អី​មក​យើង​គេ​ត្រូវ​បង់ពន្ធ​មក​ឱ្យ​យើង​។ បើ​យើង​មាន EBA​នេះ​អាច​រក្សា​ភាព​ប្រកួតប្រជែង បើ​អត់​យើង​គឺ​នៅ​តែ​ប្រកួតប្រជែង​គ្នា​។ និយាយ​ទៅ​យើង​ត្រូវ​រក្សា​បង្កើន​ផលិតភាព​ឱ្យ​ខ្ពស់​ទៅ​យើង​នៅ​តែ​អាច​ប្រកួតប្រជែង​និង​បង់ពន្ធ​ជូន​គេ​បាន​ដូច​គ្នា​»​។

បើ​តាម​លោក​ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ខាងលើ រឿង​នេះ​មាន​កម្មករ​ភាគតិច​ដែល​ទើប​ចូល​ធ្វើការ​ថ្មី​ៗ​មិន​ទាន់​យល់ តែ​សម្រាប់​ធ្វើការ​យូរ​ឆ្នាំ​គេ​យល់​ច្បាស់​ពី​បញ្ហា​នេះ​។ ​លោក​បាន​សង្កត់ធ្ងន់​ថា «​បងប្អូន​កម្មករ​-​កម្មការិនី​គេ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ។ គេ​អត់​ខ្វល់​អ្វី​ទាំងអស់​ជា​រួម គេ​ថា​គេ​ជឿ​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ច្រើន​។​អីចឹង​រឿង EBA នេះ​ទុក​ឱ្យ​សម្តេច​តេ​ជោ លោក​ជា​អ្នក​ជជែក​ចុះ​។ ខ្ញុំ​និយាយ​ឱ្យ​ត្រង់​។ ខ្ញុំ​អត់​មានអី​ឱ្យ​ព្រួយបារម្ភ​ទេពី​ព្រោះ​ខ្ញុំ​អត់​ជឿ​ថា សហគមន៍​អឺរ៉ុប​គេ​ផ្តាច់​ទេ ។ ។ ជា​ធម្មតា​អ្នកនយោបាយ​នៅ​សហគមន៍​អឺរ៉ុប​គេ​មាន​អ្នកនយោបាយ​និង​មាន​អ្នកជំនាញ​។​អ្នកនយោបាយ​គេ​ទទួល​ឥទ្ធិពល​ពី​ប្រជាពលរដ្ឋ រីឯ​អ្នកជំនាញ​គេ​ធ្វើ​តាម​ច្បាប់ ធ្វើ​តាម​ភាព​រីក​ចម្រើន​នៃ​វិស័យ​ការងារ អីចឹង​នៅ​កម្ពុជា​វិស័យ​ការងារ​កំពុង​មានការ​រីក​ចម្រើន​ខ្លាំងណាស់​»​។

​អ្នកស្រី លុយ សេង​ហៃ ធ្វើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​មួយ​នៅ​ខេត្តកណ្តាល​បានឱ្យ​ដឹង នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ការងារ​មានការ​មមាញឹក ធ្វើការ​ថែម​ម៉ោង​ដល់​ម៉ោង​៧​យប់​សឹងតែ​រាល់ថ្ងៃ ។ តែ​មក​ដល់​ប៉ុន្មាន​ថ្ងៃនេះ​ការងារ​រាង​ស្បើយ​ខ្លះ​ហើយ​។​ការ​ថែម​ម៉ោង​ដល់​ម៉ោង​៧​យប់​ជិត​២​ខែ ហើយ​ប្រាក់ខែ​សរុប​ដែល​ទទួល​បាន​ជាង​២០០​ដុល្លារ​អា​មេ​រិ​ក​។ តែបើ​អត់​ធ្វើការ​ថែ​ម៉ោង​នោះ​ទេ​ក្នុង​មួយ​ខែ​ទទួល​បាន​ប្រាក់​តែ​ជាង​២០០​ដុល្លារ​តិចតួច​ប៉ុណ្ណោះ​។

​បើ​តាម​អ្នកស្រី មានបទពិសោធន៍​ធ្វើការ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នេះ​ជាង​១០​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា «​ប្រាក់ខែ​បូក​រួម​និង​ធ្វើការ​ថែម​ម៉ោង​នេះ ក្រៅពី​កាត់​ចំណាយ​ប្រចាំ​គ្រួសារ​រួច​និង​ថ្លៃ​ឈ្នួល​ផ្ទះ​និង​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ហើយ​គឺ​នៅ​សល់​ប្រាក់​ទុក​សន្សំ​តិចតួច​។ តែបើ​មិន​ថែម​ម៉ោង​ទេ វា​ដឹង​ថា​ពិបាក​ក្នុង​ការ​បង់ថ្លៃ​ផ្ទះ​ជួល​គេ​, មិនសូវ​មាន​លុយ​ចាយវាយ ហើយ​នៅ​ពេល​បើក​លុយ​មក​យើង​ត្រូវ​សងបំណុល​គេ​ថែម​ទៀត ព្រោះ​អី​យើង​ខ្ចី​លុយ​គេ (​ធនាគារ​)​។ បើសិន​អត់​បាន​ថែម​ទេ វា​យា​ប់​ដែរ​ហ្នឹង​»​។

លោកស្រី វាសនា​បានឱ្យ​ដឹង​ថា ក្នុង​មួយ​ខែ​អ្នកស្រី​អាច​ទទួល​បាន​ប្រាក់ខែ​សរុប​ពី​២៥០​ដល់​ជិត​៣០០​ដុល្លារ​អា​មេ​រិ​ក ហើយ​កាត់ថ្លៃ​ចំណាយ​ផ្សេង​ៗ​ហើយ​គឺ​នៅ​សល់​ប្រាក់​តិចតួច ព្រោះ​យើង​មានកូន​តូច ត្រូវ​ចំណាយ​ទិញ​បោះ​ទឹកដោះគោ​ឱ្យ​កូន​។ ​អ្នកស្រី បាន​បន្ថែម​ថា «​ការងារ​នៅ​ក្នុង​វិស័យ​នេះ​ខ្ញុំ​ទើប​ចូល​ធ្វើការ​បាន​២​ឆ្នាំ អត់​សូវ​ជា​ដឹង​អំពី​ផល​ប៉ះពាល់​ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ​ជួប​បញ្ហា​នោះ​ទេ ពិសេស​ប៉ះពាល់​ដល់​កម្មករ​ទូទៅ​។ លើស​ពី​នេះ រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ដែល​សហភាព​អឺរ៉ុប​ផ្តល់​ជូន​កម្ពុជា​នេះ​។ ពាក្យ​នេះ​ប្រហែល​កម្មករ​ដែល​ធ្វើការ​ច្រើន​ឆ្នាំ​អាច​មាន​អ្នកដឹង​ខ្លះ សម្រាប់​ខ្ញុំ​ទើបតែ​ចូល​ថ្មី​អត់​សូវ​បានដឹង​ដែរ​»​។

​អ្នកស្រី​បាន​បន្ថែម​ថា «​ខ្ញុំ​ទើប​ចូល​ធ្វើ​ការងារ​នៅ​រោងចក្រ​បាន​២​ឆ្នាំ​នេះ​ទេ ហើយ​ក្នុង​រយៈពេល​ធ្វើការ​ចុង​ក្រោយ​នេះ​មិន​ធ្លាប់​ដឹង ឬលឺ​គេ​និយាយ​រឿង EBA នេះ​ផង​។ រឿង EBA​នេះ សម្រាប់​កម្មករ​មិន​ចាំបាច់​ត្រូវការ​ខ្វាយខ្វល់​អី​ផង ព្រោះ​អី​នៅ​តាម​រោងចក្រ​នីមួយ​ៗ​គេ​មិន​ឱ្យ​យើង​ខ្វល់ខ្វាយ​រឿង​ចឹ​ង​ៗ គេ​បង្កើត​រោងចក្រ​ធំ​ៗ​បែប​នេះ​»​។

​យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារពិភពលោក​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​កន្លង​ទៅ​នេះ​បង្ហាញ​ថា​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​មាន​ទំហំ​ប្រហែល ៧០%​នៃ​ទំនិញ​នាំ​ចេញ​គ្រប់មុខ បាន​កើន​ចំនួន ១៧,៧%​ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​ស្រុត​ចុះ​បន្តិច​វិញ​មក​នៅ​ត្រឹម​១៥,៣% គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩​។

របាយការណ៍​នេះ​បាន​គូសបញ្ជាក់​ថា «​លទ្ធភាព​នៃ​ការ​ដក​ចេញ​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម​ក្រោម​ប្រព័ន្ធ «​គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សព្វាវុធ និង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ណាមួយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន (​ដែល​អាច​នឹង​កើត​មាន​មក​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​) អាច​បង្ក​ផល​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ទៅ​លើ​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​»​។

​របាយការណ៍​ដដែល​លើក​ឡើង​ដូច្នេះ​ថា ដើម្បី​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​ក្រៅប្រទេស ថ្មី​ៗ​នេះ អាជ្ញាធរ​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន​សំដៅ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ដោយ​បន្ទាប​ថ្លៃ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​, កាត់​បន្ថយ​ការិយាធិបតេយ្យ​និង​ជួយ​ដល់​ធុរកិច្ច​ដោយ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ផ្លូវការ​ចំនួន​៦​ថ្ងៃ នៅ​ក្នុង​ឆ្នាំ​២០២០​។ បន្ថែម​លើ​នេះ វិធានការ​កញ្ចប់​ហិរញ្ញវត្ថុ​ធំ​គួរសម​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ដោយ​ប្រើ​ប្រាក់​សន្សំ​របស់​រដ្ឋ នឹង​អាច​ត្រូវ​បាន​ដាក់​ចេញ​នៅ​ក្នុង​ឆ្នាំ​២០២០ ដើម្បី​ជួយ​សម្រាល​ផល​ប៉ះទង្គិច​អវិជ្ជមាន​ដែល​បណ្តាល​មក​ពី​ការ​ដក EBA ប្រសិនបើ​វា​នឹង​កើតឡើង​មែន​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ