ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​សវនា​ការពេល​លោក វន់ ​ពៅ ឡើង​សម្ពាធ​ឈាម

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​អ្នក​គាំ​ទ្រ​ ដែល​ទទូច​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​ជន​ជាប់​ចោទ​២៣​នាក់​ បាន​នា​ំ​គ្នា​​ឈរ​ខាង​មុខ​រនាំង​ដែក​បិទ​ផ្លូវ​របស់​សមត្ថ​កិច្ច​នៅ​ក្បែរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ខណៈ​តុលា​ការ​បន្ត​បើក​សវនា​ការ​លើ​ជន​ជាប់​ចោទ​ទាំង​២៣​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ឧសភា ។ លើ​កំណាត់​វិថី​ព្រះ​មុនី​រ៉េត​ ក៏​ដូច​ជា​ថ្ងៃ​២០​ ឧសភា ដែរ ដែល​ការ​ធ្វើ​ចរាចរណ៍​ត្រូវ​បាន​បិទ​ទាំង​ស្រុង ។

រាជធានីភ្នំពេញ ៖ ក្រុម​អ្នក​គាំ​ទ្រ​ ដែល​ទទូច​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​ជន​ជាប់​ចោទ​២៣​នាក់​ បាន​នាំ​គ្នា​​ឈរ​ខាង​មុខ​រនាំង​ដែក​បិទ​ផ្លូវ​របស់​សមត្ថ​កិច្ច​នៅ​ក្បែរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ខណៈ​តុលា​ការ​បន្ត​បើក​សវនា​ការ​លើ​ជន​ជាប់​ចោទ​ទាំង​២៣​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ឧសភា ។ លើ​កំណាត់​វិថី​ព្រះ​មុនី​រ៉េត​ ក៏​ដូច​ជា​ថ្ងៃ​២០​ ឧសភា ដែរ ដែល​ការ​ធ្វើ​ចរាចរណ៍​ត្រូវ​បាន​បិទ​ទាំង​ស្រុង ។

លោក វន់​ ពៅ​ និង​​ជន​ជាប់​ចោទ​២២​នាក់​ទៀត ត្រូវ​បាន​ឆ្មាំ​ពន្ធ​នា​គារ​​ព្រៃ​ស​ បញ្ជូន​មក​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ តាំង​ពី​ព្រលឹម​ដើម្បី​បន្ត​សវនា​ការ​ ។ ដូច​ថ្ងៃ​ទី​១​​ដែរ សមត្ថ​កិច្ច​បាន​បន្ត​បិទ​ផ្លូវ​ឆ្លង​កាត់​មុខ​សាលា​ដំបូង​ និង​ផ្លូវ​ជុំ​វិញ​ដោយ​ការ​ដាក់​រនាំង​ដែក​អម​ដោយ​រថ​យន្ត​បាញ់​ទឹក​៧​គ្រឿង​ និង​កង​​កម្លាំង​នគរ​បាល​បង្ក្រាប​បាតុ​កម្ម​រាប់​សិប​នាក់ ក្នុង​គោល​បំណង​រា​រាំង​សកម្ម​ភាព​របស់​ក្រុម​អ្នក​គាំ​ទ្រ​ជន​ជាប់​ចោទ​ កម្លាំង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ខណ្ឌ​ បាន​ចាប់​យក​មេ​ក្រូ​របស់​ក្រុម​អ្នក​បឹង​កក់​មិន​ឱ្យ​ស្រែក​តវ៉ា​ និង​ចាប់​ប្រមូល​យក​ផ្កា​ឈូក​ ។ ជាមួយ​គ្នា​ដែរ​ គេ​បាន​ឃើញ​ក្រុម​​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​បាន​និមន្ត​ហែ​ជា​ក្បួន​នៅ​ជុំ​វិញ​អគារ​តុលាការ​ផង​ដែរ ដើម្បី​បិណ្ឌ​បាត​ឱ្យ​ដោះ​លែង​ជន​ទាំង​២៣​នាក់ ។

មន្ត្រី​សង្កេត​ការណ៍​សវនា​ការ​បាន​អះ​អាង​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​តុលា​ការ​សាក​សួរ​ដេញ​ដោល​លោក​ វន់ ពៅ បន្ត​ពី​ម្សិល​មិញ​ (២០ឧសភា) និង​ជា​ការ​សាក​សួរ​ជន​ជាប់​ចោទ​ចុង​ក្រោយ​បង្អស់​ក្នុង​សំណុំ​រឿង​ជន​ជាប់​ចោទ​ទាំង​២៣​នាក់ ។ នៅ​ព្រឹក​នោះ​ដែរ​ តំណាង​សហ​ជីព​បាន​ព្រមាន​តុលា​ការ​ថា​ នឹង​ធ្វើ​មហា​បាតុ​កម្ម​ទូ​ទាំង​ប្រទេស​ ប្រសិន​បើ​តុលា​ការ​កាត់​ក្តី​ឱ្យ​លោក​ វន់​ ពៅ និង​ជន​សង្ស័យ​២២​នាក់​ទៀត​ មាន​ទោស​និង​បន្ត​ឃុំ​ឃាំង​នោះ​ ។ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បន្ត​សវ​នា​ការ​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ​ចំនួន​២៣​នាក់​​រួម​ទាំង​លោក​ វន់​ ពៅ​ ប្រធាន​សមា​គម​ប្រជា​ធិប​តេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ទៅ​តាម​ការ​គ្រោង​ទុក​ ។ ជន​ជាប់​ចោទ​ទាំង​អស់​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​បន្ទប់​សវនា​ការ​ក្រោម​ការ​យាម​កាម​យ៉ាង​តឹង​តែង​បំផុត​ពី​ក្រុម​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ ។ សវនា​ការ​នេះ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤​ ក្នុង​ការ​សួរ​ដេញ​ដោល​លើ​ជន​ជាប់​ចោទ​ និង​សាក្សី​ជន​រង​គ្រោះ​ពី​សំណាក់​ចៅ​ក្រម​ ព្រះ​រាជ​អាជ្ញា​ និង​មេ​ធាវី​ការ​ពារ​ក្តី​ជន​ជាប់​ចោទ​ មេ​ធាវី​ជន​រង​គ្រោះ​នៅក្នុង​​សំណុំ​រឿង​ស្តី​ពី​បទ​ចោទ​ «បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ ញុះ​ញង់​ឱ្យ​​ប្រព្រឹត្ត​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​សម​គំនិត​ក្នុង​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ ។

នៅ​ថ្ងៃ​ទី​២១​ ឧសភា បន្ទប់​សវ​នា​ការ​នៅ​តែ​ដំណើរ​ការ​២​បន្ទប់​ដដែល​ ក្នុង​នោះ​បន្ទប់​ទី​១​ ដំណើរ​ការ​ដោយ​លោ​ក​ចៅ​ក្រម​ កែវ​ មុន្នី​ ព្រះ​រាជ​អាជ្ញា​រង​ចំនួន​ពីរ​នាក់​ គឺ​លោក​ លី​ សុផាន់​ណា និង​លោក​ ជា​ ម៉េត​ និង​មាន​មេ​ធាវី​ការ​ពារ​ក្តី​ជន​ជាប់​ចោទ​ចំនួន​៥​នាក់​ និង​មេ​ធាវី​ការ​ពា​រ​ក្តី​ជន​រង​គ្រោះ​ និង​ដើម​បណ្តឹង​ចំនួន​៣​នាក់​ មាន​ជន​ជាប់​ចោទ​ចំនួន​១០​នាក់​រួម​ទាំង​លោក​ វន់​ ពៅ​ ត្រូវ​បាន​ជំនុំ​ជម្រះ​ក្នុង​បន្ទប់​សវនា​ការ​ទី​១​ ។ រី​ឯ​បន្ទប់​សវនា​ការ​ទី​២​ មាន​ជន​ជាប់​ចោទ​ចំនួន​១៣​នាក់​ តែ​ត្រូវ​បាន​សាក​សួរ​រួច​រាល់​ហើយ​ ។ ជន​ជាប់​ចោទ​ វន់​ ពៅ​ ជា​អ្នក​ចុង​ក្រោយ​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​២៣​នាក់​ បាន​និយាយ​ថា គាត់​បាន​ប្រើ​ប្រាស់​មេ​ក្រូ​ស្រែក​ទៅ​កាន់​ក្រុម​បាតុ​ករ​ និង​ក្រុម​សមត្ថ​កិច្ច​នៅ​ពេល​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​មុខ​រោង​ចក្រ​យ៉ាក​ជីង កាល​ពី​ខែ​មករា​នោះ​ ។ អង្គ​ការ​របស់​លោក​មាន​ភារ​កិច្ច​ជួយ​សម្រប​សម្រួល​ក្នុង​ការ​ការ​ពារ​សិទ្ធិ​កម្ម​ករ​ដែល​ពួក​គាត់​មិន​ស្ថិត​នៅ​ក្រោម​ច្បាប់​ការ​ងារ​នៃ​ក្រសួង​ការ​ងារ​ ឬ​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ពេល​ដែល​ពួក​គាត់​មាន​បញ្ហា​ឬ​ការ​​រំលោភ​សិទ្ធិ​របស់​ពួក​គាត់​ ។

នៅ​ពេល​គាត់​បាន​ទៅ​ដល់​ខាង​មុខ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ មាន​កម្ម​ករ​ម្នាក់​បាន​មក​ប្រាប់​គាត់​ថា​ មាន​កម្ម​ករ​៣​នាក់​ត្រូវ​បាន​​ចាប់​ខ្លួន​ និង​សុំ​​ឱ្យ​មាន​ការ​ជួយ​ពួក​គេ​ផង ។ ឆ្លើយ​តប​នឹង​សំនួរ​របស់​ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា​​លោ​ក​ វន់ ពៅ​ បាន​និយាយ​ទៀត​ថា នៅ​ពេល​នោះ​គាត់​បាន​នាំ​ព្រះ​សង្ឃ​ដែល​បាន​រួម​ដំណើរ​ជាមួយ​គាត់​ពី​ខាង​មុខ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ទៅ​កាន់​មុខ​រោង​ចក្រ​យ៉ាក​ជីង​ ដែល​នៅ​ទី​នោះ​មាន​ក្រុម​កម្ម​ករ​ប្រមាណ​១០០​នាក់​ បាន​ឈរ​ស្រែក​តវ៉ា​ថា ពួក​គាត់​សូម​ឱ្យ​ដោះ​លែង​តំណាង​របស់​ពួក​គេ​ចំនួន​បី​នាក់​ដែល​ទាហាន​ចាប់​យក​ទៅ​ និង​ទាម​ទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​អាមេ​រិក​ ។ តែ​លោក​មិន​បាន​នាំ​ពួក​អ្នក​តវ៉ាទាំង​នោះ​ទៅ​កាន់​រោង​ចក្រ​យ៉ាក​ជីង​ទេ ហើយ​ពួក​គេ​បាន​ទៅ​ទី​នោះ​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់​ ចំពោះ​លោក​វិញ​បាន​ទៅ​ទី​នោះ​គ្រាន់​តែ​ទៅ​មើល​សភាព​ការ​ណ៍​ ថា​តើ​វា​មាន​អ្វី​កើត​  ឡើង ។

គួរ​កត់​សម្គាល់​ថា កាល​ពី​ថ្ងៃ​ទី​២០​ ឧសភា ការ​សួរ​ដេញ​ដោល​ក្នុង​បន្ទប់​សវនា​ការ​ទី​១​ លើ​លោក​ វន់ ពៅ បាន​ធ្វើ​ឡើង​យ៉ាង​តឹង​តែ​ង ព្រោះ​មាន​រូប​ភាព​វី​ដេ​អូ​ឃ្លីប​ត្រូវ​បាន​ចាក់​នៅ​ក្នុង​បន្ទប់​សវនា​ការ​តែ​ម្តង​បាន​ធ្វើ​ឱ្យ​លោក​ វន់​ ពៅ ពិបាក​ក្នុង​ការ​ទទួល​ស្គាល់​ ព្រោះ​សំឡេង​​ទាំង​នោះ​​ គឺ​ជាសម្តី​​​របស់​គាត់​​បាន​ស្រែក​​ទៅ​កាន់​សមត្ថ​កិច្ច​ និង​ក្រុម​អ្នក​តវ៉ា ។ ចៅ​ក្រម​បាន​បញ្ជាក់​​ពី​​សម្តី​របស់​លោក វន់ ពៅ​ ដែល​ធ្លាប់​ប្រើ​ប្រាស់​កាល​ពី​ពេល​កន្លង​​​មក​​ នៅ​​​ពេល​​មាន​បាតុកម្ម​នានា​ដូច​ជា​នៅ​ខាង​មុខ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ កាល​ពី​ថ្ងៃ​ទី​​៣០ ធ្នូ ២០១៣ ជា​ដើម ។ លោក​ចៅ​ក្រម​ បាន​សួរ​លោក វន់ ពៅ ថា​បាន​ដឹង​ថា​នៅ​លើ​រុឺម៉ក​របស​់លោក​ មាន​ដាក់​ដុំ​ថ្ម​ដែរ​ឬ​ទេ ? ព្រោះ​លោក​​ វន់ ពៅ ឆ្លើយ​ប្រាប់​តុលាការ​ថា​ គាត់​បាន​ទៅ​កាន់​រោង​ចក្រ​យ៉ាក​ជីង និង​មាន​រូប​ថត​ខ្លះ​ ​ត្រូវ​បាន​​បង្ហាញ​ពី​រូប​ថត​​រុឺម៉ក​​មាន​ដុំ​ថ្ម​ជា​ច្រើន ​តែ វន់ ពៅ​ បដិសេធ​ថា​មិន​បាន​ដាក់​ទេ ក៏​ប៉ុន្តែ​ទទួល​ស្គាល់​ថា វា​ជា​រុឺម៉ក​របស់​គាត់ ។ នៅ​ពេល​មាន​ការ​តវ៉ា​​​លោក​មិន​បាន​ដឹង​​ថា អ្នក​ណា​ខ្លះ​​ស្ថិត​ក្រោម​ច្បាប់​ការងារ​​ និង​អ្នក​​ណា​ខ្លះ​មិន​ស្ថិត​នៅ​ក្រោម​ច្បាប់​ការងារ​ ហើយ​មាន​កម្ម​ករ​ប្រមាណ​១០០​នាក់​ ។

តុលាការ​​​បាន​សាក​សួរ​លោក វន់​ ពៅ ពេញ​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​២១ ឧសភា​ លើ​សកម្ម​ភាព​ទាំង​ឡាយ​​របស់​គាត់​ដែល​មាន​វត្ត​មាន​​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ​​​ មុខ​រោង​ចក្រ​​វិល​ស៊ុន និង​មុខ​រោង​ចក្រ​​យ៉ាក​ជីង ទី​ដែល​​មាន​ការ​ប៉ះ​ទង្គិច​បាន​កើត​ឡើង​​រវាង​សមត្ថ​កិច្ច​​និង​ក្រុម​អ្នក​តវ៉ា​​ ដែល​តាម​ការអះ​អាង​របស់​លោក វន់ ពៅ ថា ភាគ​ច្រើន​នៃ​អ្នក​តវ៉ា​​ជា​ស្ត្រី​ ។ រាល់​ការ​​អះ​អាង​នេះ​ គឺ​នៅ​ពេល​រូប​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ក្រុម​សមត្ថ​កិច្ច​ដែល​គេ​ស្គាល់​ថា​ មក​ពី​កង​​ពល​តូច​ឆត្រ​យោង​៩១១​ និង​មាន​មនុស្ស​​ជា​ច្រើន​បាន​ចាប់​ខ្លួន​ភ្លាមៗ​​​ បន្ទាប់​ពី​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​​របស់​សមត្ថ​កិច្ច​​ទាំង​នោះ​ ប្រដាប់​ដោយ​ខែល ដំបងដែក អាវុធ និង​ដែក​ទីប ។

លោក​​វន់ ពៅ​ ​បញ្ជាក់​ថា​ មាន​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សម​រម្យ​កើត​ឡើង​រវាង​​កម្មករ និង​សមត្ថ​កិច្ច​ ដែល​ពាក្យ​ខ្លះ​ពិបាក​នឹង​និយាយ​ព្រោះ​ដោយសារ​​តែភាព​ខឹង​សម្បារ​សមត្ថ​កិច្ច​បាន​ស្រែក​ជេរ​កម្មការិនី​ ​ព្រះសង្ឃ​ និង​មាន​អំពើ​​ហិង្សា​ផ្ទុះ​ឡើង​ដូចជា ការ​គប់​ដប​ទឹក​បរិសុទ្ធ​ដាក់​កម្មករ​ ​និង​មាន​ការ​តប​វិញ​ដោយ​ក្រុម​កម្មករ​ ពេល​នោះ​ព្រះសង្ឃ​ និង​រូបគាត់ (វន់ ពៅ)​ បាន​ចូល​ខ្លួន​សម្របសម្រួល​ក្នុង​ទិដ្ឋ​ភាព​ហិង្សា​បែប​នេះ​ បើ​ទោះ​ជា​ព្រះ​សង្ឃ​​បិណ្ឌ​បាត្រ​សុំ​ឈប់ក៏​ដោយ ក៏​ភាគី​ទាំង​សង​ខាង​​​មិន​ស្តាប់​ដែរ ។​​ មាន​ការក​ត់​សម្គាល់​​ថា នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល លោក​ វន់​ ពៅ​ អះ​អាង​ថា ដោយ​សារ​បញ្ហា​សុខ​ភាព​ គឺពិបាក​ដក​ដង្ហើម​ និង​មិន​អាច​បន្ត​សវនាការ​បាន​ លោក​ចៅ​ក្រម​បាន​ប្រកាស​ពន្យារ​​សវនាការ​ទៅ​ថ្ងៃទី​២២ ឧសភា​ ព្រឹក​នេះ​ទៀត​ ។​

ពេញ​មួយ​ថ្ងៃទី​២១​ ឧសភា​ តុលា​ការ​បាន​សាក​សួរ​តែ​លើ​ជន​ជាប់​ចោទ​ វន់ ពៅ​ ម្នាក់​បុ៉ណ្ណោះ​ ជុំវិញ​សកម្ម​ភាព​របស់​គាត់​នៅ​​មុន​ពេល​ចាប់​ខ្លួន ​និង​មាន​រូប​ថត​ជាច្រើន​​ និងវីដេអូ​ឃ្លីប​ត្រូវ​ដាក់បង្ហាញ​ក្នុង​ពេល​សវនាការ​ ព្រម​ទាំង​មានសំឡេង​លោក​ វន់ ពៅ ស្រែក​តាម​មេក្រូ ។​ នៅ​ក្នុង​សវនាការ​ គេឃើញ​​មាន​វត្ត​មាន​ក្រុម​អ្នក​ការទូត​ អង្គការសង្គម​ស៊ីវិល​ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​​ និង​អ្នក​សារ​ព័ត៌​មាន​ជាតិ និង​​អន្តរ​ជាតិ​ជាច្រើន​ ។ ដោយ​ឡែក​ នៅ​បន្ទប់​សវនា​ការ​ទី​២​ តុលា​ការ​នៅ​តែ​បន្ត​តាម​នីតិ​វិធី​ដល់​វេលា​ល្ងាច​ទើប​មាន​ការ​នាំ​ខ្លួន​ចេញ​ពី​អគារ​សាលា​ដំបូង​ឆ្ពោះ​ទៅ​ពន្ធនាគារវិញ​ដោយ​សុវត្ថិភាព ៕