ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារការជួយទាន់ពេល ស្ត្រីម្នាក់សម្រាលកូនកណ្តាលផ្លូវ​ដោយសុវត្ថិភាព

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ស៊ី​ន ចាន់​ថុ​ល អភិបាលស្រុក​ពួក​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧…

ខេត្តសៀមរាប ៖ លោក ស៊ី​ន ចាន់​ថុ​ល អភិបាលស្រុក​ពួក​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៩ បុរសជា​ប្តី​បាន​ដឹក​ប្រពន្ធ​តាម​ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ឆ្លងទន្លេ លុះ​ពេល​កំពុង​ធ្វើ​ដំណើរ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​សម្រាល​បានកូន​ស្រី​ម្នាក់​នៅ​ពាក់កណ្តាល​ផ្លូវត្រង់​ចំណុច​ជ្រុង​ខាងជើង និង​ខាងកើត​ផ្សារ​ពួក ស្ថិត​ក្នុងភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​លោក​អភិបាលស្រុក​ពួក និង​លោកនាយ​ប៉ុស្តិ៍​នគរបាល​ស្រុក​ពួក ព្រមទាំង​ប្រជា​ការពារ ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ព្រមទាំង​ជួយ​រក​រ៉ឺ​ម៉ក​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក ។

លោក​អភិបាលស្រុក​បាន​បន្ត​ថា បន្ទាប់​មក លោក និង​លោកនាយ​ប៉ុស្តិ៍ ព្រមទាំង​ប្រជា​ការពារ​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ទំនាក់ទំនង​ជាមួយ​គ្រូពេទ្យ​ធ្វើ​យ៉ាងណា​ជួយ​ដល់​ស្ត្រី​ដែល​ឆ្លងទន្លេ​កណ្តាលផ្លូវ​នោះ​ឱ្យ​​​មាន​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន ព្រមទាំង​បាន​ជួយ​ជា​ថវិកា​និង​សម្ភារ​មួយ​ចំនួន​ជូន​ដល់​ស្ត្រី​សម្រាលកូន​ខាងលើ​នោះ​ដែរ ហើយ​ខាង​មន្ទីរពេទ្យ​ក៏​មិន​បាន​តម្រូវ​អោយ​ស្ត្រី​ឆ្លងទន្លេ​ខាងលើ​បង់ថ្លៃ​សេវា​នោះ​ទេ ។ ពេល​នេះ​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​មាន​សុវត្ថិភាព​ទាំងអស់​គ្នា​។

លោក​អភិបាលស្រុក​បាន​បន្ត​ទៀត​ថា ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​នេះ ប្តី​ឈ្មោះ អោ​ក សាន អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ ចំណែក​ប្រពន្ធ​ឈ្មោះ ជឺ​ន សា​វើ​ន អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើស្រែ ។ គ្រួសារ​នេះ​រស់នៅ​ភូមិ​ព្រលឹត ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប ។

តាម​ប្រភព​ពី​ប្តី​របស់​ស្ត្រី​ឆ្លងទន្លេ​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ប្រពន្ធ​គាត់​ឈឺពោះ​ឆ្លងទន្លេ និង​បាន​ប្រាប់​គាត់​ឲ្យ​ជួយ​យក​ម៉ូតូ​ដឹក​ជូន​ទៅ​មន្ទីរពេទ្យ ព្រោះ​ឈឺពោះ​ខ្លាំង​ណាស់ ។

តាម​ប្រភព​ដដែល​រៀបរាប់​បន្ត​ថា ពេល​នោះ​គាត់​ក៏​ប្រញាប់​យក​ម៉ូតូ​ដឹក​ប្រពន្ធ​ចេញពីផ្ទះ ក្នុង​គោលបំណង​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្នុង​ក្រុង​សៀមរាប លុះ​ធ្វើ​ដំណើរ​មក​ដល់​ពាក់ កណ្តាលផ្លូវ ស្រាប់តែ​ប្រពន្ធ​ឆ្លងទន្លេ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​លោក​អភិបាលស្រុក និង​លោកនាយ​ប៉ុស្តិ៍ ព្រមទាំង​ប្រជា​ការពារ​ចុះ​មក​ជួយ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក ។

ជំនួស​មុខ​ឲ្យ​ក្រុម​គ្រួសារ បុរស​ជា​ប្តី​បាន​ថ្លែងអំណរគុណ​ដល់​លោក​អភិបាលស្រុក និង​លោកនាយ​ប៉ុស្តិ៍ ព្រមទាំង​ប្រជា​ការពារ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​គ្រួសារ​របស់​គាត់ និង​សូម​ជូនពរ​ដល់​អស់លោក​ជួប​ប្រទះ​តែ​សេចក្តីសុខ ព្រមទាំង​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ