រាជធានីភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះការផលិតអំបិលរបស់កម្ពុជាជួបបញ្ហាប្រឈមមិនអាចឱ្យកម្ពុជាផលិតអំបិលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកគ្រប់គ្រាន់បាន តម្រូវឱ្យនាំចូលពីក្រៅប្រទេស ដែលកន្លងមកគឺបាននាំចូលពីប្រទេសចិននិងថ្មីៗនេះក៏បាននាំចូលអំបិលពីប្រទេសឥណ្ឌាថែមទៀត។
«សម្រាប់ខ្ញុំ គឺនៅតែនិយមចូលចិត្តប្រើអំបិលកំពត តែខ្ញុំមិនដឹងថាមូលហេតុអ្វីបានជាការផលិតអំបិលនៅខ្មែរខ្វះខាតរហូតត្រូវនាំចូលអំបិលពីក្រៅប្រទេសនោះទេ ព្រោះខ្ញុំមិនដឹងថាអំបិលនាំចូលនោះមានគុណភាពកម្រិតណាសនោះទេ» ។ នេះការលើកឡើងរបស់អ្នកនាង លីណា ស្ត្រីមេផ្ទះមួយរូបនៅក្រុងភ្នំពេញ ។ អ្នកនាងបន្តថាការកែសម្រួលណាមួយគួរតែត្រូវធ្វើ ក្នុងការជំរុញការផលិតអំបិលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា ជាជាងការនាំចូល ។ អ្នកនាងបន្តថា «សព្វថ្ងៃនេះ លឺតែនាំចូលតាំងពីបន្លែបង្ការគ្រប់បែបយ៉ាង ឥឡូវនេះសូម្បីតែអំបិលក៏នាំចូលដែរ ដូច្នេះខ្ញុំជាប្រជាពលរដ្ឋម្នាក់ចង់ឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាបង្កើនលទ្ធភាពផលិតអំបិលក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកល្អជាងនាំចូល» ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះកម្ពុជាបាននាំចូលអំបិលពីឥណ្ឌាប្រមាណ ៥.០០០តោន ហើយការសម្រេចនាំចូលពីក្រៅពេលនេះដើម្បីបន្តដង្ហើមតម្រូវការទីផ្សារ ឬជាការឆ្លើយតបឱ្យបានទាន់ពេលវេលា ខណៈពេលដែលអំបិលនៅក្នុងស្តុកព្យាការណ៍ថានឹងអស់នៅត្រឹមខែធ្នូខាងមុខនេះ។ ប្រធានសហគមន៍ផលិតអំបិលកំពតនិងកែបលោក ប៊ុន បារាំង មានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី២០វិច្ឆិកាថា អំបិលនៅខេត្តកំពតនៅឆ្នាំនេះ យើងផលិតបានតែ៣ម៉ឺនតោនដោយសារតែជួបនឹងគ្រោះធម្មជាតិញឹកញាប់ខ្លាំងពេក។អីចឹងនៅត្រឹមខែធ្នូខាងមុខនេះអំបិលដែលបានផលិតបាននិងអស់ពីស្តុក។ លោកបានបញ្ជាក់ថា «ពេលនេះយើងកំពុងនាំចូលអំបិលពីឥណ្ឌាប្រមាណ៥ពាន់តោនមកដល់កម្ពុជាហើយ។អីចឹងយើងនាំចូលមកទាន់ដង្ហើមរបស់យើង ខណៈពេលដែលអំបិលផលិតក្នុងស្រុកជិតអស់ការនាំចូលអំបិលមកពីឥណ្ឌាបានមកដល់ដើម្បីជួយបំពេញបន្ថែមតម្រូវការក្នុងស្រុក»។
លោកបានលើកឡើងថា «សព្វថ្ងៃនេះហេតុដែលខ្ញុំអត់នាំចូលពីចិន ជំនួសនាំចូលអំបិលពីឥណ្ឌា គឺដោយសារឆ្នាំមុនយើងនាំចូលពីចិនវាមានតម្លៃខ្ពស់ វាធ្វើឱ្យយើងខាត។តែនៅឆ្នាំនេះដោយសារចិនវាធ្វើអត់បាន ព្រោះតំបន់ដែលផលិតអំបិលវាលិចទឹក។ដូចនេះបានជាខ្ញុំធ្វើការសហការនឹងក្រសួងឧស្សាហកម្មនិងសិប្បកម្ម ហើយថ្នាក់ដឹកនាំក្រសួងឱ្យខ្ញុំទៅសិក្សាអំបិលប្រទេសណាដែលផលិតពីទឹកសមុទ្រដូចទៅនិងអំបិលផលិតនៅខេត្តកំពតយើង។ក្រោយសិក្សាមកយើងឃើញប្រទេសសិរីលង្កានិងប្រទេសឥណ្ឌានេះ»។
បើតាមប្រធានសហគមន៍ តម្លៃអំបិលឥណ្ឌាក្នុងមួយតោនថ្លៃ៧៤ដុល្លារអាមេរិកបូកនិងការចំណាយផ្សេងៗថ្លៃដើមអំបិលមួយតោនចំណាយ៩៤ដុល្លារអាមេរិក ហើយតម្លៃលក់ចេញទៅវិញក្នុងមួយមិនឱ្យលើសពី១០០ដុល្លារអាមេរិកនោះទេ បើធៀបនិងការនាំចូលអំបិលមកពីចិននាពេលកន្លងមកមួយតោនថ្លៃ ៩០ដុល្លារអាមេរិក បូកនឹងចំណាយផ្សេងនៅក្នុងស្រុកមួយតោនចំណាយថ្លៃដើមអស់១៣៥ដុល្លារអាមេរិក។ លោកបានបញ្ជាក់ថា« អំបិលដែលនាំចូលពីប្រទេសឥណ្ឌានេះសាច់សស្អាតមានគុណភាពល្អកម្រិតស្តង់ដាអន្តរជាតិមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ហើយការនាំចូលអំបិលនេះវា មិនធ្វើឱ្យប៉ះពាល់ដល់សហគ្រាសផលិតអំបិលក្នុងស្រុកនោះទេ។ កាលណាខេត្តកំពតផលិតអំបិលបានយើងនឹងផ្អាកការនាំចូលសិន ទាល់តែអំបិលកំពតអស់ទើបនាំចូលបន្ថែមទៀត។ តែបើទុកឱ្យអំបិលកំពតអស់ហើយយើងមិនធ្វើការនាំចូលនោះប្រជាជនបានអ្វីនិងហូប»។
ក្រុមបច្ចេកទេសត្រូតពិនិត្យជាតិអ៊ីយ៉ូតក្នុងអំបិលនៃក្រសួងផែនការបានឱ្យដឹងថា កម្រិតអ៊ីយ៉ូតដែលត្រូវដាក់នៅក្នុងអំបិលតាមច្បាប់កំហាប់មានចន្លោះពី៤០ទៅ៥០ ហើយអំបិលដែលនាំចូលមកពីឥណ្ឌានៅពេលនេះវាអនុលោមទៅតាមស្តង់ដារដែលបានកំណត់ដោយច្បាប់កម្ពុជា។អំបិលនាំចូលពីឥណ្ឌាគេបានដាក់ស្លាកអ៊ីយ៉ូតនៅលើសំបកបាវអំបិលពី៣០ទៅ៥០ ហើយនៅពេលយើងមកពិនិត្យឃើញវាស្ថិតនៅចន្លោះកំណត់នោះមែន»។
បើតាមក្រុមអ្នកបច្ចេកទេសនៃក្រសួងផែនការខាងលើកនេះ តាមច្បាប់កំណត់កម្រិតអ៊ីយ៉ូតដាក់លាយនៅក្នុងអំបិលមិនឱ្យមានកំហាប់លើលពី៥០ទេ គឹកំហាត់គិតពី២០ទៅ៥០ ហើយកម្រិតនេះវាគ្រប់គ្រាន់សម្រាប់អ្នកបរិភោគ។ប៉ុន្តែបើជាតិអ៊ីយ៉ូតស្ថិតនៅខុសពីចន្លោះនេះ វាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពនិងបញ្ញាស្មារតីរបស់មនុស្សទូទៅ។
កញ្ញា ថូង ធីតា ម្ចាស់សហគ្រាសផលិតអំបិលធម្មជាតិ កំពតបានឱ្យដឹងថាទីផ្សារអំបិលនៅក្នុងស្រុកបច្ចុប្បន្នអត់មានជាបញ្ហានោះទេ។ ឥឡូវនេះយើងឃើញប្រជាជនក្នុងស្រុកពួកគាត់មានការគាំំទ្រផលិតក្នុងស្រុកច្រើន ពិសេសអំបិលផលិតនៅខេត្តកំពត។ បើតាមកញ្ញាថូងធីតា ក្នុងនាមជាអ្នកផលិតអំបិលធម្មជាតិក្នុងស្រុកពេលលឺការនាំចូលអំបិលមកពីខាងក្រៅប្រទេសបែបនេះមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេវាធ្វើឱ្យមានការប្រកួតប្រែងជាដើម។កញ្ញាបានបន្តថា «បើការនាំចូលមកលើសលុបពេកវាអាចធ្វើឱ្យប៉ះពាល់និងម្យ៉ាងទៀតវាធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាជនផង ហើយនៅពេលកន្លងមកមានគេតែងសួរមកខ្ញុំថាហេតុអ្វីបានប្រទេសរបស់យើងមានសមុទ្រដែរ ហេតុអីបានជានៅមានការនាំចូលអំបិលមកពីក្រៅ?។ នៅពេលនេះអ្វីដែលខ្ញុំអាចធ្វើបានគឺលើកទឹកចិត្តឱ្យអ្នកផលិតត្រូវបានផលិតឱ្យបានច្រើន ធ្វើយ៉ាងណាកុំឱ្យមានការនាំចូលមកច្រើន»។
តាមម្ចាស់សហគ្រាសផលិតអំបិលធម្មជាតិ ក្នុងមួយឆ្នាំសហគ្រាសកញ្ញអាចផលិតអំបិលបានប្រមាណ១ម៉ឺនតោន ហើយតម្លៃអំបិលផលិតបែបធម្មជាតិនេះវាមានតម្លៃលើសតម្លៃអំបិលធម្មតា៤ទៅ៥ដងក្នុងមួយតោន និងនៅពេលកន្លងមកផលិតផលមួយនេះ បានធ្វើតេស្តសម្រាប់ការនាំចេញមានទៅប្រទេសជប៉ុន,ស្វីស,កាណាដា និងត្រៀមចរចាជាមួយប្រទេសបារាំង៕
ចែករំលែកព័តមាននេះ