ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​សម្រេច​អោយ​កម្ពុជា​នាំ​ចេញ​ស្វាយ​ទៅ​កាន់​ទីផ្សារ​ខ្លួន ខណៈ​ក្រុមហ៊ុន​ក្នុងស្រុក​ថា​ពិបាកធ្វើ​តាម​លក្ខខណ្ឌ​តម្រូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ​ជុំវិញ​ផលិតផល​កសិកម្ម​របស់​ខ្មែរ នោះ​គឺ​ផ្លែស្វាយ​ត្រូវ​បាន​ប្រទេស​កូរ៉េ​ខាងត្បូង​អនុញ្ញាតិ​ឲ្យ​នាំ​ចូល​ទៅ​ទីផ្សារ​កូរ៉េ​បាន ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ខាង​ក្រុមហ៊ុន​ក្នុងស្រុក​ឯណោះ​វិញ​បញ្ជាក់​ថា​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​គឺ​ពិបាក​នឹង​អនុវត្ត​បាន​ណាស់ ដូច្នេះ​ការ​នាំ​ចេញ​ស្វាយ​ទៅ​កូរ៉េ​អាច​នឹង​មិន​សម្រេច​បាន​ចំនួន​ច្រើន​ឡើយ ។ ​យ៉ាងណាមិញ យោង​តាម​ជំនួប​ទ្វេរ​ភាគី​រវាង​រដ្ឋមន្ត្រី​កសិកម្ម​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ​ជុំវិញ​ផលិតផល​កសិកម្ម​របស់​ខ្មែរ នោះ​គឺ​ផ្លែស្វាយ​ត្រូវ​បាន​ប្រទេស​កូរ៉េ​ខាងត្បូង​អនុញ្ញាតិ​ឲ្យ​នាំ​ចូល​ទៅ​ទីផ្សារ​កូរ៉េ​បាន ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ខាង​ក្រុមហ៊ុន​ក្នុងស្រុក​ឯណោះ​វិញ​បញ្ជាក់​ថា​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​គឺ​ពិបាក​នឹង​អនុវត្ត​បាន​ណាស់ ដូច្នេះ​ការ​នាំ​ចេញ​ស្វាយ​ទៅ​កូរ៉េ​អាច​នឹង​មិន​សម្រេច​បាន​ចំនួន​ច្រើន​ឡើយ ។

​យ៉ាងណាមិញ យោង​តាម​ជំនួប​ទ្វេរ​ភាគី​រវាង​រដ្ឋមន្ត្រី​កសិកម្ម​ប្រទេស​កម្ពុជា និង​កូរ៉េ ក្នុង​កិច្ចប្រជុំ​កំពូល អាស៊ាន កូរ៉េ នាទី​ក្រុង​ប៊ូ​សាន​ប្រទេស​កូរ៉េ បាន​បង្ហាញ​ថា កូរ៉េ​បាន​យល់ព្រម​អោយ​ផលិតផល​ស្វាយ​កម្ពុជា​នាំ​ចូល​ទីផ្សារ​កូរ៉េ​នៅ​ចុងឆ្នាំ ២០១៩​នេះ ខណៈ​ក្រសួងកសិកម្ម​កូរ៉េ បាន​អនុម័ត​រួច​ហើយ​កាលពី​ចុងខែ​តុលា​មុន​នេះ ។

លោក Kim Hyeon-Soo រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្បៀងអាហារ​និង​អភិវឌ្ឍន៍ជនបទ​នៃ​សាធារណៈរដ្ឋ​កូរ៉េ​ខាងត្បូង បាន​មាន​ប្រសាសន៍​ថា ភាគី​កូរ៉េ​បាន​អនុម័ត​រួច​ហើយ នូវ​ការ​អនុញ្ញាត​ឱ្យ​នាំ​ចូល​ស្វាយ​ពី​កម្ពុជា​មក​កូរ៉េ កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩ ដូច្នេះ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ កម្ពុជា នឹង​អាច​នាំ​ចូល​ស្វា​យមក​កូរ៉េ​បាន​ហើយ ។ នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ទីផ្សារ​ផ្លែស្វាយ​កម្ពុជា ក៏​ដូច​ជា​ផលិតផល​កសិកម្ម​ពី​កម្ពុជា ខណៈ​ផលិតផល​នេះ ហាក់​មិន​ទាន់​មាន​ទីផ្សារ​ធំ​នៅឡើយ​សម្រាប់​កម្ពុជា ដោយសារ​តែ​របាំង​ភូតគាម​អនាម័យ ។

​បើ​តាម​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមា​ញ៉​និង​នេសាទ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេរ​ភាគី ផង​ដែរ​ថា នេះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយ សម្រាប់​ការ​នាំ​ចូល​ផលិតផល​ស្វាយ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​កូរ៉េ ដែល​ជាទី​ផ្សារ​ធំ​មួយ ហើយ​លោក​ក៏​បាន​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ ជាមួយ​ភាគី​កូរ៉េ​ថែម​ទៀត លើ​ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម នៅ​កម្ពុជា ដើម្បី​ផ្លាស់​ប្តូរ​នូវ​ពិសោធន៍ ដែល​កសិកម្ម​កូរ៉េ​បាន​ឆ្លងកាត់ ។

ទោះបីជា​កូរ៉េ​បាន​បើកភ្លើង​ខៀវ​បែប​នេះ​ក្ដី ក៏​អ្នក​នាំ​ចេញ​ស្វាយ​មួយ​ចំនួន​មិនសូវ​ជា​រីករាយ​ប៉ុន្មាន​នោះ​ទេ ដោយសារ​តែ​កូរ៉េ​មាន​លក្ខខណ្ឌ​មួយ​គឺ​តម្រូវ​អោយ​មាន​ភូតគាម​អនាម័យ​ខ្ពស់ ហើយ​មាន​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​អាច​ធ្វើ​បាន​នូវ​លក្ខខណ្ឌ​មួយ​នេះ ដូច្នេះ​សរុប​ទៅ បើ​ទោះបីជា​កូរ៉េ យល់ព្រម​អោយ​នាំ​ចេញ​ទៅ​ក្ដី តែ​នៅ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ បើ​គិត​តាម​លទ្ធភាព​របស់​កម្ពុជា ។

​តាម​ប្រសាសន៍​លោក​វ៉ា​ន់ រឹ​ទ្ធី ប្រធាន​ក្រុមហ៊ុន Angkor Mango បានអោយ​ដឹង​ថា បើ​ទោះបីជា​កូរ៉េ​បាន​យល់​ព្រមអោយ​កម្ពុជា​នាំ​ចេញ​ស្វាយ​ទៅ​កាន់​ទីផ្សារ​គេ​ក្ដី ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ប្រមូល​ទិញ​និង​នាំ​ចេញ​ស្វាយ​នៅ​តែ​ជួប​បញ្ហា​ដដែល ពីព្រោះ​លក្ខ​ខ័​ណ្ឌ​ដែល​កូរ៉េ​កំណត់​គឺ​ពិបាក​សម្រាប់​ក្រុមហ៊ុន​ស្វាយ​កម្ពុជា ។ ​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​លក្ខ​ខ័​ណ្ឌ​ដែល​កូរ៉េ​កំណត់​នោះ គឺ​តម្រូវ​អោយ​ផលិតផល​ទាំងនោះ ឆ្លងកាត់​ម៉ាស៊ីន​កំចាត់​ពងរុយ​ចោះ​នៅ​លើ​ផ្លែស្វាយ​នោះ​ជា​មុន​សិន​ទើប​អាច​នាំ​ចេញ​បាន តែ​កម្ពុជា​មិន​ទាន់​មាន​រោងចក្រ​បែប​នេះ នៅឡើយ​ទេ គឺ​មាន​តែ ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ ដូច្នេះ​ទំហំ​នៃ​ការ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​កាន់​កូរ៉េ អាច​មាន​បរិមាណ​តិចតួច »​។

លោក​បន្ត​ថា​កន្លង​មក លោក​បាន​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ប្រទេស​វៀតណាម ថៃ និង​កំពុង​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ចិន​ដើម្បី​នាំ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ផង​ដែរ ។ ហើយ​យើង​ក៏​បាន​សហការ​ជាមួយ​រោងចក្រ​កែ​ច្នៃ​មួយ​នៅ​ប្រទេស​ថៃ ដើម្បី​កែ​ច្នៃ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទី​បី​ផង​ដែរ ដូច​ជា​ប្រទេស​ជប៉ុន​ជាដើម ។ ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ប្រទេស​ថៃ និង​ចិន​ជាដើម គឺ​មិន​មាន​លក្ខ​ខ័​ណ្ឌ​តម្រូវ​ច្រើន​នោះ​ទេ ពោល​គឺ​ពេល​សម្អាត​ស្អាត​បាន​អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នោះ​បាន​ហើយ ។

ពាក់ព័ន្ធ​នឹង​ការ​អនុញ្ញាត​បើក​ទីផ្សារ​របស់​កូរ៉េ​ជូន​កម្ពុជា​នេះ បើ​តាម​ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ​យល់​ឃើញ​ថា​គឺជា​ផ្តល់​ឱកាស​ដ៏​ល្អ​មួយ​ដល់​កម្ពុជា ព្រោះ​ទីផ្សារ​នៅ​ប្រទេស​កូរ៉េ​នេះ​ផ្លែស្វាយ​លក់​បាន​ថ្លៃ​។

លោក អ៊ិ​ន ឆៃ​វ៉ា​ន ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ​បានឱ្យ​ដឹង​ថា​នេះ​ជា​ការ​ផ្តល់​ឱកាស​ដល់ កម្ពុជា​ក្នុង​ការ​នាំ​ស្វាយ​ទៅ​កាន់​ប្រទេស​កូរ៉េ​។​នេះ​ពិតជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​ប្រជា​កសិករ​ដែល​ជា​អ្នក​ផលិត​។​ខ្ញុំ​បាន​កត់សម្គាល់​យើង​មានឱកាស​ពង្រីក​ទីផ្សារ ក្រោម​គោលនយោបាយ​ដឹកនាំ​ប្រកបដោយ​ភាព​រីក​ចម្រើន​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​។

ទន្ទឹម​នឹង​កូរ៉េ​បញ្ជាក់​ថា​កម្ពុជា​អាច​នាំ​ចេញ​ផ្លែស្វាយ​របស់​ខ្លួន​បាន​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ក្តី ប៉ុន្តែ​ការ​ផលិត​ស្វាយ​របស់​កម្ពុជា ពោល​នៅ​ចុងឆ្នាំ​នេះ​ការ​ប្រមូល​ផល​ស្វាយ​ខុសរដូវ​មាន​ធ្លាក់​ចុះបើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុខ​ៗ ដោយសារ​តែ​កត្តា​អាកាសធាតុ​។ តែ​ផ្ទុយ​មក​វិញ​តម្លៃ​ផ្លែស្វាយ​ខុសរដូវ​នេះ​បាន​កើនឡើង​មួយ​ទ្វេ​ជា​ពីរ ។​លោក​បាន​បន្ត​ថា «​ការ​ផលិត​ស្វាយ​ខុសរដូវ​ចាប់ពី​ខែតុលា​រហូត​ដល់​ខែធ្នូ​នេះ យើង​មិន​ទាន់​ទទួល​បាន​ផល​ច្រើន​នៅឡើយ​នោះ​ទេ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។​ឆ្នាំ​នេះ​ប្រហែល​ទើប​ទទួល​បាន​ផល​ប្រហែល​៥%​ប៉ុណ្ណោះ​នៅ​លើ​ផ្ទៃដី​នៅ​ក្នុង​តំបន់​របស់​យើង​ដោយសារ​គ្រោះ​ធម្មជាតិ​។​ទន្ទឹម​នឹង​ការ​ផលិត​ធ្លាក់​ចុះ​នេះ ធ្វើ​ឱ្យ​តម្រូវការ​ទីផ្សារ​ខ្វះ ធ្វើ​ឱ្យ​តម្លៃ​ស្វាយ​ឡើងថ្លៃ​ជាង​ពេល​ណា​ៗ​ទាំងអស់​។​តាម​បទ​ពិសោធន៍​កន្លង​មក​នៅ​ខែវិច្ឆិកា​ស្វាយ​មាន​តម្លៃ​តែ​៩០០​រៀល តែ​នៅ​ឆ្នាំ​នេះ​តម្លៃ​ឡើង​ដល់​១.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

លោក អ៊ិ​ន ឆៃ​វ៉ា​ន បាន​បន្ត​ថា «​ស្វាយកែវ​រមៀត​យើង​ឆ្នាំ​នេះ​មានការ​ខ្វះខាត​មែនទែន សម្រាប់​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ ហើយ​តម្លៃ​កើនឡើង​មួយ​ទ្វេ​ជា​ពី​។​តាម​រយៈ​បទ​ពិសោធន៍​ជាង​១០​ឆ្នាំ​របស់ខ្ញុំ ស្វាយ​មិន​ដែល​មាន​តម្លៃ ឡើង​ទៅ​ដល់​តម្លៃ​ថ្លែ​បែប​នេះ បើ​ទោះបី​ស្វាយ​ប្រឡាក់​បែប​ណា​ក៏​គេ​ទទួល​ទិញ​ដែរ​»​។

បើ​តាម​ប្រធាន​សមាគម​រូប​នេះ កាល​ឆ្នាំ​២០១៨ កន្លង​ទៅ​គឺ​កម្ពុជា​បាន​នាំ​ចេញ​ស្វាយ​បាន​ជាង​១,៣​ម៉ឺន​តោន ហើយ​សព្វ​ថ្ងៃនេះ​ផ្ទៃដី​ដាំ​ស្វាយ​នៅ​ទូ​ទាំង​ប្រទេស​មាន​ជាង​១០​ម៉ឺន​ហិ​កតា ហើយ​ក្នុង​នោះ​នៅ​ខេត្តកំពង់ស្ពឺ កំពត កែប និង​ខេត្ត​មាន​ផ្ទៃដី​ប្រហែល​៧០%​នៃ​ផ្ទៃដី​សរុប ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ កម្ពុជា បានអោយ​ដឹង​ថា ត្រឹម​រយៈ​១០​ខែ និង​២៥​ថ្ងៃ ការ​នាំ​ចេញ​ស្វាយ​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​បរិមាណ ៤៩.៤៧៨​តោន ទៅ​កាន់​ទេស​ប្រទេស​ចំនួន​៥ គឺ​ថៃ វៀតណាម បារាំង រុ​ស្ស៊ី និង​សិង្ហ​បុរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ