ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្តី​ខ្មែរក្រហម​បើក​សវនាការ​ក្នុង​សំណុំរឿង​០០៣ ទាក់ទង​នឹង​លោក មាស មុត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​សាលាក្តី​ខ្មែរក្រហម​) ចាប់ផ្តើម​សវនាការ​ដែល​មាន​រយៈពេល​បី​ថ្ងៃ​នៅ​ក្នុង​សំណុំរឿង​០០៣ ប្រឆាំង មាស មុត នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​នេះ…

រាជធានី​ភ្នំពេញ ៖ អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​សាលាក្តី​ខ្មែរក្រហម​) ចាប់ផ្តើម​សវនាការ​ដែល​មាន​រយៈពេល​បី​ថ្ងៃ​នៅ​ក្នុង​សំណុំរឿង​០០៣ ប្រឆាំង មាស មុត នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​នេះ ។

ទាក់ទិន​ជា​សវនាការ​ដែល​លោក​នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អ​.​វ​.​ត​.​ក ថ្លែង​ថា សវនាការ​ធ្វើ​ឡើង ដើម្បី​ស្តាប់​នូវ​អំណះអំណាង​ដោយ​ផ្ទាល់មាត់​របស់​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​សំណុំរឿង​០០៣ ដែល​មាន មាស មុត ជា​ជន​ត្រូវ​ចោទ ។ លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា សវនាការ​នៅ​ពេល​នេះ​មិនមែន​ជា​សវនាការ​លើ​អង្គសេចក្តី​ពិនិត្យ​លើ​ភស្តុ​តាង​ឡើយ ប៉ុន្តែ​ជា​សវនាការ​លើ​បណ្តឹងឧទ្ធរណ៍​ក្នុង​សំណុំរឿង​០០៣ ដែល​ភាគី​ពាក់ព័ន្ធ​នានា​បាន​ប្តឹង​ជំទាស់​នឹង​ដីកា​ដំណោះស្រាយ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត ដែល​បាន​ចេញ​នា​ពេល​កន្លង​ទៅ ។ ជា​កិច្ច​ចាប់ផ្តើម​ប្រធាន​អង្គ​ជំនុំជម្រះ​ប្រកាស​បើក​សវនាការ​ជា​សាធារណៈ​បន្ទាប់​មក​មានការ​អាន​របាយការណ៍​នៃ​សំណុំរឿង​នេះ​ជា​សាធារណៈ​ដែល​លើក​ឡើង​នូវ​អង្គហេតុ​ពាក់ព័ន្ធ​នានា និង​ប្រវត្តិ​នីតិវិធី​នៃ​សំណុំរឿង​០០៣ ព្រមទាំង​សេចក្តី​លម្អិត​នៃ​បណ្តឹងឧទ្ធរណ៍​នានា​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ ។

របាយការណ៍​នេះ​ត្រូវ​បាន​ចេញ​ក្នុង​នាម​អង្គ​បុ​រេ​ជំនុំជម្រះ​ទាំងមូល និង​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សំណុំរឿង ។ សាធារណជន​ជាង​៥០០​នាក់​បាន​ចូលរួម​ស្តាប់​សវនាការ​ដែល​បើក​ជា​សា​ធារ ណៈ​ដោយ​ផ្ទាល់ ។ សវនាការ​នេះ​បាន​ធ្វើ​ឡើងជា​សាធារណៈ​នៅ​ពេល​ដែល​ចាប់ផ្តើម​ឧទ្ទេសនាម​ភាគី​នៅ​ក្នុង​សំណុំរឿង​ជូន​អង្គ​ជំនុំជម្រះ​នៅ​ពេល​ដែល​អង្គ​ជំនុំជម្រះ​អាន​សេចក្តីរាយការណ៍​អំពី​សំណុំរឿង​នេះ និង​នៅ​ពេល​ចៅក្រម​សួរ​សំនួរ​ផ្សេង​ៗ​ទៅ​កាន់​ភាគី ។ ក្រៅពី​នេះ អង្គ​បុ​រេ​ជំនុំជម្រះ​នឹង​ស្តាប់​ទឡ្ហីករណ៍​ពី​ភាគី​នៅ​ក្នុង​សំណុំរឿង​នៅ​ក្នុង​សវនាការ​សម្ងាត់​វិញ ។

លោក​នេត្រ ភក្ត្រា​បាន​បន្ត​ថា សវនាការ​នឹង​បន្ត​ដំណើរការ​នៅ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ តទៅ​ទៀត អនុលោម​ទៅ​តាម​ដីកា​កំណត់​កាលវិភាគ​សម្រាប់​សវនាការ​ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ ។ ជាមួយ​គ្នា​នេះ​លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​បាន​លើក​ឡើង​ថា កាលដែល​នាំ​ឱ្យ​មានការ​បើក​សវនាការ​ស្តាប់​ទឡ្ហីករណ៍​ក្នុង​សំណុំរឿង​០០៣​នេះ គឺ​ដោយសារ​តែ​អង្គ​បុ​រេ​ជំនុំជម្រះ​នៃ អ​.​វ​.​ត​.​ក បាន​ទទួល​បណ្តឹងឧទ្ធរណ៍​ដាក់​ដោយ​សហ​ព្រះរាជ​អាជ្ញាធរ​ជាតិ នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៩ បណ្តឹងឧទ្ធរណ៍​ដាក់​ដោយ​សហ​មេធាវី​ការពារ​ក្តី​ឱ្យ មាស មុត នៅ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៩ ប្រឆាំង​នឹង​ដីកា​ដំណោះស្រាយ​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​សំណុំរឿង​០០៣ ដែល​បាន​ចោទប្រកាន់ មាស មុត និង​បណ្តឹងឧទ្ធរណ៍​ដាក់​ដោយ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៩ ប្រឆាំង​នឹង​ដីកា​លើកលែង​ចោទប្រកាន់​លើ​មាស មុត ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​សំណុំរឿង​០០៣ ។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា អង្គ​បុ​រេ​ជំនុំជម្រះ​បាន​ព្យាករ​ថា នឹង​អាច​ចេញ​សាលដីកា​លើ​បណ្តឹងឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​ដំណោះស្រាយ​ក្នុង​សំណុំរឿង​០០៣ នេះ​នៅ​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២០​ខាង​មុខ​ថា តើ​សំណុំរឿង​នេះ​ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ ឬ​ការ​ទម្លាក់​ចោល គឺ​អាស្រ័យ​លើ​ការ​សម្រេច​របស់​ចៅ​ក្រុម​នៃ​អង្គ​បុ​រេ​ជំនុំជម្រះ​ដែល​មាន​ចៅក្រម​ជាតិ ៣​រូប និង​ចៅក្រម​អន្តរជាតិ​ចំនួន​២​រូប ៕ កែម​សម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ