រាជធានីភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាបានបើកសម័យប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបីជាឯកច្ឆន្ទ ។ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោម អធីបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភានឹងមានការចូលរួមពីសមាជិក រដ្ឋសភា សរុបចំនួន១០៨ រូប នៃចំនួនសមាជិកសភាទាំងអស់ ។
សម័យប្រជុំរដ្ឋសភាបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ គឺសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ។ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨ និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩នៃច្បាប់ស្តីពីសហជីពដែលត្រូវបានប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ។
ជាការកត់សម្គាល់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ និងចលនការនៃការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីពង្រឹងប្រព័ន្ធផ្ទៃក្នុងកម្ពុជាសំដៅពង្រឹងភាពជាម្ចាស់ទៅថ្ងៃអនាគត ។ សេចក្តីព្រាងច្បាប់នេះនឹងធ្វើឲ្យសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រទាំង៤ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង២០៥០ ។
ថវិកាឆ្នាំ២០២០ បន្តផ្តោតការយកចិត្តដាក់លើវិស័យអាទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ។ ជាមួយគ្នានេះ កម្ពុជាត្រូវបន្តខិតខំរក្សាឲ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយបរិយាបន្នក្នុងអត្រាប្រមាណក្នុងរង្វង់៧%ក្នុងមួយឆ្នាំ ។ បង្កើតឱកាសរកប្រាក់ចំណូលឲ្យកាន់ប្រសើរជាងមុន ជូនពលរដ្ឋការបង្កើតការងារប្រកបដោយគុណភាពសម្រាប់ស្រទាប់យុវជន និងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលចេះតែកើនឡើងជាលំដាប់នូវសេវាសាធារណៈសំខាន់ៗ ប្រកបដោយគុណភាពដូចជា សេវាអប់រំ សុខាភិបាល យុត្តិធម៌ និងសេវាមូលដ្ឋានចំបាច់ផ្សេងទៀតរួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត របបសន្តិសុខសង្គម ការធានាសុវត្ថិភាព ចំណូល ពិសេសសម្រាប់ប្រជាជនងាយគ្រោះ និងការកាត់បន្ថយគម្លាតនៃការរីកចម្រើនរវាងទីក្រុង និងជនបទ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ